(កំពង់ធំ)៖ ដោយមិនគិតពីថ្ងៃឈប់សម្រាក ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតខាត នៅល្ងាចថ្ងៃអាទិត្យទី៣០ ខែកញ្ញា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបន្តដឹកនាំសហការីនាំយកនូវអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ចុះជួយសំណេះសំណាលសាកសួរសុខទុក្ខ និងប្រគល់ជូនលោកយាយ ឈួន ណៃ អាយុ ៧៥ឆ្នាំ ដែលមានជីវភាពលំបាកខ្វះខាត ហើយមានជម្ងឺប្រចាំកាយថែមទៀតផង រស់នៅភូមិស្លាកែត សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
លោកយាយកំសត់ ឈួន ណៃ ត្រូវបានស្វាមីគាត់បោះបង់ចោលអស់រយៈពេលជាង១៥ឆ្នាំហើយ ក្នុងពេលដែលលោកយាយមានកូនចំនួន១០នាក់ សព្វថ្ងៃកូនរបស់គាត់ស្លាប់អស់៧នាក់ នៅរស់ដល់សព្វថ្ងៃចំនួន៣នាក់។ បច្ចុប្បន្នលោកយាយរស់នៅភូមិស្លាកែត សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក្រោមការបីបាច់ថែរក្សាពីកូនស្រីម្នាក់ឈ្មោះ អាន នួន អាយុ ៥៣ឆ្នាំ ដែលមានជីវភាពលំបាកខ្វះខាតដែរ។
អំណោយដែលបានផ្តល់ជូនលោកយាយកំសត់នៅពេលនេះរួមមាន៖ អង្ករចំនួន៥០គីឡូក្រាម, មីយើងចំនួន០២កេះ, ទឹកត្រីទឹកស៊ីអ៊ីវចំនួន០២យួរ និងថវិកាចំនួន១០០,០០០រៀល (ដប់ម៉ឺនរៀល) ។
លោកយាយកំសត់រំភើបចិត្តណាស់ បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមការងារដែល បានពាំនាំយកអំណោយរបស់សម្តេចតេជោ ផ្តល់ជូនគាត់ដើម្បីបន្តជីវភាពរស់នៅ ដោយមិនទុកឲ្យប្រជាជនណាម្នាក់ស្លាប់ដោយអត់អាហារឡើយ៕