(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃច័ន្ទ ៧រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អ្នកតំណាងរាស្រ្ត ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រុមគ្រួសារ អមដំណើរដោយថ្នាក់ដឹកនាំ-មន្ត្រីរាជការនិងពុទ្ធបរិស័ទជាច្រើននាក់ បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះពុទ្ធរូប និងនាំយកនូវគ្រឿងឧបភោគ-បរិភោគ ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យមួយចំនួន ចូលរួមពិធីកាន់បិណ្ឌទី៧ នៅវត្តសុវណ្ណគិរីភ្នំជញ្ជាំង ស្ថិតនៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដើម្បីឧទ្ទិសទៅដល់វិញ្ញាណក្ខន្ធជីដូនជីតា និងបុព្វការីជន ដែលបានចែកឋាន ទៅកាន់លោកខាងមុខនិងសុំឲ្យមគ្គផលកើតចេញពីការធ្វើបុណ្យនេះ សូមឲ្យជាតិខ្មែរទាំងមូល បានជួបក្តីសុខក្សេមក្សាន្តជានិច្ចនិរន្ត ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានមានមតិសំណេះសំណាល និងពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិរួមមាន៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានមានប្រសាសន៍ថា «ពលិកម្មគ្រប់បែបយ៉ាងរបស់សម្តេចតេជោ ហ៊ុន សែន គឺដើម្បីសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋយើងរស់នៅក្នុងជីវភាពធូរធារសម្បូរសប្បាយទាំងអស់គ្នា»។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងអំណរគុណដល់មហាគ្រួសារអ្នកបន្ទាយមានជ័យ ដែលបានចូលរួមជាមួយសម្តេចតេជោហ៊ុនសែនថែរក្សាបាននូវសុខសន្តិភាព ព្រោះមានសន្តិភាពទើបប្រទេសជាតិរីកចម្រើនរុងរឿងទៅមុខបាន។
ក្នុងឱកាសអញ្ជើញទៅដាក់បិណ្ឌនេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បាននាំយកចង្ហាន់ និងទេយ្យទានទៅប្រគេនដល់ព្រះសង្ឃរួមមាន៖
*ទី១៖ ប្រគេនដល់ព្រះសង្ឃ ទឹកសុទ្ធ ទឹកក្រូច ទឹកផ្លែឈើ មី ទឹកស៊ីវអ៊ីវ ទឹកត្រី អង្ករនាងខុន ស្ករស តែ បច្ច័យប្រគេនព្រះសង្ឃ១អង្គ២ម៉ឺនរៀល
*ទី២៖ ប្រគេនបច្ច័យកសាងវត្តចំនួន៦លាន៧៦ម៉ឺនរៀល
*ទី៣៖ ប្រជាពលរដ្ឋជាង៣៥០នាក់ ម្នាក់ៗទទួលបានសារ៉ុង១ ថវិកា១ម៉ឺនរៀលផងដែរ៕