(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំទូទៅលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨។ សម្រាប់សម្តេចតេជោ វត្តមានរបស់សម្តេចនៅអង្គការសហប្រជាជាតិលើកនេះ គឺជាបេសកកម្មថ្មី ដើម្បីបម្រើជាតិ តាមរយៈការប្រើប្រាស់នយោបាយការទូតនៅលើឆាកអន្តរជាតិ។
សម្តេចតេជោបានចាកចេញពីកម្ពុជា នៅម៉ោង ៨៖០០ព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ តាមរយៈយន្តហោះពិសេសមួយ ហើយ១១ម៉ោង៣០នាទីក្រោយមក ទើបសម្តេច និងគណៈប្រតិភូកម្ពុជា បានហោះទៅដល់អាកាសយាន្តដ្ឋានអន្តរជាតិហ្វែរប៊ែង រដ្ឋអាឡាស្កា ហើយបានបន្តហោះពីទីក្រុងហ្វែរប៊ែង ទៅកាន់ទីក្រុងញ៉ូវាក រដ្ឋញ៉ូវយេស៉ី ម៉ោងរសៀល៣៖៥០នាទី (ម៉ោងនៅសហរដ្ឋអាមេរិក)។ បន្ទាប់ពីទៅដល់ព្រលានយន្តហោះ សម្តេចត្រូវចំណាយពេលបន្តដំណើរតាមរថយន្ត ឆ្លងកាត់ផ្លូវក្រោមសមុទ្រផងដែរ ដើម្បីឆ្ពោះទៅកាន់សណ្ឋាគារមីលីនៀ ហ៉ីលតុន ទីក្រុងញ៉ូវយក ជាសណ្ឋាគារដែលសម្តេចស្នាក់នៅ៣យប់ ដើម្បីចូលរួមប្រជុំនៅអង្គការសហប្រជាជាតិ។
ខណៈបង្ហាញវត្តមាននៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក សម្តេចតេជោ ហ៊ុន សែន ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីប្រជាពលរដ្ឋខ្មែរជាច្រើនដែលមកពីបណ្តារដ្ឋមួយចំនួន ក្នុងនោះក៏មានបងប្អូនខ្មែរមកពីប្រទេសកាណាដាផងដែរ។ ការចេញទៅទទួលស្វាគមន៍សម្តេចតេជោ ហ៊ុន សែន យ៉ាងសស្រាក់សស្រាំនេះ បានបន្សាបទាំងស្រុងនូវព័ត៌មានភូតកុហកថា នឹងមានបាតុកម្មទ្រុងទ្រាយធំប្រឆាំងវត្តមានសម្តេចតេជោ ហ៊ុន សែន នៅទីក្រុងញូវយ៉ក។ មួយវិញទៀត លោក សម រង្ស៊ី មេចលនាប្រឆាំង ដែលប្រកូកប្រកាសដឹកនាំធ្វើបាតុកម្មនោះ ក៏បានប្រកាសលុបចោលគម្រោងបាតុកម្មរបស់ខ្លួនវិញផងដែរ ដោយមិនបញ្ជាក់អំពីមូលហេតុ ពោលគឺលុបចោលប៉ុន្មានម៉ោង មុនពេលសម្តេចតេជោ ទៅដល់ទីក្រុងញូវយ៉ក។
ថ្ងៃទី១ (២៧កញ្ញា) គឺជាព្រឹត្តិការណ៍គួរឱ្យចាប់អារម្មណ៍គួរសម ប៉ុន្តែថ្ងៃទី២៨ កញ្ញា ជាថ្ងៃទី២ នៃវត្តមានសម្តេចនៅញូវយ៉ក ក៏រឹតតែធ្វើឱ្យគ្រប់គ្នាចាប់អារម្មណ៍ថែមទៀត។ ក្នុងថ្ងៃទី២នេះសម្តេចតេជោ ហ៊ុន សែន បានជួបបុគ្គលសំខាន់ៗមួយចំនួន មុនពេលចូលប្រជុំនៅបុរីញូវយ៉ក។ បុគ្គលទី១ ដែលសម្តេចជួបនោះ គឺតំណាងមូលនិធិ GE Global Growth ដោយពិសារអាហាររួមគ្នា នៅសណ្ឋាគារលំដាប់ផ្កាយ៥ មីលីនៀ ហ៉ីលតុន ហើយបន្ទាប់ពីនោះ មូលនិធិនេះ ក៏បានចុះហត្ថលេខាជាមួយកម្ពុជា ដើម្បីបង្កើនការជួយជាបន្តទៀតដល់ប្រទេសកម្ពុជាថែមទៀត ជាពិសេសលើការបណ្តុះបណ្តាល និងការកសាងសមត្ថភាពធនធានមនុស្សលើបច្ចេកទេសនៃការវះកាត់ប្រកបដោយសុវត្តិភាព។
បន្ទាប់ពីជំនួបនេះ ក្នុងព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ (ម៉ោងនៅសហរដ្ឋអាមេរិក) ដដែលនោះ សម្តេចតេជោ ហ៊ុន សែន បានបន្តជួប លោក អាឡេកសាន់ដឺ ហ្វេលមេន (Alexander Feldman) ប្រធាន និងជានាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន។ ក្នុងជំនួបនោះ ភាគីទាំងពីរបានបង្ហាញបំណង និងទស្សនៈទានដូចគ្នាចង់ឃើញទំនាក់ទំនងរវាងកម្ពុជានិងអាមេរិក កាន់តែល្អប្រសើរ ដើម្បីពង្រីកសក្តានុពលពាណិជ្ជកម្ម និងវិនិយោគ។ នៅក្នុងជំនួបនោះផងដែរ សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតបានរំលឹកប្រាប់សហរដ្ឋអាមេរិកវិញថា បើសិនជាអាមេរិកបើកទិដ្ឋការជូនដល់មន្រ្តីកម្ពុជាដូចដើមឡើងវិញនោះ ការបន្តរុករកអដ្ឋិធាតុទាហានអាមេរិកដែលបាត់ខ្លួននៅកម្ពុជាសម័យសង្រ្គាម នឹងបន្តឡើងវិញដូចការអនុវត្តកន្លងមកផងដែរ។
ក្រោយបញ្ចប់ជំនួបនេះ សម្តេចតេជោ បានអញ្ជើញចេញដំណើរពីសណ្ឋាគារមីលីនៀម ហ៊ីលតុន ឆ្ពោះទៅកាន់ទីស្នាក់ការអង្គការសហប្រជាជាតិ (អ.ស.ប)។ សម្តេចបានឆ្លៀតមានជំនួបទ្វេភាគីជាមួយ លោកខាតហ្គា ប្រាសាដ សាម៉ា អូលី (Khadga Prasad Shama Oll) នាយករដ្ឋមន្ដ្រីនេប៉ាល់ និងមានជំនួបទ្វេភាគីជាមួយ លោក ប៊ូយ បូរីសូវ (Boyko Borissov) នាយករដ្ឋមន្ដ្រីប៊ុលហ្គាលរីផងដែរ។
ក្នុងជំនួបទ្វេភាគីជាមួយ នាយករដ្ឋមន្រ្តីនេប៉ាល់ ភាគីទាំងពីរកម្ពុជា-នេប៉ាល់ ឯកភាពគ្នាចុះកិច្ចព្រមព្រៀង និងអនុស្សារណៈយោគយល់គ្នាជាច្រើនរវាងកម្ពុជា និងនេប៉ាល់ នៅចុងឆ្នាំ២០១៨នេះ។ សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីនេប៉ាល់ បានស្នើឲ្យរដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសទាំងពីរ ពិភាក្សាគ្នារៀបចំកម្មវិធីនៃដំណើរទស្សនកិច្ចរបស់សម្តេច ទៅកាន់ប្រទេសនេប៉ាល់ ដែលគ្រោងធ្វើឡើងនៅចុងខែវិច្ឆិកា ឬដើមខែធ្នូ ជាដើម។
ដោយឡែកជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្ដ្រីប៊ុលហ្គាលរីវិញនោះ សម្តេចតេជោ ហ៊ុន សែន បានប្រាប់ថា កម្ពុជានឹងរៀបចំបើកស្ថានទូតនៅប៊ុកហ្ការីឡើងវិញ បន្ទាប់ពីបិទ១រយៈដោយសារស្ថានភាពនយោបាយនៅក្នុងប្រទេសមួយនេះ។ ប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរក៏បានឯកភាពគ្នា ក្នុងការបន្តពង្រឹងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរឲ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត ទាំងក្នុងវិស័យសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍។ សម្តេចតេជោ ហ៊ុន សែន បានក៏បានប្រាប់ទៅ លោក Boyko Borissov ថា កម្ពុជាគ្រោងធ្វើជាម្ចាស់នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបនៅឆ្នាំ២០២០ខាងមុខផងដែរ។
រហូតដល់ពេលរសៀល ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨នេះ ម៉ោងនៅសហរដ្ឋអាមេរិក ដែលស្មើនឹងវេលាទៀបភ្លឺរបស់កម្ពុជា នៃថ្ងៃទី២៩កញ្ញានោះ សម្តេចតេជោ ហ៊ុន សែន បានចូលរួមក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាត អ.ស.ប លើកទី៧៣ ដោយមានពេលវេលាជិត១ម៉ោង ដើម្បីថ្លែងសុន្ទរកថា។ ក្នុងសុន្ទរកថានោះ សម្តេចបានបកអាក្រាតប្រាប់ពិភពលោកចំៗ អំពីសកម្មភាពទុច្ចរិតរបស់ប្រទេសមហាអំណាចមកលើប្រទេសតូចតាច។ សម្តេចតេជោបានថ្លែងថា ប្រទេសមហាអំណាចមួយចំនួនកំពុងនឹងយក «បញ្ហាសិទ្ធិមនុស្ស» ធ្វើជាខែលបិទបាំងមហិច្ឆតាពិសពុលរបស់ពួកគេក្នុងការជ្រៀតជ្រែកលើការងារផ្ទៃក្នុងរបស់ប្រទេសដទៃ។ សម្តេចតេជោ ហ៊ុន សែន ថែមទាំងបានថ្លែងទៅកាន់អង្គការសហប្រជាជាតិថា ព្រោះតែមហិច្ឆតាជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា មជ្ឈដ្ឋានខាងក្រៅបន្តធ្វើជាមើលមិនឃើញនូវគុណភាព និងសុច្ចរិតភាពនៃការបោះឆ្នោតនៅកម្ពុជា។ សម្តេចតេជោ បានប្រាប់ថា ការព្យាយាមមិនទទួលស្គាល់លើការបោះឆ្នោតនេះ ជាការប្រមាថដ៏ធ្ងន់ធ្ងរលើឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ។
បន្ទាប់ពីបញ្ចប់ការថ្លែងសុន្ទរកថាហើយនោះ សម្តេចតេជោ ហ៊ុន សែន មានជំនួបទ្វេភាគីជាមួយបុគ្គលសំខាន់មួយរូបនៅអង្គការសហប្រជាជាតិ ដែលជាមិត្តភ័ក្តិរបស់សម្តេចផងដែរនោះគឺ លោក អាន់តូនីញ៉ូ ហ្វូតេវ៉េស (Antonio Guterrees) អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលជាអតីតនាយករដ្ឋមន្ត្រីព័រទុយហ្គាល់។ ក្នុងជំនួបពិសេសនោះ មានសំណើធំចំនួន៣ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ដាក់ទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ។ សំណើទាំង៣នោះរួមមាន៖ ១៖ បញ្ហាការិយាល័យអង្គការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសកម្ពុជា, ២៖ កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអង្គការសហប្រជាជាតិស្តីពីសាលាក្តីខ្មែរក្រហម និងទី៣៖ ការបញ្ជូនកងកម្លាំងរក្សាសន្តិភាព។ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រចបន្តឱ្យការិយាល័យអង្គការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នៅកម្ពុជា រយៈពេលពីរឆ្នាំបន្តទៀតផងដែរ។
ជាការឆ្លើយតបអគ្គលេខាធិការអង្គការសហប្រជាជាតិ បានឯកភាពនូវសំណើទាំង៣របស់សម្តេចតេជោ ហ៊ុន សែន និងបានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេច ដែលបានបន្តអាណត្តិនៃមជ្ឈមណ្ឌលសិទ្ធមនុស្ស អង្គការសហប្រជាជាតិ ប្រចាំកម្ពុជារយៈពេល២ឆ្នាំបន្តទៀត។ សម្រាប់បញ្ហាទី២ និងទី៣ លោកអគ្គលេខាធិការ បានវាយតម្លៃខ្ពស់លើកម្ពុជាថា ពិតជាមានឆន្ទៈពិតប្រាកដក្នុងការជួយដល់អង្គការសហប្រជាជាតិ ពិសេសវត្តមានកងទ័ពមួកខៀវដែលពោរពេញទៅដោយវិន័យ និងមានសមត្ថភាពពេញលេញ ក្នុងសកម្មភាពមនុស្សធម៌ និងថែរក្សាសន្តិភាពក្រោមឆ័ត្ររបស់ អង្គការសហប្រជាជាតិ។
នៅថ្ងៃដដែលនេះដែរ ក្នុងឋានៈកម្ពុជា ជាអនុប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣ កម្ពុជាបានដឹកនាំកិច្ចប្រជុំពេញអង្គនៃកិច្ចពិភាក្សាទូទៅ នៅអង្គការសហប្រជាជាតិ។ កិច្ចប្រជុំនេះដឹកនាំដោយ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។
ដោយឡែកសម្រាប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ត្រូវនឹងថ្ងៃអាទិត្យនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ រស់នៅសហរដ្ឋអាមេរិក និងកាណាដា។ ការជួបសំណេះសំណាលនេះ ធ្វើឡើងនៅ២កន្លែងផ្សេងៗគ្នា ក្នុងនោះមាននៅពេលរសៀល ធ្វើឡើងនៅសណ្ឋាគារអាំងទែរកុងទីណល់តាល់ បាក្លេ (Intercontioental Barclay) និង ពេលយប់នៅសណ្ឋាគារវ៉េស្ទីន ហ្គ្រេន សិនត្រល (Weshtin Grand Central) ដែលនៅក្បែរនឹងសណ្ឋាគារសម្តេចស្នាក់នៅ។
នៅក្នុងជំនួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ រស់នៅសហរដ្ឋអាមេរិក និងកាណាដានោះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជា់ថា សម្ដេចមិនមែនមិនស្ដាប់សំឡេងបក្សប្រឆាំងនោះទេ ប៉ុន្ដែឲ្យសមហេតុសមផល ដែលអាចទទួលយកបានចំពោះកំហុសឆ្គងមួយចំនួន ព្រោះមានមន្ដ្រីខ្លះខិលខូចបំពានអំណាចផងដែរ។ សម្ដេចអះអាងថា ប្រសិនបើការលើកឡើងរបស់សំឡេងប្រឆាំងនោះត្រឹមត្រូវ និងមានហេតុផលច្បាស់លាស់ រាជរដ្ឋាភិបាលនឹងធ្វើការកែតម្រូវភ្លាម ហើយពេលខ្លះក៏ឈានដល់ការដាក់ទោសទណ្ឌដល់មន្ដ្រីមួយចំនួនដូចគ្នាដែរ។ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងទៅកាន់ពលរដ្ឋខ្មែរនៅអាមេរិកដែរថា ការដែលសម្ដេចតវ៉ារឿងអាមេរិកបញ្ជូនពលរដ្ឋខ្មែរអាមេរិក ប្រព្រឹត្តទោសមកកម្ពុជាវិញនោះ ព្រោះមិនចង់ឃើញការព្រាត់ប្រាស់របស់ពលរដ្ឋខ្មែរ ជាក្តីឈឺចាប់មួយ ដែលសម្ដេចធ្លាប់ឆ្លងកាត់រួចហើយនូវការព្រាត់ប្រាស់នេះ។
នៅថ្ងៃអាទិត្យទី៣០ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៧៖០០នាទីព្រឹក សម្តេចតេជោ ហ៊ុន សែន បានញ្ជើញចេញដំណើរតាមរថយន្តពីសណ្ឋាគារមីនីនៀម ហ៊ីលតុន ឆ្លងកាត់ផ្លូវក្រោមសមុទ្រ ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិ ញ៉ូវ៉ាក រដ្ឋញ៉ូវយេស៊ី ហើយម៉ោង០៨៖០០នាទី អញ្ជើញចេញដំណើរពីសហរដ្ឋអាមេរិកវិលត្រឡប់មកកាន់ររាជធានីភ្នំពេញតាមយន្តហោះពិសេស។ សម្តេចត្រូវធ្វើការហោះហើរ ២ដំណាក់ដូចគ្នា គឺទីក្រុងញ៉ូវ៉ាក ទៅទីក្រុងហ្វែរប៉ែង រដ្ឋអាឡាស្កា សហរដ្ឋអាមេរិក (៧ម៉ោង) និងពីទីក្រុងហ្វែរប៉ែង រដ្ឋអាឡាស្កា មករាជធានីភ្នំពេញ (១២ម៉ោង)។
សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានអញ្ជើញត្រឡប់មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅវេលាម៉ោង៣៖៣០នាទី រសៀល ថ្ងៃចន្ទ ទី០១ ខែតុលា ឆ្នាំ២០១៨ (ម៉ោងនៅប្រទេសកម្ពុជា)។
វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន នៅអង្គការសហប្រជាជាតិ ក៏ដូចជានៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក លើកនេះ គឺជាជោគជ័យជាប្រវត្តិសាស្រ្តរបស់កម្ពុជា ដែលបានកែប្រែមុខមាត់កម្ពុជានៅលើឆាកអន្តរជាតិ និងបានធ្វើឱ្យក្រុមប្រឆាំង ដែលតែងតែបំភ្លៃការពិតពីកម្ពុជាប្រាប់ទៅប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសនោះ កាន់តែភ្លឺភ្នែក និងបរាជ័យយ៉ាងអាម៉ាស់។ អ្វីដែលគួរឱ្យកត់សម្គាល់ គឺសម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យពិភពលោកមើលឃើញយ៉ាងច្បាស់នឹងភ្នែកថា កម្ពុជាតូចតែខ្លឹម និងពោរពេញដោយមោទនភាពជាតិ។ សម្តេចតេជោ បានអំពាវនាវ ឱ្យមានការគោរពសិទ្ធិអធិបតេយ្យ នៃប្រជាជាតិទាំងឡាយ ដោយមិនលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយ ទោះតូចតាច ឬក្រក្រីយ៉ាងណាក្តី។ មិនតែប៉ុណ្ណោះ ក្នុងនាមមេដឹកនាំប្រទេសអធិបតេយ្យមួយ ដែលទទួលបានតំណែងអនុប្រធានកិច្ចប្រជុំទូទៅលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ឆ្នាំ២០១៨-២០១៩ សម្តេចតេជោ ថែមទាំងស្នើសុំឱ្យមានការគោរពច្បាប់អន្តរជាតិ និងគោរពគោលការណ៍ពហុនិយម ដែលមានអង្គការសហប្រជាជាតិជាអ្នកសម្របសម្រួល ដើម្បីពិភពលោកមួយពោរពេញដោយសន្តិភាពនិងការអភិវឌ្ឍន៍៕