(ភ្នំពេញ)៖ ស្របពេលដែលប្រទេសកម្ពុជា កំពុងតែមានការពុះកញ្ច្រោលយ៉ាងខ្លាំង ចំពោះការពុះដីឡូដិ៍លក់ ដែលមានទីតាំងជាយៗក្រុងមិនថានៅភ្នំពេញ ឬតាមបណ្តាខេត្ត, លោកបណ្ឌិត គឹម ហ៊ាង ប្រធានសមាគមវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងថា ការអភិវឌ្ឍដីពុះឡូដិ៍ នៅក្នុងប្រទេសកម្ពុជា ជិតឈានដល់ដំណាក់កាល ជំងឺមហារីក។
ការលើកឡើងរបស់លោកបណ្ឌិត គឹម ហ៊ាង បានធ្វើឡើងក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» ដែលជាកម្មវិធីថ្មី របស់ទូរទស្សន៍ Fresh News ដែលផ្សាយនៅថ្ងៃច័ន្ទ ទី០១ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង២រសៀល និង៩យប់។
ក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» ដែលជាកម្មវិធីថ្មី របស់ទូរទស្សន៍ Fresh News នេះ លោក ប៉ា ជេដ្ឋា និពន្ធនាយករង Fresh News ទទួលបន្ទុកព័ត៌មានសេដ្ឋកិច្ច បានសួរទៅលោកបណ្ឌិត គឹម ហ៊ាង ថា តើស្ថានភាពដីឡូតិ៍ នៅក្នុងស្រុកខ្មែរ មានលក្ខណៈបែបណា បានជារាជរដ្ឋាភិបាលកម្ពុជា ចេញច្បាប់គ្រប់គ្រងការអភិវឌ្ឍន៍ដី?
ឆ្លើយតបនឹងសំនួរនេះ លោកបណ្ឌិត គឹម ហ៊ា បានបញ្ជាក់ថា «បើនិយាយអំពី ការពុះដីឡូដិ៍នៅស្រុកខ្មែរ ហើយនិយាយពីសារាចរណែនាំ ទើបតែបង្កើតថ្មីថ្មោង វាដូចទៅនឹងគោបាត់ហើយ ទើបធ្វើរបង គ្រាន់ថាវាគ្រាន់បើដែរ បាត់ហើយធ្វើរបង កុំឲ្យគោថ្មីមកបាត់ទៀត មានន័យថា ជំងឺដីឡូតិ៍ វាកើតឡើងជាជំងឺមួយ ជិតដល់ដំណាក់កាលមហារីកហើយ ដល់ពេលយើងចេញចរាចរថ្មីថ្មោង នឹងវាអាចទប់ស្កាត់ កុំឲ្យវាលើសពីនឹងទៀត»។
លោកបណ្ឌិត បានលើកឡើងទៀតថា នៅរយៈពេល៣ឆ្នាំ ទៅ៥ឆ្នាំខាងមុខ គឺដីឡូដិ៍វាល្អ ព្រោះត្រង់ថា វាជួយសម្រួលទៅដល់បងប្អូន មានប្រាក់ចំណូលមានកម្រិតមធ្យម ដូចជា អ្នកធ្វើការ បុគ្គលិកក្រុមហ៊ុន អង្គការនានាផ្សេងៗ ដែលមានប្រាក់ខែចំណូលពី៣០០ដុល្លារ ៥០០ដុល្លារ អាចឲ្យពួកគាត់ទិញដី១ឡូតិ៍បាន ក្នុងទំហំ៥ គុណ២០ម៉ែត្រ ហើយពួកគាត់រំពឹងថា ៥ឆ្នាំ ទៅ១០ឆ្នាំក្រោយ គេអាចធ្វើផ្ទះដើម្បីរស់នៅបាន។
ជាមួយគ្នានោះ លោកបណ្ឌិតក៏បានលើកយកហេតុផលមួយបែបផ្សេងទៀតផងដែរ ដោយគាត់បាននិយាយថា ចំពោះប្រជាពលរដ្ឋ គឺមើលឃើញល្អហើយ ប៉ុន្ដែក្នុងផែនការ រយៈពេល១០ ទៅ២០ឆ្នាំក្រោយ ដីឡូដិ៍នឹងធ្វើឲ្យរាជរដ្ឋាភិបាល ពិបាកក្នុងការពង្រីកទីក្រុង អភិវឌ្ឍន៍ទីក្រុងឲ្យទំនើប និងទាន់សម័យ ដោយសារតែជាប់គាំង នឹងដីឡូដិ៍នេះឯង។
ប្រធានសមាគមវាយតម្លៃ បានឲ្យដឹងទៀតថា «អ្វីដែលក្រសួងដែនដី ទើបតែចេញរយៈពេលប៉ុន្មានថ្ងៃមុននេះ ខ្ញុំគិតថា វាជាពេលដែលសមស្រប ហើយរំពឹងថា សារាចរដែលចេញមក នឹងមានប្រសិទ្ធភាព ប៉ុន្ដែខ្ញុំគិតថា មានចំណុចជាច្រើន ដែលចរាចររបស់ក្រសួងចេញមក គឺភាពច្បាស់លាស់ នៅមានកម្រិត»។
ទន្ទឹមគ្នានោះ លោកបណ្ឌិត គឹម ហ៊ា បានបង្ហើបថា លោកបានលឺ អ្នកដែលរកស៊ីដីឡូតិ៍មួយចំនួនរអ៊ូថា ពីដើមអត់មានសារាចរណែនាំចេញមកទេ ការពុះដីឡូតិ៍លក់ ត្រូវបង់ឲ្យអ្នកនេះចេះ អ្នកនោះចុះ និងបង់ឲ្យអ្នកមួយចំនួនទៀត អីចឹងហើយគាត់បារម្ភថា ពេលដែលសារាចរចេញថ្មីទៀត គឺគ្រាន់តែបង្កើនការ ចំណាយរបស់ពួកគាត់។
លោកបណ្ឌិត គឹម ហ៊ាង បានបញ្ជាក់ទៀតថា «នៅពេលដែលមានដីឡូតិ៍ចំណាយច្រើន គាត់នឹងលក់ថ្លៃជាងមុន អីចឹងនរណាគេដែលគ្រប់គ្រងទៅលើការចំណាយ គឺអ្នកទិញ...បើសិនជាមានអង្គភាពកាន់តែច្រើន ទាក់ទងទៅនឹងការងារតែមួយ ថ្លៃដើមនៃការផលិតរបស់គាត់កើនឡើង តម្លៃលក់កើនឡើង ចឹងអ្នកទិញត្រូវបង់ថ្លៃជាងមុន»៕