(បាត់ដំបង)៖ អគ្គនាយកដ្ឋានពន្ធដារ បានចុះផ្សព្វផ្សាយស្តីពី វប្បធម៌បង់ពន្ធ និងបទប្បញ្ញត្តិពីពន្ធដារ ដល់អាជីវករជាប់ពន្ធនៅខេត្តបាត់ដំបង និងជំរុញពលរដ្ឋបំពេញកាតព្វកិច្ចឲ្យបានខ្ជាប់ខ្ជួន ក្នុងការបង់ពន្ធជូនរដ្ឋ។
ពិធីសិក្ខាសាលាផ្សព្វផ្សាយនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ នៅសណ្ឋាគារខេមរាបាត់ដំបង១ ក្រុងបាត់ដំបង ក្រោមវត្តមានលោក អឿ សំរិទ្ធ អនុប្រធាននាយកដ្ឋានអ្នកជាប់ពន្ធតូច និងមធ្យមនៃអគ្គនាយកដ្ឋានពន្ធ លោក ហឿង សុគន្ធ អភិបាលរងខេត្ត និងមន្រ្តីពាក់ព័ន្ធនានាជុំវិញខេត្ត អាជីវករមួយចំនួន និងសហការរៀបចំដោយសាខាពន្ធដារខេត្តបាត់ដំបងផងដែរ។
លោក ហឿង សុគន្ធ បានថ្លែង និងជំរុញដល់ប្រជាពលរដ្ឋជាម្ចាស់អាជីវកម្ម សហគ្រាស ក្រុមហ៊ុនក្នុងខេត្តបាត់ដំបងទាំងអស់ ត្រូវបំពេញកាតព្វកិច្ច ក្នុងការបង់ពន្ធជូនរដ្ឋធ្វើឲ្យបានទៀងទាត់ទាន់ពេលវេលា ដើម្បីកុំឲ្យមានទោសទណ្ឌ ឬមានការផាកពិន័យមានការកើតឡើង។
លោក ហឿង សុគន្ធ បានបញ្ជា់ថា អ្នកមានកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ ត្រូវខិតខំយកចិត្តទុកដាក់សិក្សាស្វែងយល់ ក៏ដូចជា សួរនាំមន្ត្រីជំនាញឲ្យបានច្រើន ជុំវិញបញ្ហានេះ ដើម្បីឲ្យយល់កាន់តែច្បាស់ថែមទៀតពីនីតិវិធីក្នុងការបង់ពន្ធជូនរដ្ឋ។
លោកបន្តថា «ពេឡយើងបានយល់ច្បាស់តាមការពន្យល់របស់មន្រ្តីជំនាញហើយ យើងមានចំណេះដឹង ក្នុងការបង់ពន្ធមិនឲ្យមានការខុសឆ្គង អនុវត្តន៍បានត្រឹមត្រូវ មិនមានការផាកពិន័យ ធ្វើឲ្យខាតបង់ប្រាក់កាសថែមទៀត ហើយក្រោយពីបានយល់ដឹងហើយនោះ ប្រជាពលរដ្ឋនឹងបានយល់ច្បាស់អំពីច្បាប់ និងការគោរពប្រតិបត្តិច្បាប់ពាក់ព័ន្ធការបង់ពន្ធបានត្រឹមត្រូវ និងបានទៀងទាត់ទៀតផង»។
សិក្ខាកាមជាម្ចាស់អាជីវកម្ម ឬតំណាងក្រុមហ៊ុន សហគ្រាស ចូលរួមក្នុងសិក្ខាសាលាខាងលើ បានលើកឡើងថា ពួកគាត់ប្ដេជ្ញាបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ ឲ្យបានត្រឹមត្រូវ ស្របតាមច្បាប់តម្រូវ ដោយមិនប្រព្រឹត្តការគេចវេសបង់ពន្ធនោះឡើយ។
តាមរបាយការណ៍អគ្គនាយកដ្ឋានពន្ធដា បានបង្ហាញថា ឆ្នាំ២០១៧ ការប្រមូលពន្ធបានចំនួន ១,៩៣៨.៧០ដុល្លារ ខណៈឆ្នាំ២០១៦ ប្រមូលបាន ១៥០២.៦២ដុល្លារ ហើយផែនការសម្រាប់ឆ្នាំ២០១៨ ត្រូវប្រមូលឲ្យបាន ២,០៣០.៨៨ដុល្លារ។ ចំពោះកាតព្វកិច្ចបង់ពន្ធប្រចាំឆ្នាំ ក្នុងអាជីវកម្មខ្នាតតូចចាប់ពី ២៥០លានរៀល ដល់៧០០លានរៀល, ខ្នាតមធ្យមចាប់ពីលើស ៧០០លានរៀល ដល់៤,០០០លានរៀល និងខ្នាតធំចាប់ពីលើស ៤,០០០លានរៀល៕