(កំពង់ចាម)៖ លោក គួច ចំរើន ប្រធានគណបក្សប្រជាជនខេត្តកំពង់ចាម បានថ្លែងថា មន្ត្រីដែលកំពុងតាំងខ្លួនជាអ្នកគ្រប់គ្រងប្រជាពលរដ្ឋ ត្រូវផ្លាស់ប្តូរឥរិយាបទ មកជាអ្នកបម្រើសេវាជូនប្រជាពលរដ្ឋវិញ។ ការថ្លែងបែបនេះ ក្នុងពីធីទទួលសមាជិក សមាជិកាថ្មីចំនួន៥៤នាក់ ដែលស្ម័គ្រចិត្តសុំមកចូលរួមជីវភាព នយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅមន្ទីរគណបក្សប្រជាជនខេត្តកំពង់ចាម។
ក្រៅពីថ្លែងស្វាគមនយ៉ាងកក់ក្តៅ នូវការចូលរួមជាសមាជិក សមាជិកាថ្មីទាំង៥៤នាក់នោះ លោក គួច ចំរើន បានបញ្ជាក់ថា ក្នុងនាមជាមន្ត្រីរាជការ មកដល់ម៉ោងនេះ ត្រូវរៀបចំខ្លួនអោយក្លាយទៅជាអ្នកបម្រើសេវាជូនប្រជាពលរដ្ឋ មិនត្រូវតាំងខ្លួនជាអ្នកគ្រប់គ្រងប្រជាពលរដ្ឋនោះទេ។ ការលើកឡើងដូច្នេះ បន្ទាប់ពីលោកបានដឹងថា មានមន្ត្រីខិលខូចមួយចំនួនតូចខាងជំនាញផ្ទេរកម្មសិទ្ធិដីធ្លី បានប្រើល្បិចកលក្នុងហេតុផលនេះ ហេតុផលនោះ ដើម្បីទារលុយពីប្រជាពលរដ្ឋដែលត្រូវធ្វើឯកសារផ្ទេរកម្មសិទ្ធិដីធ្លី ដែលប្រការនេះ មិនគួរអោយកើតមានទៀតទេ មកដល់ពេលបច្ចុប្បន្ននេះ។
បើតាមលោក គួច ចំរើន ចំពោះករណីដែលកើតមានដូចខាងលើ លោកកំពុងរៀបចំវិធានការយ៉ាងតឹងរឹង ដើម្បីទប់ស្កាត់ នូវសកម្មភាពនៃមន្ត្រីខិលខូចទាំងនោះ កុំឲ្យធ្វើសកម្មភាពបានទៀត ហើយបើសិនជាមានមន្ត្រីណាហ៊ានប្រព្រឹត្តល្មើស និងត្រូវចាត់ការទៅតាមផ្លូវច្បាប់។
លោកបានឲ្យដឹងផងដែរថា ដាច់ឆ្នាំ២០១៨នេះ ខេត្តកំពង់ចាម មានការិយាល័យច្រកចេញចូលតែមួយ ចំនួន៣កន្លែង ដោយ១នៅក្រុងកំពង់ចាម, ២នៅស្រុកជើងព្រៃ, ៣នៅស្រុកកំពង់សៀម។ ដោយឡែកនៅឆ្នាំ២០១៩ លោកនឹងបង្កើតការិយាល័យច្រកចេញចូលតែមួយចំនួន ៣កន្លែងទៀត គឺនៅស្រុកបាធាយ ស្រុកព្រៃឈរ និងស្រុកចំការលើ រហូតដល់ឆ្នាំ២០២០ ការិយាល័យច្រកចេញចូលតែមួយ និងមាននៅគ្រប់ក្រុងស្រុកទាំង១០ ក្នុងខេត្តកំពង់ចាម។
លោក គួច ចំរើន បានថ្លែងទៀតថា ការបង្កើតការិយាល័យច្រកចេញចូលតែមួយគ្រប់ក្រុងស្រុកនេះ គឺដើម្បីជំរុញការបម្រើសេវាសាធាណៈជូនប្រជាពលរដ្ឋឲ្យបានទូលំទូលាយ ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ នៅពេលដែលពួកគាត់ត្រូវការធ្វើឯកសារ ផ្សេងៗគឺមានការិយាល័យច្រកចេញចូលតែមួយនៅរងចាំបម្រើពួកគាត់ បានឆាប់រហ័ស និងនៅជិតតំបន់ដែលពួកគាត់រស់នៅនោះតែម្តង៕