(បន្ទាយមានជ័យ)៖ ទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងប្រាប់អតីតយុទ្ធជន និងប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យថា ដំណើរបេសកកម្មរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅលើទឹកដីញូវយ៉ក សហរដ្ឋអាមេរិក ទទួលបានជោគជ័យខ្ពស់ ដែលជាមោទនភាពមួយរបស់ជាតិកម្ពុជាទាំងមូល។
លោកទេសរដ្ឋមន្រ្តី គន់ គីម គូសបញ្ជាក់ពីជោគជ័យរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពេលអញ្ជើញជួបសំណេះសំណាល និងចែកប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម ជូនដល់សមាជិកអតីតយុទ្ធជនក្នុងខេត្តបន្ទាយមានជ័យចំនួន ៤,០៦៨នាក់ នៅថ្ងៃអាទិត្យ ទី៣០ ខែកញ្ញា ឆ្នាំ២០១៨ម្សិលមិញនេះ។
ក្នុងឱកាសនោះលោក គន់ គីម បានលើកឡើងពីការយកចិត្តទុកដាក់លើសុខទុក្ខរបស់អតីតយុទ្ធជនពីសំណាក់សម្តេចតេជោ ហ៊ុន សែន ដែលមានតួនាទីជាប្រធានសមាគមអតីតយុទ្ធជននោះ។ លោក គន់ គីម បានអះអាងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បើទោះបីជាមមាញឹកជាមួយការងារយ៉ាងណាក្តីតែបេះដូងបានផ្សារភ្ជាប់ជាមួយនឹងសុខទុក្ខរបស់អតីតយុទ្ធជនជានិច្ច ដោយបានចាត់រូបលោកឲ្យចុះសុខទុក្ខជាប់ប្រចាំជាមួយបងប្អូនអតីតយុទ្ធជន ជាពិសេសចុះចែកបណ្ណបេឡាជាតិរបបសន្តិសុខសង្គម ដើម្បីឲ្យអតីតយុទ្ធទទួលបានសេវាព្យាបាលដោយមិនអស់ប្រាក់។
ក្នុងជំនួបនោះលោក គន់ គីម ក៏បានឆ្លៀតបញ្ជាក់ពីបេសកកម្មបម្រើជាតិរបស់សម្តេចតេជោ ហ៊ុន សែន នៅលើទឹកដីអាមេរិកផងដែរ។ លោក គន់ គីម បានថ្លែងថា ក្នុងនាមប្រទេសជាសមាជិកអង្គការសហប្រជាជាតិ សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាមេដឹកនាំរបស់កម្ពុជា បានលើងថ្លែងសេចក្តីថ្លែងការណ៍បង្ហាញពីវឌ្ឍនភាពរបស់កម្ពុជា ដែលវិវឌ្ឍន៍ចេញពីប្រទេសញាំញីដោយភ្លើងសង្គ្រាម ដោយភាពខ្ទេចខ្ទាំពីអតីតកាលមកជាប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍនាពេលបច្ចុប្បន្ន។
ក្នុងសេចក្តីថ្លែងការណ៍នោះ សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ពីដំណើរការដោយភាពល្អប្រសើរនៃការបោះឆ្នោតនៅកម្ពុជា ដែលមានប្រជាពលរដ្ឋយ៉ាងច្រើនលើសលុបចេញទៅបោះឆ្នោត។ ក្រៅពីលើកបញ្ហារបស់ជាតិ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកបញ្ហាប្រឈមរបស់អន្តរជាតិផងដែរ។
លោក គន់ គីម បានលើកឡើងថា តាមរយៈសេចក្តីថ្លែងការណ៍របស់សម្តេចតេជោ គឺបានបង្ហាញយ៉ាងច្បាស់ពីតថភាពពិតរបស់កម្ពុជានាពេលបច្ចុប្បន្ន ដែលផ្ទុយស្រឡះពីការបំភ្លៃព័ត៌មានអកុសលមួយចំនួនរបស់ក្រុមអតីតបក្សប្រឆាំង។
លោក គន់ គីម ក៏បានលើកបង្ហាញពីការគាំទ្រយ៉ាងច្រើនលើសលុបរបស់ប្រជាពលរដ្ឋខ្មែរនៅអាមេរិក ដែលបង្ហាញឲ្យពីការគោរពស្រឡាញ់របស់ពួកគេចំពោះសម្តេចតេជោ ហ៊ុន សែន មេដឹកនាំជាតិកម្ពុជា។ ជាពិសេសតាមរយៈកិច្ចសំណេះសំណាលទាំងយប់ បានធ្វើឲ្យខ្មែរនៅអាមេរិក បានជ្រូតជ្រាបកាន់តែច្បាស់ថែមទៀត ពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដើម្បីភាពរីកចម្រើនរបស់ជាតិ និងធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពកាន់តែប្រសើរ។
លោក គន់ គីម បានលើកឡើងថា ដំណើរបេសកកម្មរបស់សម្តេចតេជោ នៅលើទឹកដីអាមេរិកនាពេលនេះ បានទទួលជោគជ័យខ្ពស់ដោយបាននាំមកនូវកិត្តិយសសម្រាប់ជាតិ ជាពិសេសបានបង្ហាញអន្តរជាតិឲ្យឃើញពីការពិតរបស់កម្ពុជានាពេលបច្ចុប្បន្ន ជាប្រទេសមានការអភិវឌ្ឍ និងសុខសន្តិភាព មិនមែនដូចការមូលបង្កាច់របស់ក្រុមអតីតបក្សប្រឆាំងនោះឡើយ៕