(ព្រះវិហារ)៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ បានដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយនាយទាហាន នាយទាហានរង និងពលទាហាន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ នៅកងពលតូចអន្តរាគមន៍លេខ៧ នៅភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
លោករដ្ឋមន្រ្តីបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចកាលបានគិតគូរចំពោះសុខទុក្ខ និងការរស់នៅរបស់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងកម្លាំងប្រដាប់អាវុធកម្ពុជានៅគ្រប់ទីកន្លែង។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តីបានសម្តែងនូវការកោតសរសើរខ្ពស់ចំពោះស្មារតីតស៊ូអង់អាចក្លាហាន ប្រកបដោយវីរភាពរបស់នាយទាហាន នាយទាហានរង និងពលទាហានរបស់កម្ពុជា នៅកងពលតូចអន្តរាគមន៍លេខ៧ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងបុព្វហេតុការពារមាតុភូមិការពារបូរណភាពទឹកដីកម្ពុជា និងការចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។
ពិធីសំណេះសំណាលរបស់យើងនាពេលនេះ ស្ថិតក្នុងស្ថានភាព នៃសភាពការណ៍របស់ប្រទេសជាតិ ដែលកំពុងតែមានការរីកចម្រើនប្រកបដោយសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ ក្រោមការដឹកនាំរបស់សមេ្តចតេជោ ហ៊ុន សែន។
ព្រមជាមួយនោះ លោកក៏បានជម្រាបជូនអំពីវឌ្ឍនភាពដែលរាជរដ្ឋាភិបាល បានខិតខំសម្រេចបាននូវសមិទ្ធផលជាច្រើន ដែលយើងទាំងអស់គ្នាបានឃើញ និងទទួលបានផលពីសមិទ្ធផលនេះ ដែលកើតចេញពីការចួលរួមរបស់ថ្នាក់ដឹកនាំជាតិ បុគ្គលិក មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ កងយោធពលខេមរភូមិន្ទ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។
លោករដ្ឋមន្ត្រីព្រមទាំងគណៈប្រតិភូ ក៏មាននាំយកនូវថវិកា សម្ភារ និងគ្រឿងឧបភោគបរិភោគ ចែកជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងផ្តល់អាហារូបករណ៍សិក្សា មុខជំនាញបច្ចេកទេសផ្សេងៗ នៅតាមវិទ្យាស្ថាន និងមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដល់នាយទាហាន នាយទាហានរង ពលទាហាន និងគ្រួសារផងដែរ៕