(ភ្នំពេញ)៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨នេះ តំណាងលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណើរកីឡាករ-កីឡាការិនីពិការ ចំនួន៤៥នាក់ ទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អាស៊ីប៉ារ៉ាហ្គេមលើកទី៣ នៅប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី០១-១៤ ខែតុលា ឆ្នាំ២០១៨។
ការចេញទៅប្រកួតរបស់កីឡាករ-កីឡាការិនីពិការកម្ពុជា នៅប្រទេសឥណ្ឌូនេស៊ីនេះ លើប្រភេទកីឡា៖ បាល់បោះជិះរទេះជនពិការចំនួន១២រូប, ធែនពីនប៊ូលីងចំនួន០២រូប, បាញ់ធ្នូ ចំនួន០៤រូប, អត្តពលកម្ម ចំនួន០៥រូប និងហែលទឹក ចំនួន០៤រូប។
ក្នុងឱកាសនោះ ដើម្បីជាការលើកទឹកចិត្ត លោក ស សុខា និងក្រុមគ្រួសារ ក៏បានឧបត្ថម្ភថវិកា១០០ដុល្លារ ក្នុងម្នាក់ៗ បន្ថែមពីលើថវិកាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានឧបត្ថម្ភម្នាក់ៗ២០០ដុល្លារ។
លោក ស សុខា ក៏បានកីឡាករ-កីឡាការិនីពិការទាំង៤៥រូប ក៏ដូចជា ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូបង្វិកទាំងអស់ ដែលបានដឹកនាំទៅសូមមានសុខភាពល្អ សុខសុវត្ថិភាពតាមផ្លូវជានិច្ច និងទទួលបានជោគជ័យ នាំមកនូវកិត្តិយសដ៏ត្រចះត្រចង់ ជូនព្រះរាជាណាចក្រកម្ពុជាយើង ជានិច្ចនិរន្តរ៍តរៀងទៅ៕