(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំឱ្យមានការចុះឈ្មោះនៅតាមឃុំ-សង្កាត់ និងនៅតាមបណ្តាភូមិ ក្នុងមូលដ្ឋានទូទាំងប្រទេស រយៈពេល១៨ថ្ងៃ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨នេះ។
នៅក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្តីពីការចាប់ផ្តើមការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ-សង្កាត់ នីតិវិធីចុះឈ្មោះបោះឆ្នោតនៅឃុំ-សង្កាត់ និងការបញ្ជូនទិន្នន័យមក គ.ជ.ប នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨នេះ លោក នុត សុខុម អនុប្រធាន គ.ជ.ប បានថ្លែងយ៉ាងដូច្នេះថា៖ «ក្នុងរយៈពេល១៨ថ្ងៃនេះ យើងបានកំណត់ទៅតាមផែនការនៃការចុះឈ្មោះបោះឆ្នោត គឺ៥ថ្ងៃដំបូង យើងចុះឈ្មោះនៅសាលាឃុំ-សង្កាត់ ហើយ៩ថ្ងៃយើងទៅ ចុះឈ្មោះនៅតាមបណ្តាភូមិ ហើយនិង៤ថ្ងៃចុងក្រោយ គឺយើងមកចុះឈ្មោះនៅសាលាឃុំ-សង្កាត់វិញ»។
លោក នុត សុខុម បានបន្តថា ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨ ត្រូវធ្វើឡើងសម្រាប់ប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោត ហើយពុំទាន់បានចុះឈ្មោះបោះឆ្នោត ពីមុនមក និងប្រជាពលរដ្ឋគ្រប់អាយុ១៨ឆ្នាំ (កើតមុន ឬកើតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០០១)។
ចំពោះការចុះឈ្មោះប្រជាពលរដ្ឋ ដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ-សង្កាត់ថ្មី ត្រូវបង្ហាញខ្លួននៅចំពោះមុខក្រុម ចុះឈ្មោះបោះឆ្នោតនៃឃុំ-សង្កាត់ថ្មី ដើម្បីរាយការណ៍សុំលុបឈ្មោះនៅឃុំ-សង្កាត់ចាស់ និងបំពេញបែបបទសុំចុះឈ្មោះបោះឆ្នោតជាថ្មី។ ក្រុមចុះឈ្មោះបោះឆ្នោត នឹងអនុវត្តតាមនីតិវិធីនៃការផ្ទេរទិន្នន័យរបស់អ្នកសុំចុះឈ្មោះបោះឆ្នោត ពីការិយាល័យបោះឆ្នោតនៃឃុំ-សង្កាត់ចាស់ មកការិយាល័យបោះឆ្នោតនៃឃុំ-សង្កាត់ថ្មីវិញ៕
សូមអានខ្លឹមសារទាំងស្រុងរបស់ គ.ជ.ប ដូចខាងក្រោម៖