(ព្រះសីហនុ)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ បានប្រារព្ធទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០១៨ ក្រោមប្រធានបទ «វិស័យទេសចរណ៍ និងនិន្នាការផ្លាស់ប្តូរទៅរកប្រព័ន្ធឌីជីថល Tourism and the Digital Transformation» នៅខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ។
លោក យន្ត មីន បានលើកឡើងថា វិស័យទេសចរណ៍ខេត្តព្រះសីហនុ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ និងជំរុញវិស័យសេដ្ឋកិច្ចផ្សេងៗទៀត ឱ្យកាន់តែមានភាពរីកចម្រើនឈានឡើងជាលំដាប់ និងចូលរួមកាត់បន្ថយភាពក្រីក្ររបស់ខេត្ត ក៏ដូចជាក្នុងក្របខណ្ឌទូទាំងប្រទេស។
ជាមួយភាពរីកចម្រើននៃវិស័យទេសចរណ៍នេះ រដ្ឋបាលខេត្តក៏បានកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការពង្រឹងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការសម្អាតបរិស្ថាន ជាពិសេសបានចូលរួមអនុវត្តនូវយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍ «កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ» ចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ» ចូលរួមចលនាប្រឡងប្រណាំង «ឆ្នេរខ្សាច់កម្សាន្តស្អាត» និងទស្សនទាន «ទេសចរណ៍បៃតង»។
លោកអភិបាលខេត្តបានបន្តថា ព្រមជាមួយនេះ រដ្ឋបាលខេត្តព្រះសីហនុនឹងបន្តខិតខំប្រឹងប្រែងបង្កើតរមណីយដ្ឋានថ្មីៗ កែលម្អឆ្នេរខ្សាច់កម្សាន្ត កែលម្អសោភ័ណភាពទីក្រុង ដាំដើមឈើក្នុងទីក្រុង និងបង្កើតសកម្មភាពទេសចរណ៍ដទៃៗទៀត ឱ្យកាន់តែមានភាពទាក់ទាញសម្រាប់បំពេញតម្រូវការភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនា និងសម្រាកលំហែនៅខេត្តព្រះសីហនុ។
បន្ទាប់ពីអាននូវសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជារួចមក លោក ថោង ខុន បានលើកឡើងថា សារលិខិតដ៏មានខ្លឹមសារស៊ីជម្រៅរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ពិតជាបានឆ្លុះបញ្ចាំងនូវទស្សនវិស័យនៃទិវាទេសចរណ៍ពិភពលោកឆ្នាំនេះ ជួយបង្កើនឱកាសសម្រាប់វិស័យទេសចរណ៍តាមភាពជឿនលឿននៃបច្ចេកវិទ្យា រួមមាន៖ Internet of Things, Big Data, Artificial Intelligence and Digital Platform លើមាគ៌ានៃការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន។ ភាពជឿនលឿននៃប្រព័ន្ធឌីជីថល (Digital Advances) និងនវានុវត្តន៍ (Innovation) ជាផ្នែកមួយនៃដំណោះស្រាយទល់នឹងបញ្ហាប្រឈមនានា ដែលកើតមានក្នុងដំណើរនៃកំណើនវិស័យទេសចរណ៍ កាន់តែមាននិរន្តរភាព និងការទទួលខុសត្រូវ។
ពិភពលោកទាំងមូលបាននិងកំពុងយកចិត្តទុកដាក់ខ្លាំងលើដំណោះស្រាយបច្ចេកវិទ្យា និងឌីជីថលលើគ្រប់ទិដ្ឋភាព ទាំងសេដ្ឋកិច្ចឌីជីថល (Digital Economy) ពាណិជ្ជកម្មអេឡិចត្រូនិក (E-Commerce) ការអភិឌ្ឍវិស័យទេសចរណ៍ឆ្លាតវៃ (Smart Tourism)។
ក្នុងន័យនេះ បដិវត្តន៍ឧស្សាហកម្មទី៤ គឺជាអនាគតនៃការកសាងទេសចរណ៍ទីក្រុងវ័យឆ្លាត ដែលជាផ្នែកមួយដ៏សំខាន់ដែលមានការទំនាក់ទំនងគ្នាជាសាកលលើគ្រប់ផ្នែក មិនត្រឹមតែសម្រាប់សកម្មភាពសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកាតាលិករវិសាមញ្ញមួយសម្រាប់យុគ្គសម័យឌីជីថល និងនិងប្រព័ន្ធវ័យឆ្លាត ដោយផ្តោតសំខាន់ទៅលើឱកាស និងភាពប្រកួតប្រជែង ពោលគឺអ្វីៗគ្រប់យ៉ាងផ្អែកទៅលើបច្ចេកវិទ្យា ដែលជាវេទិកាថ្មីមួយនៃសេវាកម្មទេសចរណ៍ ក្នុងការផ្លាស់ប្តូរគំរូ នៃការទំនាក់ទំនងពាណិជ្ជកម្ម ឆ្ពោះទៅការកាត់បន្ថយនូវភាពអវិជ្ជមានសម្រាប់ទេសចរ និងសហគមន៍ទេសចរណ៍។
លោករដ្ឋមន្ត្រីបានបន្តថា និន្នការផ្លាស់ប្តូរទៅរកប្រព័ន្ធឌីជីថល ផ្តល់អត្ថប្រយោជន៍ និងមានឥទ្ធិពលវិជ្ជមានយ៉ាងខ្លាំងក្នុងឧស្សាហកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ច។ វាជាវិធីដ៏ល្អបំផុត ដើម្បីលើកកម្ពស់បទពិសោធន៍សម្រាប់ទេសចរ។ ការប្រើប្រាស់ប្រព័ន្ធរួមបញ្ចូលគ្នាវ័យឆ្លាត នៅលើទូរសព្ទដៃកាន់តែពេញនិយមសម្រាប់ទេសចរ ដោយផ្តល់នូវសេវាដ៏មានប្រសិទ្ធភាពខ្ពស់សម្រាប់ ការកក់សំបុត្រមធ្យោបាយធ្វើដំណើរ (តាមយន្តហោះ រថយន្តក្រុង រថភ្លើង) កក់បន្ទប់សណ្ឋាគារ ភោជនីយដ្ឋាន ការទូរទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក ទិញទំនិញតាមអនឡាញ កាន់តែងាយស្រួលសម្រាប់ទេសចរ ដោយប្រើតែទូរសព្ទដៃ និងអ៉ីនធឺណិត គឺអាចធ្វើអ្វីៗបានគ្រប់យ៉ាង។
តាមបទពិសោធន៍នៃការធ្វើដំណើរទៅកាន់ប្រទេសជឿនលឿនមួយចំនួននៅអាស៊ី និងអឺរ៉ុប ដែលមានការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ទេសចរអាចប្រើប្រាស់ទូរសព្ទសម្រាប់ Check-in បន្ទប់ស្នាក់នៅដោយខ្លួនឯង ដោយកាត់បន្ថយពេលវេលារងចាំ និងទទួលបានព័ត៌មាននានាតាមទូរស័ព្ទ ការប្រើ Electronic Key Card ដោយផ្ញើរទៅឲ្យភ្ញៀវផ្ទាល់តែម្តង ការដាក់សញ្ញាបង្ហាញឌីជីថលជា Mobile App នៅព្រលានយន្តហោះ ដើម្បីជំនួសមណ្ឌលព័ត៌មានដោយផ្តល់ព័ត៌មានទាក់ទងទៅនឹងកន្លែងលក់អាហារ លក់ទំនិញ ព័ត៌មានអំពីកាលវិភាគហោះហើរ (ការជូនដំណឹងពីការពន្យារជើងហោះហើរ) ការរៀបចំបន្ទប់តាមឌីជីថល (Digital housekeeping) ប្រព័ន្ធអាចដឹងបានថាភ្ញៀវត្រូវការផ្លាស់ប្តូរសម្ភារៈភ្ញៀវប្រើប្រាស់ទូរភេសជ្ជៈនៅក្នុងបន្ទប់ ឬបន្ទប់ទំនេរ សេវារក្សាទុកសម្ភារចល័ត (Mobile pocket concierge) ដែលអតិជនអាចទាក់ទងបានគ្រប់ទីកន្លែងក្នុងសណ្ឋាគារ។ល។
ស្របទៅនឹងក្របខណ្ឌតំបន់ និងពិភពលោកនៃនិន្នាការទេសចរណ៍ឆ្ពោះទៅប្រព័ន្ធឌីជីថល និងប្រព័ន្ធវ័យឆ្លាត រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤ លើផ្នែកបច្ចេកវិទ្យា «ការប្រើប្រាស់នវានុវត្តន៍ និងភាពជឿនលឿនបច្ចេកវិទ្យា» សំដៅពង្រឹងសមត្ថភាពកម្ពុជា សម្រាប់សមាហរណកម្មនៅក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោក។
ក្នុងបរិការណ៍នេះ ក្រសួងទេសចរណ៍កម្ពុជាបាននិងកំពុងផ្សារភ្ជាប់ចក្ខុវិស័យទេសចរណ៍ ឆ្នាំ២០៣០ រួមជាមួយឧស្សាហកម្ម ៤.០ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងបរិយាប័ន្ធ និងការអនុវត្តនូវយុទ្ធសាស្ត្រស្តីពី ការអភិវឌ្ឍវិស័យទេសចរណ៍វ័យឆ្លាត ដោយបាននិងកំពុងអនុវត្តការចុះបញ្ជីប្រព័ន្ធអាជ្ញាបណ្ណទេសចរណ៍តាមប្រព័ន្ធអនឡាញ ប្រព័ន្ធចំណាត់ថ្នាក់សណ្ឋាគារ និងភោជនីយដ្ឋានតាមអនឡាញ ប្រព័ន្ធគ្រប់គ្រងមគ្គុទ្ទេសក៍ទេសចរណ៍តាមអនឡាញ ប្រព័ន្ធវាយតម្លៃចលនាប្រលងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» តាមប្រព័ន្ធ QR Code និងប្រព័ន្ធទូរស័ព្ទវ័យឆ្លាត (Mobile App) ព្រមជាមួយការរីកចម្រើននៃមធ្យោបាយទូទាត់សម្រាប់ទេសចរណ៍តាមប្រព័ន្ធ QR Code មធ្យោបាយដឹកជញ្ជូនវ័យឆ្លាតនៅក្នុងវិស័យទេសចរណ៍៕