(ប៉េកាំង,ចិន)៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានលោក សុី ជីនភីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន យាងចូលរួមពិធីលៀងសាយភោជនៅវិមានប្រជាជនចិន នាទីក្រុងប៉េកាំង ក្នុងឱកាសអបអរសាទរទិវាបុណ្យជាតិខួបលើកទី ៦៩ឆ្នាំ នៃសាធារណរដ្ឋប្រជាមានិតចិន។
ពិធីលៀងសាយភោជដែលធ្វេីនៅរាត្រីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ព្រះមហាក្សត្រខ្មែរ បានគង់រួមតុជាមួយមេដឹកនាំកំពូលៗរបស់ចិន មានដូចជា លោកប្រធានាធិបតីចិន ស៊ី ជីនភីង ជាដេីម។
យោងតាមបណ្តាញព័ត៌នានាបានរាយការណ៍ថា ព្រះមហាក្សត្រខ្មែរ ជាភ្ញៀវបរទេសតែមួយគត់ដែលត្រូវបានយាងចូលរួមក្នុងពិធីដ៏សំខាន់របស់ចិន។
តាមរយ:ការយាងនេះត្រូវបានគេមេីលឃេីញថា ចិនជាមិត្តដ៏ស្និទ្ធស្នាលរបស់កម្ពុជា បានផ្តល់ព្រះកិត្តិយសខ្ពស់ដល់ព្រះមហាក្សត្រខ្មែរ ក្នុងនាមជាប្រមុខរដ្ឋរបស់កម្ពុជា៕