(ភ្នំពេញ)៖ ខណៈពេលដែលកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ មមាញឹកក្នុងការយកចិត្តទុកដាក់រក្សាសណ្តាប់ធ្នាប់ ការពារសន្តិសុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ នៅតាមទីវត្តអារាម និងតាមរមណីយដ្ឋានកំសាន្តផ្សេងៗ នាឱកាសកាន់បិណ្ឌដែលជាប្រពៃណីជាតិខ្មែរ។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨នេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកទឹកដោះគោបឺត ចំនួន២,០០០កេស ដែលជាអំណោយរបស់សប្បុរសជន មកចែកជូនដល់កម្លាំងអាវុធហត្ថភ្នំពេញទាំងអស់ ក្នុងម្នាក់ទទួលបានម្នាក់០១កេសស្មើៗគ្នា។
មុនពេលចែកទឹកដោះគោបឺតទាំង២,០០០កេស លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានឆ្លៀតឱកាសប្រជុំណែនាំបន្ថែម ដល់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញទាំងមូល ឲ្យបង្កើនការយកចិត្តដាក់បំពេញការងារ ប្រកបដោយការទទួលខុសត្រូវកាន់តែខ្ពស់ ចាប់ពីពេលកាន់បិណ្ឌ រហូតដល់ចប់ពិធីបុណ្យភ្ជុំបិណ្ឌ ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋបានចូលរួម ប្រារព្ធពិធីបុណ្យសាសនាមួយនេះ ប្រកបដោយភាពរលូន និងសប្បាយរីករាយ ហើយជាពិសេសកម្លាំងអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ត្រូវដាក់ចិត្តដាក់កាយលះបង់ពេលវេលាផ្ទាល់ខ្លួន និងគ្រួសារ ចូលរួមបម្រើការពារពលរដ្ឋ ដោយស្ម័គ្រស្មោះក្នុងអំឡុងពេលនេះ ដោយមិនអនុញ្ញាតច្បាប់ឲ្យឈប់សម្រាកជាដាច់ខាត។
ឆ្លើយតបទៅនឹងអនុសាសន៍ណែនាំរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង, កម្លាំងអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ បានសម្តែងទឹកចិត្តប្តូរផ្តាច់ ក្នុងការចូលរួមសហការ ជាមួយអជ្ញាធរមូលដ្ឋាន និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀត ក្នុងការបម្រើប្រជាពលរដ្ឋ ការពារ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនពួកគាត់ ដោយក្តីរីករាយបំផុត៕