(កំពង់ឆ្នាំង)៖ អភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន បានថ្លែងប្រាប់អង្គភាព Fresh News ឲ្យដឹងថា នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨នេះ ដល់ពេលវេលាដែលអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ចាប់ផ្ដើមបំលាស់ទីជនជាតិវៀតណាម ចំនួន២,៣៩៧គ្រួសារ ដែលរស់នៅលើផ្ទះបណ្ដែតទឹក នៅតាមដងទន្លេសាបនៅទូទាំងខេត្តកំពង់ឆ្នាំង ឲ្យមកនៅលើគោកវិញ។
បើតាមលោកអភិបាលខេត្តកំពង់ឆ្នាំង យុទ្ធនាការនេះបានអនុវត្ត និងជូនដំណឹងតាំងពីឆ្នាំ២០១៥មកម្ល៉េះ ដែលប្រតិបត្តិការនេះប្រើប្រាស់ពេលជាច្រើនថ្ងៃ ដើម្បីបំលាស់ទីជនជាតិវៀតណាម ដោយធ្វើមិចឲ្យនៅចុងឆ្នាំ២០១៨នេះ មិនអនុញ្ញាតឲ្យជនជាតិវៀតណាម មានការរស់នៅលើផ្ទះបណ្ដែតទឹកទៀតនោះទេ។
លោក ឈួរ ច័ន្ទឌឿន បានបញ្ជាក់ថា ការរុះរើសជនជាតិវៀតណាមជាង២,០០០គ្រួសារ ឲ្យទៅនៅលើគោកនេះ មានកិច្ចសហការជាមួយ សមាគមវៀតណាមនៅកម្ពុជា ព្រោះសមាគមវៀតណាម បានសហការជាមួយដៃគូរឯកជន ដើម្បីផ្ដល់ទីតាំងសម្រាប់តាំងលំនៅរបស់ជនជាតិវៀតណាម ទាំងអស់នោះ។
សម្រាប់មូលហេតុដែលរាជរដ្ឋាភិបាលកម្ពុជាធ្វើកិច្ចការនេះ ត្រូវបានលោកអភិបាលខេត្ត ឲ្យដឹងថា ក្នុងន័យដើម្បីលើកកម្ពស់សោភ័ណ្ឌភាពបរិស្ថាន និងបញ្ហាសុខភាពអនាម័យ ព្រោះថាការរស់នៅលើទឹកនេះធ្វើឲ្យប៉ះពាល់បរិស្ថានយ៉ាងខ្លាំង ពិសេសការប្រកបអាជីវកម្មផ្សេងៗធ្វើឲ្យប៉ះពាល់ដល់ទឹក ហើយយកទឹកនោះមកប្រើវិញ គឺអាចប្រឈមជាមួយបញ្ហាសុខភាព។
អភិបាលខេត្តកំពង់ឆ្នាំង បានលើកឡើងថា កន្លែងដែលជនជាតិវៀតណាមរស់នៅច្រើនជាងគេ គឺនៅផ្សារក្រោម សង្កាត់កំពង់ឆ្នាំង និងនៅតំបន់ឆ្នុកទ្រូ ស្ថិតក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ ហើយក្រៅពីនោះនៅស្រុកកំពង់ត្រឡាច និងតំបន់ផ្សេងៗទៀត។
លោកបានបន្ថែមថា កន្លងទៅនៅពេលអាជ្ញាធរចេញសេចក្ដីជូនដំណឹង និងនៅពេលអនុវត្តការងារនេះ ក៏មានការតវ៉ាពីក្រុមជនជាតិវៀតណាមដូចគ្នាផងដែរ ប៉ុន្ដែអាជ្ញាធរបានប្រើប្រាស់វិធានការរដ្ឋបាលយ៉ាងតឹងរឹងបំផុត ដើម្បីបន្ដអនុវត្តការងារនេះឲ្យមានប្រសិទ្ធភាពខ្ពស់។
យ៉ាងណាមិញ សម្រាប់ការផ្លាស់ទីនេះត្រូវបានអភិបាលខេត្តអះអាងដែរថា ជនជាតិវៀតណាមទាំងអស់នោះ ត្រូវនៅឆ្ងាយពីកន្លែងចាស់ប្រមាន១គីឡូម៉ែត្រ ហើយខ្លះទៀត ត្រូវកំណត់ឲ្យទៅរស់នៅឃុំស្វាយជ្រំ ស្រុករលាប្អៀ ដោយមានទំហំដីរហូតដល់៤០ហិចតា ដែលផ្ដល់ដោយសមាគមវៀតណាម សហការពីដៃគូរឯកជន ដោយជួលឲ្យគាត់គេរស់នៅ៕