(កំពង់ធំ)៖ អាជ្ញាធរខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ បានរៀបចំពិធីអបអរសាទរទិវាមនុស្សចាស់០១ តុលា ក្រោមប្រធានបទ «សមាគមមនុស្សចាស់ ជាយន្តការដ៏សំខាន់ ក្នុងការថែរក្សាវប្បធម៌ គ្រួសារនិងសង្គមជាតិ» ពិធីនេះដែរធ្វើឡើងក្រោមអធិបតីភាពលោក ញ៉ឹក បានខេង អភិបាលរងខេត្តកំពង់ធំ និងដោយមានការចូលរួមពីសំណាក់លោក អ៊ុន បុត្ត អភិបាលស្រុកកំពង់ស្វាយលោក អ៊ាប ឈុនស៊្រាង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមានការចូលរួមពីប្រធានអង្គភាពមន្ទីរជុំវិញខេត្ត មន្ត្រីរាជការ និងមនុស្សចាស់ប្រមាណជិត ៤០០នាក់នៅសាលាស្រុកកំពង់ស្វាយ។
លោក អ៊ុន បុត្ត បានលើកឡើងថា ជារៀងរាល់ឆ្នាំនៅថ្ងៃទី ០១ តុលា ជាទិវាមនុស្សចាស់អន្តរជាតិ ដែលរាជរដ្ឋាភិបាលយើង បានចូលរួមគាំទ្ររៀបចំទិវានេះ ហើយជាមោទនភាពក្រៃលែង សម្រាប់យើងទាំងអស់គ្នា។ ការរៀបចំពិធីនេះគឺសំដៅលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ ចាប់អារម្មណ៍អំពីមនុស្សចាស់ក្រោមប្រធានបទ «សមាគមមនុស្សចាស់ ជាយន្តការដ៏សំខាន់ក្នុងការថែរក្សាវប្បធម៌ គ្រួសារ និងសង្គមជាតិ» រាជរដ្ឋាភិបាលចាត់ទុកទិវាមនុស្សចាស់កម្ពុជា ជាទិវាមនុស្សចាស់អន្តរជាតិ ជាទិវារំលឹកគុណ ឧប្បការៈរបស់មនុស្សវ័យចំណាស់នៅកម្ពុជា បុព្វការីជន ជីដូនជីតា ឪពុកម្ដាយ អ៊ំ ពូមីង ដែលបានកសាង និងបន្សល់ទុកនូវកេរមរតក ដ៏ថ្លៃថ្លាសម្រាប់កូន ចៅជំនាន់នេះ និងជំនាន់ក្រោយៗទៀត។
លោក អ៊ាប ឈុនស៊្រាង បានលើកឡើងដែរថា ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិថ្ងៃទី ០១ ខែតុលា ត្រូវបានរៀបចំស្របតាមគោលនយោបាយ ជាតិ ស្ដីពីមនុស្សចាស់នៃកម្ពុជា និងសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិ។ ការប្រារព្ធទិវានេះ មានគោលបំណងលើកកម្ពស់កិច្ចគាំពារ ដ៏មានប្រសិទ្ធិភាព សំដៅលើកស្ទួយសុខមាលភាពរបស់មនុស្សវ័យចាស់ ឱ្យកាន់តែប្រសើរឡើង ហើយទិវានេះក៏បានបង្ហាញឱ្យឃើញ ពីតួនាទីដ៏សំខាន់ របស់មនុស្សវ័យចាស់ បុព្វការីជន ដែលបានបង្កើត ធនធាន ដ៏មានសារៈប្រយោជន៍ ព្រមទាំងផ្ដល់នូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍យ៉ាងច្រើនសម្រាប់មនុស្សជំនាន់ក្រោយ ។
លោក ញឹក បានខេង បានឱ្យដឹងដែរថា ក្នុងឱកាសអបអរទិវាដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅនេះ ខ្ញុំសូមសំដែងនូវមនោសញ្ចេតនារីករាយ ដឹងគុណមនុស្សចាស់ និងលើកកម្ពស់ មនសិការរបស់បងប្អូនជនរួមជាតិទាំងអស់គ្នា ឱ្យចូលរួមកាន់តែសកម្មដើម្បីកូនចៅជំនាន់ក្រោយទៀត បានមើលឃើញពីតម្លៃឥតគណនារបស់មនុស្សចាស់ និងបទពិសោធន៍នៃសង្គមនីមួយៗ ហើយបង្ហាញឱ្យឃើញថា ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ប្រពៃណីទំនៀមទំលាប់ នៃប្រជាជាតិមួយអាចប្រព្រឹត្តទៅបានប្រកបដោយ សមធម៌ ទាមទារឱ្យមានការអភិវឌ្ឍផ្នែកអប់រំ សីលធម៌ គុណធម៌ និងវប្បធម៌អហិង្សា។
លោកបានបន្តថា មនុស្សចាស់គឺជាឃ្លាំងនៃវប្បធម៍ ជាថ្នាលបណ្ដុះបណ្ដាលចំណេះដឹង មនុស្សចាស់គឺជាគំរូដ៏ល្អ ដល់ក្មេងៗជំនាន់ក្រោយ ដែលផ្ដល់ជាបទពិសោធន៍ និងជាធនធានមនុស្ស ក្នុងវិស័យអភិវឌ្ឍប្រទេសជាតិ នេះគឺជាការយកចិត្តទុកដាក់ខ្ពស់ចំពោះមនុស្សវ័យចាស់កម្ពុជា។ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការ ជាតិកម្ពុជាដើម្បីមនុស្សចាស់ ដើម្បីអនុវត្តនូវតួនាទី និងភារកិច្ច ដែលមានជាអាទិ៍ រៀបចំគោលនយោបាយដើម្បីលើកស្ទួយសុខភាពរបស់មនុស្សវ័យចាស់ នឹងរៀបចំទិវាមនុស្សចាស់នៃកម្ពុជា ដោយកំណត់យកថ្ងៃទី០១ តុលា ជារៀងរាល់ឆ្នាំ រួមជាមួយទិវាមនុស្សចាស់អន្តរជាតិ។
ក្នុងឱកាសនោះដែរ លោកក៏បានអំពានាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមគោរពច្បាប់ទាំងអស់គ្នា ព្រមទាំងគិតគូពីការថែរក្សាសុខភាព ដែលផ្ដោតសំខាន់បីគឺ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។ នៅចុងបញ្ចប់នៃកម្មវិធី ក៏មានការចែកអំណោយដល់មនុស្សចាស់ជរាចំនួន៣០០នាក់ ដែលក្នុងម្នាក់ៗទទួលបាន ខោអាវ ១កុំប្លេ និងថវិកា ២ម៉ឺនរៀល ដែលជាចំណងដៃ នៅរដូវកាលបុណ្យភ្ជុំបិណ្ឌប្រពៃណីរបស់ខ្មែរ៕