(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ បានបើកកិច្ចប្រជុំការងារអធិការកិច្ច កិច្ចការរដ្ឋបាល នគរបាល និងពន្ធនាគារខេត្តកំពង់ធំ ពិធីនេះដែរធ្វើឡើងក្រោមអធិបតីភាព លោក រស់ វរុណ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ, លោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ រួមទាំងមានការចូលរួមពីអាជ្ញាធរ ភូមិ-ឃុំ និងកម្លាំងនគរបាលគ្រប់អង្គភាពចូលរួមប្រមាណ៣០០នាក់ផងដែរ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។
ថ្លែងក្នុងឱកាសនោះលោក រស់ វរុណ បានលើកឡើងថា ការងារអធិការកិច្ច ជាការងារដែលលំបាកស្មុគស្មាញ ដែលទាមទារឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្រសួង ស្ថាប័ន ត្រូវមានសមត្ថភាព និងជំនាញច្បាស់លាស់ ក្នុងកិច្ចការបច្ចេកទេសអធិការកិច្ច និងសមត្ថភាពច្បាប់ ព្រមទាំងមានសីលធម៌ស្អាតស្អំ។ លោកបានបន្ថែមទៀតថា កន្លងមកនេះ ក្រសួងបានចុះធ្វើអធិការកិច្ច និងអង្កេតស្រាវជ្រាវដើម្បីទប់ស្កាត់ការរំលោភដោយអំណាច និងរួមចំណែកប្រឆាំងអំពើពុករលួយ។
លោកក៏បានបញ្ជាក់ទៀតថា ក្រសួងបានអង្កេតស្រាវជ្រាវ នៅតាមអង្គភាពថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិ ចំណុះក្រសួងមហាផ្ទៃ ដោយបានរកឃើញចំណុចខ្វះខាត និងភាពអសកម្មមួយចំនួន និងបានធ្វើការកែតម្រូវ ដោយបានធ្វើសេចក្តីណែនាំ ជាលិខិតបទដ្ឋានគតិយុត្តិជាច្រើន ជូនដល់បណ្តាអង្គភាព ដែលមានបញ្ហាឱ្យកែលម្អនូវរាល់ចំណុចខ្វះខាតទាំងឡាយ ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ ជម្រុញប្រសិទ្ធភាព ផលិតភាព និងគុណភាពសេវាសាធារណៈ ដើម្បីបម្រើប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។
លោក សុខ លូ បានថ្លែងអំណរគុណដល់ប្រតិភូរក្រុមការងារអធិការកិច្ចរបស់ក្រសួងមហាផ្ទៃ ដែលបានមកធ្វើអធិការកិច្ច កិច្ចការរដ្ឋបាល នគរបាល និងពន្ធនាគារខេត្ត ក្នុងទឹកដីខេត្តកំពង់ធំ។ ពិតណាស់កន្លងមក ថ្នាក់ដឹកនាំមន្ទីរអង្គភាព និងមន្ត្រីជំនាញពាក់ព័ន្ធ បានខិតខំអនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួន ទទួលបានលទ្ធផលល្អប្រសើរ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការអនុវត្តនូវភារកិច្ចទាំងនេះ មិនអាចល្អឥតខ្ចោះនោះទេ តែងតែមានភាពខ្វះចន្លោះដោយប្រការណាមួយដោយអចេតនា ដោយកំហុសបច្ចេកទេស ឬដោយសារកម្រិតយល់ដឹង អំពីការអនុវត្តគោលនយោបាយ ច្បាប់ លិខិតបទដ្ឋានគតិយុត្តិនានាដែលថ្នាក់លើបានដាក់ចុះ។
លោកបន្ថែមទៀតថា តាមរយៈការធ្វើអធិការកិច្ចព្រឹកនេះ គឺជាកញ្ចក់សម្រាប់ឆ្លុះបញ្ចំាងឲ្យឃើញនូវចំណុចខ្លំាង បញ្ហាប្រឈមនានា ដែលយើងបានជួបប្រទះ ហើយដែលក្រុមការងារបានរកឃើញ និងផ្តល់នូវអនុសាសន៍ជាមូលដ្ឋានសម្រាប់កែលម្អឡើងវិញ ដែលជាការរួមចំណែកលើកកម្ពស់នូវការអនុវត្តតួនាទី ភារកិច្ចកាន់តែមានប្រសិទ្ធភាព៕