(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជំរុញក្រុមប្រឹក្សាធុរកិច្ចថៃ ពិចារណាវិនិយោគលើការបង្កើតសហគ្រាសធុនតូច និងមធ្យម នៅតាមតំបន់សេដ្ឋកិច្ចពិសេសទូទាំងប្រទេសកម្ពុជា ដើម្បីធ្វើពិពិធកម្មខ្សែសង្វាក់តម្លៃវិស័យឧស្សាហកម្ម និងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ ជាពិសេសលើកស្ទួយប្រសិទ្ធភាពការអនុវត្តយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។
លោករដ្ឋមន្ត្រី បានលើកសំណើនេះឡើង នាឱកាសជួបពិភាក្សាការងារជាមួយ លោក ចាន់នីត ចាន់ឆៃណារ៉ុង (Chanitr Charnchainarong) ប្រធានក្រុមប្រឹក្សាធុរកិច្ចថៃ ដែលបានដឹកនាំគណៈប្រតិភូ ស្វែងរកយន្តការពង្រឹង និងពង្រីកទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃឡង់ដ៏ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨នេះ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។
នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានជម្រាបភាគីថៃ អំពីគោលដៅនៃយុទ្ធសាស្ត្រចតុកោណថ្មី ដែលជារបៀបវារៈសម្រាប់ការអភិវឌ្ឍ សង្គមសេដ្ឋកិច្ច នៅក្នុងអាណត្តិទី៦ នៃរាជរដ្ឋាភិបាល និងផលិតផលអទិភាពសំខាន់ៗរបស់កម្ពុជា ព្រមទាំងអត្ថប្រយោជន៍នៃការវិនិយោគ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដូចជាការផ្តល់សិទ្ធិកាន់កាប់ស្របច្បាប់ ១០០% និងការទទួលបានភាពអនុគ្រោះពន្ធ ដើម្បីនាំចេញទៅកាន់ប្រទេសទីបីជាដើម។
លោករដ្ឋមន្ត្រី ក៏បានសំណូមពរលោក ចាន់នីត ចាន់ឆៃណារ៉ុង ជម្រាបទៅរដ្ឋាភិបាលប្រទេសថៃ ជាពិសេសក្រសួងសេដ្ឋកិច្ចថៃ ធ្វើការពន្លឿនការចុះអនុស្សរណៈ លើកលែងពន្ធនៅតាមបន្ទាត់ព្រំដែន ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឱ្យសម្រេចបានទឹកប្រាក់១៥ប៊ីលានដុល្លារ តាមផែនការ នៅត្រឹមឆ្នាំ២០២០។
ជាការឆ្លើយតប ប្រធានក្រុមប្រឹក្សាធុរកិច្ចថៃ លោក ចាន់នីត ចាន់ឆៃណារ៉ុង បានថ្លែងអំណរគុណដល់ លោករដ្ឋមន្ត្រី ដែលបានចែករំលែកនូវព័ត៌មានសំខាន់ៗ និងអនុសាសន៍ល្អៗ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មប្រទេសទាំងពីរ។ ទាក់ទិន នឹងការលើកលែងពន្ធ និងកិច្ចសម្រួលពាណិជ្ជកម្ម នៅតាមព្រំដែន លោកបានសន្យានឹងនាំយកសំណើលោករដ្ឋមន្ត្រី ទៅជម្រាបជូនរដ្ឋាភិបាលប្រទេសថៃ ដើម្បីពន្លឿនកិច្ចការនេះ។
គួររំលឹកដែរថា កាលពីកំឡុងខែមីនាកន្លងមកនេះ ប្រទេសកម្ពុជា និងថៃឡង់ដ៏ បានរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះផ្នែកពាណិជ្ជកម្ម លើកទី៦ (6th JTC) នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់លើបញ្ហាប្រឈមផ្សេងៗ សំដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបាន ១៥ប៊ីលានដុល្លារ នៅឆ្នាំ២០២០។
នៅក្នុងកិច្ចប្រជុំប្រទេសទាំងពីរ បានឯកភាពពង្រឹងកិច្ចសម្រួលពាណិជ្ជកម្ម ការបើកច្រកព្រំដែនថ្មីៗបន្ថែម និងការរៀបចំឲ្យមានវេទិកាធុរកិច្ច និងវិនិយោគកាន់តែច្រើន។ បន្ថែមលើនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារសំខាន់ៗ ចំនួនពីរគឺ ទី១៖យុទ្ធសាស្ត្រកំណើន នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច តាមបណ្តាខេត្តនៅជាប់ព្រំដែន និងទី២៖ អនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម៕