(សៀមរាប)៖ ក្រុមហ៊ុន CamOasis បានបើកសម្ភោធផ្លូវការហាងកាហ្វេ អាម៉ាហ្សូន ដឹ ហេរីថេក វ៉ក សាខាទី៤របស់ខ្លួន ក្នុងក្រុងសៀមរាប នាថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០១៨ ក្រោមការចូលរួមពីលោក ទៀ សីហា អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប និងលោក ឆាត់ឆាយ សេងអរុណ អគ្គនាយករងផ្នែកទីផ្សារលក់តំណាងក្រុមហ៊ុន PTT Cambodia ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូប។
សូមជម្រាបថា បច្ចុប្បន្នកាហ្វេ Amazon កំពុងតែវាយលុកទីផ្សារកម្ពុជាយ៉ាងខ្លាំង បន្ទាប់ពីមានការគាំទ្រពីសំណាក់អតិថិជនយ៉ាងហូរហែរ លើសពីនេះកាហ្វេ Amazon បានពង្រីកសាខារបស់ខ្លួននៅពេញខេត្ត-ក្រុងក្នុងប្រទេសកម្ពុជា។
លោក ឆាត់ឆាយ សេងអរុណ ថ្លែងឲ្យដឹងថា Amazon the heritage walk សាខាខេត្តសៀមរាបនេះជាសាខាទី១០៧ ក្នុងប្រទេសកម្ពុជា។ លោកបានថ្លែងអំគុណ ដល់ក្រុមហ៊ុន CamOasis ដែលបានចូលរួមជាសហប្រត្តិបត្តិការធ្វើឲ្យកាហ្វេ Amazon កាន់តែមានប្រជាប្រិយភាព និងទទួលការគាំទ្រ ពីសំណាក់អតិថិជនយ៉ាងច្រើនដូច្នេះ។
លោកឲ្យដឹងទៀតថា ចំណុចពិសេសរបស់កាហ្វេ Amazon គឺសំដៅលើរសជាតិដ៏ឆ្ងាញ់ ដែលទទួលទានមិនប៉ះពាល់ដល់សុខភាព និងអាចតម្រូវ តាមការកម៉្មង់របស់អតិថិជន។ លោកថា ក្រុមហ៊ុន PTT បានលក់ Franchise Amazon មកកម្ពុជាតាំងពីឆ្នាំ២០១៣មកម្លេះ ហើយការឈានជើងចូលទីផ្សារកម្ពុជានេះ Amazon ក៏ទទួលបានការគាំទ្រពីអតិថិជនកម្ពុជាយ៉ាងច្រើន កត្តាទាំងនេះដែលធ្វើឲ្យ Amazon ដំណើរការយ៉ាងជោគជ័យរហូតមកដល់ពេលនេះ។
ដើម្បីអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ និងអបអរការបើកសម្ពោធសាខាថ្មី Amazon the heritage walk ក្នុងខេត្តសៀមរាបនេះ ក្រុមហ៊ុនបានធ្វើការប្រម៉ូលសិនពិសេស ដល់អតិថិជនទាំងអស់ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៨។
Amazon the heritage walk សាខាថ្មីនេះបានផ្ដល់ជូនកន្លែងពិសេសៗជាច្រើន សម្រាប់អតិថិជនដូចជា៖ ទីធ្លាធំទូលាយ, ផ្ដល់ភាពងាយស្រួលក្នុងចតយានជំនិះផ្សេងៗ និងងាយស្រួលក្នុងការមកទទួលទានកាហ្វេ, ការបំពេញកិច្ចការងារផ្សេងៗ ការលំហែរអារម្មណ៍ ជាមួយកន្លែងដែលមានខ្យល់អាកាសល្អ ព្រមជាមួយកាហ្វេដ៏មានរស់ជាតិឈ្ងុយឆ្ងាញ់, ភេសជ្ជៈនានា និងសេវាកម្មល្អ និងមានភាពរួសរាយរាក់ទាក់ថែមទៀត៕