(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ បានបើកប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ជាបន្ដបន្ទាប់ ក្នុងនោះ៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និង២នាក់ផ្សេងទៀត ពាក់ព័ន្ធបទល្មើសឆក់កាបូបជនជាតិចិន នៅភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ។
របាយការណ៍របស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា នៅថ្ងៃទី៣០ ខែកញ្ញា កម្លាំងអធិការដ្ឋានគរបាលក្រុង បានចុះបង្រ្កាបករណីគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ ស្ថិតនៅក្រុម៣៣ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយជនសង្ស័យឈ្មោះ ចាំង វ៉ាង់តាវ អាយុ៥០ឆ្នាំ។ ដកហូតបានម្សៅក្រាមពណ៍សថ្លា៧កញ្ចប់ និងទូរស័ព្ទមួយគ្រឿង។
បន្ទាប់ពីបានចម្លើយជនសង្ស័យខាងលើ កម្លាំងជំនាញក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ទៀត ដោយជនសង្ស័យទី១៖ឈ្មោះ សុខ លី អាយុ៥០ឆ្នាំ និងជនសង្ស័យទី២៖ឈ្មោះ ដាំ គីមដែប ភេទស្រី អាយុ៥០ឆ្នាំ និងដកហូតបានម្សៅក្រាមពណ៍សថ្លា២កញ្ចប់ ទូរស័ព្ទ០១គ្រឿង។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ក៏បានឲ្យដឹងដែរថា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចកែងភ្លើងស្តុបអូរ១ ស្ថិតនៅភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ មានករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបជនជាតិចិន) មួយកើតឡើង ដែលបង្កឡើងដោយជនសង្ស័យ០២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ០១គ្រឿង មិនស្គាល់ម៉ាក ពណ៌ខ្មៅ បានធ្វើសកម្មភាព ឆក់កាបូបរបស់ជនជាតិចិន ដែលកំពុងដើរឆ្លងផ្លូវរួចជិះរត់គេចខ្លួន។
ភ្លាមនោះកម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលក្រុង កម្លាំងប៉ុស្តិ៍នគរបាលសង្កាត់២ កម្លាំងប៉ុស្តិ៍នគរបាលសង្កាត់១ បានដេញប្រផាត់ចាប់ប្រភីង ស្ទាក់ចាប់បានជនសង្ស័យនៅមុខរោងចក្រស្រាបៀអង្គរ។ ជនសង្ស័យទី១៖ឈ្មោះ ចាប បញ្ញា ហៅញា អាយុ១៩ឆ្នាំ និងទី២៖ឈ្មោះ ញេប រ៉ាវ័ន្ត ហៅពុយ អាយុ១៦ឆ្នាំ។
ក្នុងនោះ កម្លាំងជំនាញដកហូតបាន កាបូបស្ពាយចំហៀង០១ពណ៌ទឹកប្រាក់ (ផលនៃអំពើទុច្ចរិត), ទូរស័ព្ទដៃ០១គ្រឿង ម៉ាកVIVO ពណ៌ខ្មៅ (ផលនៃអំពើទុច្ចរិត), កូនសោរ០១ (ផលនៃអំពើទុច្ចរិត) និងម៉ូតូ០១គ្រឿង ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ស្លាកលេខព្រះសីហនុ1D-1519 ដែលជាមធ្យោបាយធ្វើសកម្មភាព។ ចំពោះជនសង្ស័យខាងលើ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ៕