(បាត់ដំបង)៖ កម្លាំងនគរបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨នេះ បានបញ្ជូនបុរសម្នាក់ទៅតុលាការ បន្ទាប់ពីបុរសរូបនោះ បានធ្វើសកម្មភាពឡើងដំបូលគាស់ពិដាន ចូលលួចលុយអ្នកនៅបន្ទប់ជាប់គ្នា បាន១០ម៉ឺនបាត ខណ:ម្ចាស់ផ្ទះទៅធ្វើការយប់បាត់ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។
លោកឧត្តមសេនីយ៍ ជេត វណ្ណនី ស្នងការរងនគរបាលខេត្តបានឱ្យដឹងនៅព្រឹកមិញនេះថា បន្ទាប់ពីកម្លាំងនគរបាលស្រុកកំរៀងបានបញ្ជូនជនសង្ស័យមកស្នងការនគរបាលខេត្តមក កម្លាំងការិយាល័យជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តដើម្បីចាត់ការតាមច្បាប់។
លោកបានបញ្ជាក់ទៀតថា កម្លាំងនគរបាលស្រុកកំរៀង បានចុះបង្រ្កាបករណីលួចនេះនៅវេលា១២៖០០នាទីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង បង្កដោយជនសង្ស័យ ឈ្មោះ ជិន សុហេង ភេទប្រុស អាយុ៤៧ឆ្នាំ បានធ្វើសកម្មភាពលួចគាស់ពិដានផ្ទះរបស់ឈ្មោះ ហេង ម៉ាច ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅបន្ទប់ជួលលេខ៩ក្បែរបន្ទប់គ្នា យកបានប្រាក់ ១០ម៉ឺនបាត (ប្រាក់ថៃ) ដោយសារជនរងគ្រោះបានទៅធ្វើការនៅកាស៊ីណូពេលយប់មិននៅផ្ទះ ទើបជនសង្ស័យធ្វើសកម្មភាពលួចបាន។
បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ច ឃាត់ខ្លួបញ្ជូនមកការិយាល័យជំនាញ រួចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់៕