(ភ្នំពេញ)៖ លោក អ៊ឹម វណ្ណៈ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨នេះ បានចេញដីការបង្គាប់ឱ្យឃុំខ្លួនជនដែលត្រូវចោទឈ្មោះ ប្រាក់ ប៊ុណ្ណា ដែលគេស្គាល់ថា ជាថៅកែលក់រយន្ត ជាប់ជាប់ពាក់ព័ន្ធនឹងករណីរំលោភលើទំនុកចិត្ត (យកលុយចំនួន១២៧៥០០ដុល្លារ) ដាក់ពន្ធនាគារ ដើម្បីរង់ចាំជំនុំជម្រះទោសជាក្រោយ។ នេះជាការបញ្ជាក់របស់មន្រ្តីតុលាការ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨នេះ។
ការសម្រេចរបស់លោកចៅក្រមស៊ើប គឺធ្វើឡើងបន្ទាប់ពីលោក ខាំ សុផារី ព្រះរាជអាជ្ញរង អមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ថៅកែលក់រថយន្តឈ្មោះ ប្រាក់ ប៊ុណ្ណា ពីបទ «រំលោភលើទំនុកចិត្ត» តាមមាត្រា៣៩១, ៣៩២ នៃក្រមព្រហ្មទណ្ឌ។
យោងតាមរបាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា ដើមចម នៃរឿងរ៉ាវនេះបានកើតឡើង កាលពីវេលាម៉ោង៦៖៤០នាទីល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨។ ដោយសារជនសង្ស័យម្នាក់នេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីរំលោភលើទំនុកចិត្ត «យកលុយចំនួន១២៧៥០០ដុល្លារ» ដែលប្រព្រឹត្តកាលពីអំឡុងក្នុងឆ្នាំ២០១៥ នៅការ៉ាស់សាំងសូគីមិច ផ្លូវលេខ១១០ ក្រុមទី៣៣ ភូមិ១០ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ប្រាក់ ប៊ុណ្ណា អាយុ៤៧ឆ្នាំ ទិញ-លក់រថយន្តស្នាក់នៅផ្ទះលេខ៧ ផ្លូវលេខ៥២៨ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ ប្រាក់ ពិសិដ្ឋ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ ស្នាក់នៅផ្ទះលេខ៣០ ផ្លូវបើកថ្មី សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាន បានឲ្យដឹងទៀតថា ជនរងគ្រោះបានប្រគល់ប្រាក់សរុបចំនួន១២៧៥០០ដុល្លារ ឲ្យទៅជនសង្ស័យជាថ្នូរនឹងការដាក់ឡានបញ្ចាំទាំង៩គ្រឿង ប៉ុន្តែលោកថៅកែឡានរូបនេះ មិនបានស៊ីដាច់៕