(កំពង់ធំ)៖ ក្រុមហ៊ុនខេមហ្វូន បានរៀបចំកម្មវិធីសប្បុរសធម៌ ចែកជូនថវិកាមួយចំនួន និងសម្ភារៈសិក្សា ជូនដល់ គណៈគ្រប់គ្រង និងលោកគ្រូ/អ្នកគ្រូ ចំនួន៧នាក់ ព្រមទាំងសិស្សានុសិស្ស នៃសាលារៀនពោធិ៍ខ្ទម្ព ចំនួន២០០នាក់ នៅឃុំឈូកខ្សាច់ ស្រុកបារាយ៍ ខេត្តកំពង់ធំ កាលពីចុងខែតុលានេះ ។
ក្នុងឱកាសនោះ អគ្គនាយកក្រុមហ៊ុន ខេមហ្វូន និងបុគ្គលិក ក៏បានប្រគេនចង្ហាន់ និងទេយ្យទានដល់ព្រះសង្ឃ ដែលគង់ក្នុងវត្តពោធិស្តេចផ្ទុំ នៅភូមិពោធិ៍ខ្ទម្ពនេះផងដែរ ។
ក្រុមហ៊ុន ក៏បានទទួលរាក់ទាក់យ៉ាងកក់ក្តៅ ពីសំណាក់ គណៈគ្រប់គ្រង និងលោកគ្រូ/អ្នកគ្រូ សិស្សានុសិស្សនៃសាលារៀនពោធិ៍ខ្ទម្ព ដែលនេះអាចនិយាយបានថា ជាប្រវត្តិសាស្រ្ត ដែលសាលារៀននេះ បានទទួលនូវកម្មវិធីសប្បុរសធម៌បែបនេះ ។
ទន្ទឹមនឹងនោះ លោកស្រីនាយិការ នៃសាលាពោធិខ្ទម្ព ក៏បានសម្ដែងនូវការសប្បាយចិត្ដយ៉ាងខ្លាំង ពេលឃើញវត្ដមាន របស់អគ្គនាយក្រុមហ៊ុន និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ របស់ក្រុមហ៊ុនខេមហ្វូន បានយកចិត្តទុកដាក់ជួយដល់ប្អូនៗសិស្សានុសិស្ស ដែលខ្វះខាតក្នុងជីវភាព ឲ្យបានចូលសិក្សារៀនសូត្រដូចគេ ។
ក្នុងជំនួយសប្បុរសធម៌នោះផងដែរ គឺលោកស្រីនាយិកា ទទួលបានទូរស័ព្ទ CamFone Honey Y1មួយគ្រឿង ថវិកាដប់ម៉ឺនរៀល លោកគ្រូ/អ្នកគ្រូ ទទួលបាន ទូរស័ព្ទ CamFone Parent L1មួយគ្រឿង ថវិកាបួនម៉ឺនរៀល សិស្សានុសិស្សនៃសាលារៀនពោធិ៍ខ្ទម្ព ទទួលបានសម្ភារៈសិក្សា អាវយឺត អាវភ្លៀង ឆ័ត្រ កាកាបស្ពាយ ថវិកាប្រាំពាន់រៀល និង សម្ភារៈផ្សេងៗជាច្រើនទៀត ។
ព្រមជាមួយគ្នានោះ អគ្គនាយកក្រុមហ៊ុនខេមហ្វូន លោក ហេង ផេង ក៏បានសំដែងនូវក្តីរីករាយក្រៃលែង ចំពោះកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈគ្រប់គ្រង និងលោកគ្រូ/អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សនៃសាលារៀនពោធិ៍ខ្ទម្ព ដែលបានអនុញ្ញាតឲ្យក្រុមហ៊ុនខេមហ្វូន រៀបចំកម្មវិធីសប្បុរសធម៌នេះឡើង។
លោកបានបន្ដថា «ដើម្បីចូលរួមចំណែកជួយអភិវឌ្ឍន៍សង្គមរបស់យើង ក្រុមហ៊ុនខេមហ្វូនបានប្តេជ្ញា និងកំណត់ផែនការ ធ្វើកម្មវិធីសប្បុរសធម៌ខេមហ្វូន ឲ្យបានយ៉ាងហោចណាស់ ១ឆ្នាំម្តង។ ឈរលើផែនការយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនហ្វូន និងកំលាំងសាមគ្គីយ៉ាងរឹងមាំប្រកបដោយសក្តានុពល របស់បុគ្គលិកគ្រប់លំដាប់ថ្នាក់របស់យើង យើងជឿជាក់ថា ក្រុមហ៊ុន នឹងបន្តភាពរីកចំរើន និងឈានមុខគេលើទីផ្សារទូរស័ព្ទដៃ នៅកម្ពុជា ទាំងក្នុងពេលបច្ចុប្បន្ន និងនាពេលអនាគត់។
នៅពេលនោះហើយ ដែលក្រុមហ៊ុន នឹងពង្រីកកម្មវិធីសប្បុរសធម៌ខេមហ្វូនរបស់យើង ឲ្យកាន់តែធំ និងបានល្អប្រសើរជាងនេះ គោលដៅដើម្បីចូលរួមលើកកម្ពស់ ការអភិវឌ្ឍន៍សង្គមជាតិរបស់យើង ឲ្យកាន់តែខ្លាំងឡើងថែមទៀត។
លោកនាយក ក៏បានលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់រៀនសូត្រ ដើម្បីក្លាយខ្លួនជា សិស្សល្អ កូនល្អ ពលរដ្ឋល្អ និងជាទំពាំងស្នងឬស្សី ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិរបស់យើង ឲ្យកាន់តែរីកចំរើននាពេលអនាគត ៕