(សៀមរាប)៖ នៅរយៈពេល៩ខែ ឆ្នាំ២០១៨នេះ កម្ពុជាទទួលបានចំនួន ៨៥,៥៧៩,៥២៣ដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ កើតឡើង១៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៧។ នេះតាមរបាយការណ៍ផ្លូវការរបស់គ្រឹះស្ថានអង្គរ ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅព្រឹកថ្ងៃទី០១ ខែតុលានេះ។
របាយការណ៍បញ្ជាក់ថា នៅរយៈពេល៩ខែចាប់ពីខែមករា ដល់ កញ្ញា ឆ្នាំ២០១៨ ភ្ញៀវទេសចរបរទេសចំនួន ១៩០១៥៦៩នាក់ បានទិញបណ្ណចូលទស្សនាអង្គរ កើនឡើង៨.៤៧ភាគរយ។
ក្នុងចំនួនចំណូល ដែលទទួលបានជាង៨៥លានដុល្លារនេះ រាជរដ្ឋាភិបាលកម្ពុជា បានដកចំនួន៣,៨០៣,១៣៨ដុល្លារ ឧបត្ថម្ភចូលមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីទ្រទ្រង់ដំណើរការពិនិត្យ និងព្យាបាលកុមារកម្ពុជា។
សូមជម្រាបថា បណ្ណចូលទស្សនាតំបន់អង្គរ ត្រូវបានបែងចែកជា៣ប្រភេទ៖
* ប្រភេទប័ណ្ណចូលទស្សនា១ថ្ងៃ មានតម្លៃ ៣៧ដុល្លារ។
* ប្រភេទប័ណ្ណចូលទស្សនា៣ថ្ងៃ មានតម្លៃ ៦២ដុល្លារ និងមានសុពលភាព១០ថ្ងៃ
* ប្រភេទបណ្ណចូលទស្សនា៧ថ្ងៃ មានតម្លៃ ៧២ដុល្លារ និងមានសុពលភាព០១ខែ៕