(ភ្នំពេញ)៖ វិទ្យាស្ថានសិក្សាដើម្បីជោគជ័យ បានរៀបចំកម្មវិធីបណ្តុះបណ្តាលសម្រាប់ការសិក្សា និងការងារ ដល់និស្សិតឆ្នាំទី១របស់ខ្លួន ដើម្បីត្រៀមខ្លួនទទួលបានការងារធ្វើក្រោយការបណ្តុះបណ្តាលរយៈពេល៣ខែ។ ការបណ្តុះបណ្តាលនោះ គឺផ្តោតទៅលើជំនាញភាសាអង់គ្លេស កុំព្យូទ័រ និងការណ្តុះបណ្តាលជំនាញ Soft Skills សម្រាប់ការធ្វើការងារ ដែលធ្វើការបណ្តុះបណ្តាលដោយឥតគិតថ្លៃ។
កម្មវិធីបើកការបណ្តុះបណ្តាលនេះ ធ្វើឡើងនៅព្រឹកថ្ងៃ១ ខែតុលា ឆ្នាំ២០១៨ ដោយមានការចូលរួមជាអធិបតីពីលោកបណ្ឌិត ឃីម សុខហេង ស្ថាបនិកវិទ្យាស្ថានសិក្សាដើម្បីជោគជ័យ លោក កឹម អឿន នាយកប្រតិបត្តិនៃវិទ្យាស្ថានសិក្សាដើម្បីជោគជ័យ និងលោកបណ្ឌិតសុត វ៉ាន់ធុច ព្រឹទ្ធបុរសនៃមហាវិទ្យាល័យគ្រប់គ្រងអាជីវកម្មខ្នាតតូច និងមធ្យមនៃវិទ្យាស្ថានសិក្សាដើម្បីជោគជ័យ រួមទាំងនិស្សិតជាច្រើនរូបផងដែរ។
លោក កឹម អឿន បានឱ្យដឹងថា កម្មវិធីបណ្តុះបណ្តាលនេះ គឺដើម្បីឱ្យនិស្សិតទទួលបានពុទ្ធិសម្រាប់ជីវិតក្នុងមហាវិទ្យាល័យ និងការពង្រឹងសមត្ថភាពរបស់និស្សិត ក្នុងជីវិតការងារដ៏ខ្លីខាងមុខក្រោយការបណ្តុះបណ្តាលព្រោះថា ជំនាញ Soft Skills គឺជាដើមទុនដ៏ធំមួយដែលងាយក្នុងការបណ្តុះបណ្តាល និងហាត់ពត់ពួកគេឱ្យទៅជាបុគ្គលិក ល្អរបស់ក្រុមហ៊ុន។ បន្ថែមពីនេះ លោកនាយកវិទ្យាស្ថាន បានសង្កត់ធ្ងន់ថា ទស្សនៈវិស័យរបស់វិទ្យាស្ថានសិក្សាដើម្បីជោគជ័យគឺនឹងធ្វើឱ្យមនុស្សរស់នៅពីលើលុយ និងរស់នៅពីលើចិត្ត។
លោកបណ្ឌិត សុត វ៉ាន់ធុច រឹទ្ធបុរសនៃមហាវិទ្យាល័យគ្រប់គ្រងអាជីវកម្មខ្នាតតូច និងមធ្យមនៃវិទ្យាស្ថានសិក្សាដើម្បីជោគជ័យ ក៏បានថ្លែងដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការបណ្តុះបណ្តាលលើជំនាញគ្រប់គ្រងអាជីវកម្មតូច និងមធ្យមដែលនឹងនាំឱ្យនិស្សិតទាំងអស់ក្លាយជាម្ចាស់អាជីវកម្ម ឬជាសហគ្រិនវ័យក្មេងនាពេលអនាគត ហើយជំនាញនេះនឹងនាំឱ្យនិស្សិតមានឯកភាពហិរញ្ញវត្ថុ ប៉ុន្តែមុននឹងឈានដល់ចំណុចជោគជ័យទាំងនេះ និស្សិតទាំងអស់ ត្រូវឆ្លងកាត់ការបណ្តុះបណ្តាលរយៈពេល៤ឆ្នាំ ដោយពិតប្រាកដលើជំនាញគ្រប់គ្រងអាជីវកម្មខ្នាតតូច និងមធ្យម (SME Management) បូករួមទាំងបទពិសោធន៍ និងភាពច្នៃប្រឌិតរបស់និស្សិតដែលជាការបណ្តុះបណ្តាលក្នុងវិទ្យាស្ថាន។
លោកបណ្ឌិត ឃីម សុខហេង ក៏បានឱ្យដឹងដែរថា ការចុះឈ្មោះសិក្សានៅវិទ្យាស្ថាន គឺជាការបង្ហាញពីការចាប់ផ្តើមនូវកម្មវិធីសិក្សា ត្រៀមខ្លួនដើម្បីទទួលបានការងារ និង ការចាប់ផ្តើម ថ្នាក់មហាវិទ្យាល័យ។ លោកបានក៏សង្កត់ធ្ងន់ដែរថា ការជួយឱ្យនិស្សិតបានបន្តថ្នាក់មហាវិទ្យាល័យ ហើយមានការងារធ្វើក្នុងពេលតែមួយគឺជាបេសកកម្មដ៏ធំមួយរបស់វិទ្យស្ថានសិក្សាដើម្បីជោគជ័យ គឺដើម្បីជួយដល់ប្អូនៗនិស្សិតដែលខ្វះលទ្ធភាព តែចង់បន្តការសិក្សារបស់ខ្លួន ដែល LSI បានត្រៀមខ្លួនរួចជាស្រេចឱ្យក្លាយជាថ្នាលបណ្តុះបណ្តាលគ្រាប់ពូជកូនខ្មែរ ដើម្បីឱ្យពួកគេក្លាយជាសហគ្រិនវ័យក្មេងដោយពិតប្រាកដ។
សូមរំលឹកថា ការចុះឈ្មោះសិក្សា ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងអាជីវកម្មខ្នាតតូច និងមធ្យម (SME Management) នៅវិទ្យាស្ថានសិក្សាដើម្បីជោគជ័យ មាន៣ដំណាក់កាល គឺការសិក្សាលើកទី១ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ លើកទី២ គឺនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ និងលើកទី៣ គឺនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨៕