(កំពង់ធំ)៖ នៅនៅរសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ ដោយទទួលបានព័ត៌មានពីស្ថានភាពជីវភាពលំបាកខ្វះខាតរបស់ប្រជាពលរដ្ឋ ពីមេបញ្ជាការផ្នែកសឹករងប្រសាទសំបូរ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរភូមិ ចុះជួបសំណេះសំណាល និងស្វែងយល់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឈ្មោះ ប៉ាង សុខ អាយុ៤៩ឆ្នាំ មានទីលំនៅ ភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
បុរសពោះម៉ាយឈ្មោះ ប៉ាង សុខ មានជម្ងឺក្រិនថ្លើមអស់រយៈពេល៥ឆ្នាំហើយ ដោយសារបញ្ហាជម្ងឺរាំរ៉ៃនេះបានត្រូវភរិយា និងកូនជាទីស្រឡាញ់បោះបង់គាត់ចោល។ បច្ចុប្បន្នគាត់ រស់នៅក្នុងខ្ទមកំសត់តូចចង្អៀតធ្លុះធ្លាយនេះតែម្នាក់ឯង។ ចំពោះអាហារបរិភោគប្រចាំថ្ងៃពេលខ្លះដាច់ពេល តែត្រូវបានញាតមិត្តជិតខាងជាអ្នកជួយតាមលទ្ធភាពដែលគេ អាចជួយបាន។ ដោយអស់សង្ឃឹមក្នុងជីវិត ដែលមិនអាចព្យាបាលជំងឺឱ្យជាសះស្បើយបាន គាត់ចេះតែដាំថ្នាំឬសឈើផ្សេងៗ ដើម្បីបរិភោគកំដរជីវិតចុងក្រោយរបស់គាត់។
ក្នុងឱកាសសំណេះសំណាលសាកសួរសុខទុក្ខ និងលើកទឹកចិត្តគាត់នៅពេលនេះ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន និងក្រុមការងារនៃបញ្ជាការដ្ឋានតំបន់ប្រន់ប្រតិបត្តិការសឹករងកំពង់ធំ បានពាំនាំនូវអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន តាមរយ:លោក ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកទៅផ្តល់ជូនគាត់មាន៖ អង្ករចំនួន៥០ គីឡូក្រាម , មីយើងចំនួន ០២ កេស , ទឹកត្រីទឹកស៊ីអ៊ីវចំនួន ០២ យួរ , ត្រីខកំប៉ុង ០១ យួរ , ទឹកស្អាតសម្រាប់បរិភោគ និងថវិកាចំនួន ១០០,០០០ រៀល ៕