(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសកំពុងធ្វើដំណើរតាមយន្តហោះត្រឡប់ ពីសហរដ្ឋអាមេរិកមកកម្ពុជាវិញ នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨នេះ បានសរសេរតាម Facebook ផ្លូវការរបស់សម្តេច ដោយបញ្ជាក់ថា បេសកកម្មរបស់សម្តេច ក្នុងការចូលរួមកិច្ចប្រជុំនៃអង្គការសហប្រជាជាតិ នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក ប្រកបដោយ «ភាពជោគជ័យ»។
ជាមួយគ្នានេះ សម្តេចតេជោ ក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាជពលរដ្ឋខ្មែរ ដែលរស់នៅសហរដ្ឋអាមេរិក និងកាណាដាយ៉ាងច្រើនកុះករ ដែលបានចំណាយពេលវេលា និងធនធានស្កាត់មកជួបសំណេះសំណាលជាមួយសម្តេច ដើម្បីទទួលបានព័ត៌មានពីការអភិវឌ្ឍនានា និងសុខទុក្ខរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងប្រទេស។
សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook យ៉ាងដូច្នេះថា «កម្ពុជាមាតុភូមិខ្ញុំ ទោះឃ្លាតឆ្ងាយក្នុងរយៈពេលយូរ ឬឆាប់យ៉ាងណាក៏អារម្មណ៍ នៃការវិលត្រឡប់មកជាន់ទឹកដីកម្ពុជា មាតុភូមិនៅតែពោរពេញដោយក្តីទន្ទឹង។
ក្នុងដំណើរតាមយន្តហោះជាង១៧ម៉ោងនេះ ខ្ញុំសូមឆ្លៀតឱកាសរៀបរាប់ជូនជនរួមជាតិ ពីដំណើរបេសកកម្មរបស់ខ្ញុំ ដោយពាក្យសង្ខេបមួយថា «ជោគជ័យ!»។
ខ្ញុំសូមអរគុណ ដល់ជនរួមជាតិទាំងអស់ដែលតែងតែគាំទ្រ នឹងតាមដានរាល់សកម្មភាពរបស់ខ្ញុំ នៅអង្គការសហប្រជាជាតិលើកនេះ តាមរយៈFacebook Page របស់ខ្ញុំក្តី ឬតាមរយៈបណ្ដាញសារព័ត៌មានទាំងឡាយក្តី។ ការគាំទ្ររបស់បងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសបានផ្តល់ជាកម្លាំងចិត្តយ៉ាងខ្លាំងដល់រូបខ្ញុំ ជំនួសការនឿយហត់ផ្លូវកាយ ដោយសារការធ្វើដំណើរផ្លូវឆ្ងាយ និងការប្តូរម៉ោងយប់ជាថ្ងៃ។
ខ្ញុំក៏សូមអរគុណបងប្អូនខ្មែរ រស់នៅសហរដ្ឋអាមេរិក និងកាណាដាដ៏ច្រើនកុះករដែលបានចំណាយពេលវេលា និងធនធានស្កាត់មកពីគ្រប់រដ្ឋជិតឆ្ងាយមកជួបសំណេះសំណាលជាមួយខ្ញុំ ដើម្បីបានទទួលព័ត៌មានពីការអភិវឌ្ឍនានា និងសុខទុក្ខរបស់ប្រជាជនខ្មែរ នៅក្នុងប្រទេសកម្ពុជា។ ខ្ញុំនឹងចងចាំនូវសំណើច ស្នាមញញឹម នឹងក្តីរឮករបស់បងប្អូនជាប់ជានិច្ច និងសូមសន្យាថា យើងនឹងជួបគ្នាជាថ្មីម្តងទៀត»។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទៅបំពេញបេសកកម្មនៅទីក្រុងញ៉ូវយ៉ករយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ ៣០ ខែកញ្ញា ឆ្នាំ២០១៨ ដើម្បីចូលរួមកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ និងជួបសំណេះសំណាលជាមួយបងប្អូនខ្មែររស់នៅអាមេរិក និងកាណាដាផងដែរ។ តាមការគ្រោងទុកសម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូមត្រឡប់មកដល់មាតុភូមិកម្ពុជាវិញ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨នេះ៕