(ពោធិ៍សាត់)៖ សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជាចំនួន២៨៨នាក់ ដឹកនាំដោយលោកបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក តំណាងលោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក និងលោក យឹម ឆៃលីន ប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក បានចុះមកពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋដោយឥគិតថ្លៃ ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំ២ ដែលនៅដាច់ស្រយ៉ាលជាងគេ នៃស្រុកក្រគរ គឺឃុំឈើតុំ និងឃុំស្វាយស។
ពិធីនេះប្រារព្វធ្វើនៅវិទ្យាល័យឈើតុំ ស្ថិតនៅក្នុងភូមិបណក់ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពលោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រីអនុប្រធានទី១ អាជ្ញាធរកម្ពុជាគ្រប់គ្រង សកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន និងមានការអញ្ជើញចូលរួមផងដែរពីលោក ខូយ រីដា អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ តំណាងលោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់លោក កែវ វិរៈ អគ្គនាយករងអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារចុះជួយឃុំឈើតុំលោក ឆឹង អឹង អគ្គនាយករងអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារ ចុះជួយឃុំស្វាយស ព្រមទាំងលោក លោកស្រី ជាប្រតិភូអមឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រីជាច្រើនរូបផងដែរ។
ក្នុងឱកាសនោះលោកបណ្ឌិតទេសរដ្ឋមន្ត្រី បានពាំនាំនូវការផ្ដាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងថ្លែអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបងប្អូនប្រជាពលរដ្ឋនៅឃុំឈើតុំ ឃុំស្វាយស ក៏ដូចជា ស្រុកក្រគរទាំងមូលដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ធ្វើឲ្យស្រុកក្រគរជាប់លេខមួយទូទាំងប្រទេសផងដែរ។
ជាមួយគ្នានេះដែរ លោកក៏បានថ្លែងអំណរគុណដល់លោក ហ៊ុន ម៉ានី ប្រធាន ស.ស..យ.ក និងលោកស្រី យឹម ឆៃលីន ប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ដែលបានផ្តួចផ្តើមគំនិត ក្នុងការរៀបចំឲ្យមានសម្ព័ន្ធគ្រូពេទ្យនេះឡើង ដែលជាការចូលរួមចំណែកដ៏សំខាន់ ក្នុងការលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា ជាពិសេសក្នុងការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនដល់បងប្អូនប្រជាពលរដ្ឋយើង ដែលរស់នៅទីជនបទ និងដែលនៅឆ្ងាយពីសេវាសុខាភិបាល។
ឆ្លៀតក្នុងឱកាសនោះលោកបណ្ឌិតទេសរដ្ឋមន្ត្រី ក៏បានចែកជូនដល់កុមារា កុមារី ដែលចូលរួមក្នុងការពិនិត្យ និងព្យាបាលជំងឺនូវអាវម្នាក់មួយថ្នាំ និងច្រាសដុសធ្មេញម្នាក់មួយកំប្លេរ និងនំស្រួយលីលីម្នាក់៤កញ្ចប់ផងដែរ៕