(កណ្ដាល)៖ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ លោក កៅ ថាច អគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារចលនាយុវជន ស្រុកល្វាឯម ខេត្តកណ្ដាល តំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាក្រុមការងារថ្នាក់ជាតិចុះជួយស្រុកល្វាឯម និងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល អមដោយសហការីបានអញ្ជើញចូលរួមសំណេះសំណាលជាមួយ សិស្សានុសិស្សប្រឡងជាប់មធ្យមសិក្សាទុតិយភូមិថ្នាក់ទី១២ សម័យប្រឡងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ និងលោកគ្រូ អ្នកគ្រូ បង្រៀនថ្នាក់ទី១២ ក្នុងស្រុកល្វាឯម ខេត្តកណ្ដាល។
លោក ភីម ភីរ៉ា អភិបាលស្រុកល្វាឯម និងជាប្រធានគណៈអចិន្ដ្រៃយ៍គណបក្សស្រុកល្វាឯម បានលើកឡើងថា យោងតាមលទ្ធផលដែលប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៨នេះ ស្រុកល្វាឯម មានអ្នកប្រឡងជាប់ចំនួន ៣១៨នាក់ និងលោកគ្រូ អ្នកគ្រូ បង្រៀនថ្នាក់ទី១២ មានចំនួន៤៥នាក់ ដែលចំនួននេះ គឺស្រុកល្វាឯមមានភាគរយប្រឡងជាប់ច្រើនជាងគេ ក្នុងខេត្តកណ្តាល។
លោក កៅ ថាច បានសម្ដែងនូវក្ដីរីករាយ និងចូលរួមអបអរសាទរចំពោះក្មួយៗ ជាសិស្សានុសិស្ស ដែលទទួលបាននិទ្ទេស B, C, D និង E ឆ្នាំសិក្សា២០១៧-២០១៨ ដែលបានខិតខំរៀនសូត្ររហូតសម្រេចបានលទ្ធផលគួរជាទីមោទនៈ ហើយលទ្ធផលដែលក្មួយៗ ជាសិស្សានុសិស្សទទួលបាននាពេលនេះ មិនមែនគ្រាន់តែជាកិតិ្តយសសម្រាប់ក្មួយៗ និងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្ដែក៏ជាកិតិ្តយសសម្រាប់ប្រជាពលរដ្ឋស្រុកល្វាឯម និងទូទាំងខេត្តកណ្ដាលផងដែរ។
លោក កៅ ថាច បញ្ជាក់ទៀតថា លទ្ធផលដែលក្មួយៗទទួលបាននាពេលនេះ គឺមិនមែនកើតឡើងដោយចៃដន្យនោះឡើយ គឺកើតឡើងដោយការខិតខំតស៊ូព្យាយាមសិក្សារៀនសូត្ររបស់ក្មួយៗតែម្ដង នងជាពិសេសក្រោមការបង្ហាត់បង្រៀង និងការយកចិត្តទុកដាក់ពីលោកគ្រូអ្នកគ្រូផងដែរ។
លោក កៅ ថាច បន្ថែមទៀតថា បច្ចុប្បន្នក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើការកែទម្រង់យ៉ាងស៊ីជម្រៅទៅលើវិស័យអប់រំ លទ្ធផលស្រុកល្វាឯម មានសិស្សានុសិស្សដែលជាប់និទ្ទេស B, C, D, និង E ក្នុងឆ្នាំសិក្សា២០១៧-២០១៨ និងសិស្សថា្នក់ទី១២ថ្មី បានច្រើនគួរជាទីមោទនៈដែលមានភាគរយប្រឡងជាប់ច្រើនជាងគេ ក្នុងខេត្តកណ្តាលទាំងមូល ហើយលទ្ធផលនេះក៏បានបង្ហាញយ៉ាងច្បាស់ថា ប្អូនៗ និងក្មួយៗបានខិតខំយ៉ាងខ្លាំង ដូចពាក្យស្លោកថា អ្នកចេះ គឺជាប់។
លោក កៅ ថាច ក៏បានផ្ដល់អនុសាសន៍មួយចំនួនដល់ក្មួយៗ ដែលទើបប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ដើម្បីឆ្ពោះទៅកាន់ការសិក្សានៅថ្នាក់មហាវិទ្យាល័យ ថាតើយើងគួរជ្រើសរើសសកលវិទ្យាល័យមួយណា ហើយមុខបន្តលើជំនាញអ្វីដែលខ្លួនស្រឡាញ់ និងស្របតាមទេពកោសល្យរបស់ខ្លួនឯង និងត្រូវពិនិត្យមើលលើតម្រូវការទីផ្សារការងារ នាពេលបច្ចុប្បន្ន និងអណាគតផងដែរ។
លោក កៅ ថាច បានផ្តល់អនុសាសន៍ដល់ប្អូនៗ៖
* នៅពេលចូលរៀននៅមហាវិទ្យាល័យ ត្រូវពង្រឹងសមត្ថភាព និងជំនាញ ជាពិសេសត្រូវធ្វើកិច្ចការសាលាឲ្យបានច្បាស់លាស់ និងពូកែលើកិច្ចការស្រាវជ្រាវ ។ ជាពិសេសត្រូវចេះសាកសួរនូវសំនួរផ្សេងៗមកកាន់ខ្លួនឯងផ្ទាល់ និងស្រាវជ្រាវនូវសំនួរទាំងនោះដោយផ្ទាល់។
* ត្រូវពង្រឹងសមត្ថភាពភាសាបរទេសឲ្យបានខ្លាំងដើម្បីងាយស្រួលក្នុងការស្រាវជ្រាវ និងងាយស្រួលរកការងារធ្វើនៅពេលរៀនចប់ និងដើម្បីបន្តការសិក្សានៅបរទេស។
* ចង្អុលបង្ហាញ់ពីបច្ចុប្បន្នភាព និងកំណើនសេដ្ឋកិច្ចកម្ពុជា និងតម្រូវការទីផ្សារនាពេលអណាគត់ដើម្បីជាព័ត៍មានសម្រាប់ប្អូនៗធ្វើការសម្រេចចិត្តថាត្រូវរៀនអ្វី ចង់ធ្វើការអ្វី។
* ការវិវឌ្ឍថ្មីៗនៃបច្ចេកវិទ្យាសកលលោក ហេតុនេះលោកតម្រូវឲ្យប្អូនៗ តាមឲ្យទាន់ការវិវឌ្ឍទាំងនោះ។
* បន្ថែមលើនេះដើម្បីជាទុនដល់ប្អូនៗ លោក កៅ ថាច បានធ្វើការចែករំលែកនូវបទពិសោធន៍ផ្ទាល់ របស់លោកក្នងអំឡុងពេលដែលលោករៀននៅមហាវិទ្យាល័យក្នុងស្រុក និងការបន្តការសិក្សានៅបរទេស ដល់ប្អូនៗផងដែរ។
លោក កៅ ថាច បានពាំនាំថវិការបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ចំនួន ៣៨,៧០០,០០០រៀល សម្រាប់ចែកជូនសិស្សជ័យលាភី ឆ្នាំសិក្សា២០១៧-២០១៨ សម្រាប់សិស្សជាប់និទ្ទេស B ចំនួន៦នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៥០ម៉ឺនរៀល និងនិទ្ទេស C ចំនួន២៥នាក់, D ចំនួន ៨៥នាក់ និង E ចំនួន ២០២នាក់ ក្នុងម្នាក់ៗទទួលបានថវិកា១០ម៉ឺនរៀល។ ចំពោះលោកគ្រូ អ្នកគ្រូ ចំនួន៤៥នាក់ ក្នុងម្នាក់ៗចំនួន១០ម៉ឺនរៀលផងដែរ៕