(ភ្នំពេញ)៖ លោក គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកអតីតយុទ្ធជន និងជនពិការ បានបង្ហើបថា លោកកំពុងរៀបចំផលិតវីដេអូឯកសារ ស្តីពីសកម្មភាពទប់ទល់ និងការពារតាមតំបន់ព្រំដែនកម្ពុជា-ថៃ ទុកឲ្យសាកលវិទ្យាល័យការពារជាតិ ដើម្បីបង្រៀនដល់កងទ័ពជំនាន់ក្រោយ និងទុកជាឯកសារស្រាវជ្រាវផងដែរ។
ការបង្ហើបផលិតវីដេអូឯកសារប្រវត្តិសាស្ត្ររបស់លោកទេសរដ្ឋមន្ត្រី បានធ្វើឡើងក្នុងឱកាសលោក ចុះសំណេះសំណាលជាមួយថ្នាក់ដឹកនាំ យោធាចារ្យ នៅសាកលវិទ្យាល័យការពារជាតិ នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨។
ទេសរដ្ឋមន្រ្តី គន់ គីម បានថ្លែងថា ពីអតីតកាលកម្ពុជា បានប្រើប្រាស់កម្លាំងបាយពោល គឺប្រើប្រាស់ទ័ពដើម្បីស្វែងរកសន្តិភាព តែបច្ចុប្បន្នកម្ពុជា បានប្រើនយោបាយការទូត ដើម្បីស្វែងរកសន្តិភាព។ ក្នុងន័យនេះ លោកទេសរដ្ឋមន្ត្រី បានចាត់ទុកថា ដំណើរទៅចូលរួមមហាសន្និបាត នៅអង្គការសហប្រជាជាតិរបស់សម្តេចតេជោ ហ៊ុន សែន ហាក់បីដូចជា ជោគជ័យថ្មីមួយ ជាប្រវត្តិសាស្ត្រផងដែរ។
លោកបន្តថា ខុសពីសម័យដើមដែលកម្ពុជាត្រូវលះបង់ជីវិត ដើម្បីធ្វើយ៉ាងណាឲ្យប្រទេសជាតិ រស់នៅដោយភាពសុខសាន្ត ហើយប្រវត្តិសាស្ត្រចាស់ គឺជាការរឿងដែលមនុស្សជាតិមិនត្រូវភ្លេចនោះឡើយ។ លោកទេសរដ្ឋមន្ត្រីថា ដើម្បីឲ្យប្រវត្តិសាស្ត្រដ៏ជូរចត់ និងពិតប្រាកដ បានស្ថិតនៅក៏ដូចជារំឭកពីវីរភាពកងទ័ពសម័យដើម មានតែផលិតវីដេអូទុកតែប៉ុណ្ណោះ។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំកំពុងតែរៀបធ្វើជាវីដេអូឯកសារ ជាភាពយន្តមួយស្តីអំពីសកម្មភាពទប់ទល់ និងការពារតាមតំបន់ព្រំដែនកម្ពុជា-ថៃ ដើម្បីទុកជាចំណងដៃ ដល់សាកលវិទ្យាល័យការពារជាតិ ទុកសិក្សារៀនសូត្រ។ អញ្ចឹងខ្ញុំនឹងខិតខំធ្វើការងារនេះ ព្រោះនាយឧត្តមសេនីយ៍ ជា តារា គាត់បានដឹងរឿងនេះហើយ គាត់អាចធ្វើឆ្អឹងអំពីទម្រង់នេះ ថ្ងៃខែម៉ោងពេលវេលាសព្វគ្រប់... គាត់ជាសេនាធិការដ៏ល្អ»។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍បណ្ឌិត ជា តារា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទទួលបន្ទុកជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យការពារជាតិ បានរំឭកថា កាលពីជាង១០ឆ្នាំមុន ថ្នាក់ដឹកនាំជាន់ខ្ពស់កងទ័ពទាំងអស់ សុទ្ធតែបានលះបង់កម្លាំងកាយចិត្ត ចាកចេញពីលំនៅស្ថាន ដើម្បីបុព្វហេតុការពារជាតិ។ លោកថា វីដេអូឯកសារ ដែលនឹងផលិតនេះ ត្រូវបានបង្ហាញពីភាពជោគជ័យរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ផ្ទាល់តែម្តង។
នាយឧត្តមសេនីយ៍សាកលវិទ្យាធិការ បានបញ្ជាក់យ៉ាងដូច្នេះថា «និយាយអ្វីដែលរំភើបនោះគឺចង់បញ្ជាក់ថា នៅទីនេះទាំងនាយឧត្តមសេនីយ៍ នាង ផាត ទាំងនាយឧត្តមសេនីយ៍ ភួង សុផាន ឧត្តមសេនីយ៍ឯក ចៅ យុត្តិបុត្រ ជាមួយនឹងរូបខ្ញុំ១០ឆ្នាំមុន គឺរួមសុខរួមទុក្ខ រួមការងារជាមួយគ្នា ជាមួយបងប្អូនទាំងអស់ ដើម្បីអនុវត្តន៍បទបញ្ជាសម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមប្រយុទ្ធជាមួយគ្នា។ តាំងពីអាលឿងវ៉ៃអាក្រម តាំងពីអាក្រសមវ៉ៃអាលឿង ការផ្ទុះអាវុធ អញ្ជឹងបាននាយឧត្តមសេនីយ៍ គន់ គីម ឲ្យធ្វើឯកសារប្រវត្តិសាស្ត្រ ដ៏ជោគជ័យក្នុងការអនុវត្តន៍បទបញ្ជា របស់សម្តេចតេជោ គឺយើងឈ្នះទាំងយោធា នយោបាយការទូត»។
ទន្ទឹមនឹងនេះ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ បានដាស់តឿនដល់នាយទាហានទាំងអស់ ត្រូវប្រឹងប្រែងរៀនសូត្រ និងស្វែងយល់ឲ្យបានច្បាស់ពីប្រវត្តិសាស្ត្រ របស់ប្រទេសកម្ពុជា ដើម្បីក្លាយខ្លួនជាថ្នាក់ដឹកនាំទ័ពជំនាន់ក្រោយ។ លោកបន្តថា ក្នុងឱកាសវិមានឈ្នះ-ឈ្នះ ដែលជានិម្មិតរូប នៃសុខសន្តិភាពកម្ពុជា និងជាតឹងតាងលេចចេញពីនយោបាយឈ្នះឈ្នះ ត្រូវសម្ពោធជាផ្លូវការ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ នាយទាហានជំនាន់ក្រោយទាំងអស់ នឹងបានស្វែងយល់ពីប្រវត្តិសាស្ត្រពិតពីកម្ពុជា បានមួយផ្នែកថា ទម្រាំបានសន្តិភាពដូចសព្វថ្ងៃ ត្រូវមានផលលំបាកច្រើនណាស់។
រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមលើកឡើងថា អ្វីដែលសាកលវិទ្យាធិការបានលើកឡើងមកនេះ ខ្ញុំមិនបានលើកថែមទៀតទេ គ្រាន់តែថា សមិទ្ធិផល និងសន្តិភាពដែលយើងបានមកដល់បច្ចុប្បន្ននេះ បានឆ្លងកាត់អ្វីខ្លះ ហើយយើងត្រូវនាំគ្នាថែរក្សាសន្តិភាព និងសមិទ្ធផលទាំងឡាយនេះ ឲ្យបានដាច់ខាត គឺជាកត្តាដ៏រឹងមាំសម្រាប់ការអភិវឌ្ឍ ប្រទេសជាតិរបស់យើង។ បើអញ្ចឹង សាកលវិទ្យាល័យការពារជាតិយើង ត្រូវតែយកចិត្តទុកដាក់ ប្រឹងប្រែងរៀនសូត្រ ចាប់ពីយោធាចារ្យ រហូតទៅដល់នាយទាហាន»។
សូមជម្រាបថា ក្នុងឱកាសសំណេះសំណាលនេះ លោក ស៉ី ចៅយ៉ុន ប្រធានសមាគមជនជាតិចិនរួមគ្នាអភិវឌ្ឍន៍កម្ពុជា និងលោក ស៉ី ដាន និងលោក លី អ៊ុនឡុង សប្បុរសជនចិន បានឧបត្ថម្ភរថយន្តប្រភេទទេសចរណ៍១គ្រឿង ជូនសាកលវិទ្យាល័យការពារជាតិ ទុកប្រើប្រាស់។ ក្រៅពីនោះ ដើម្បីបង្កើនចំណេះដឹងដល់និស្សិតជានាយទាហានទេសរដ្ឋមន្រ្តី គន់ គីម និងនាយឧត្តមសេនីយ៍ នាង ផាត ក៏បានប្រគល់សារណា ដែលលោកបានបញ្ចប់ការសិក្សានៅប្រទេសវៀតណាម ផ្តល់ជូនសាកលវិទ្យាល័យផងដែរ៕