(ភ្នំពេញ)៖ ក្រុមហ៊ុន Empire World Group (អេមផាយអឺវឺលគ្រុប) ដែលជាក្រុមហ៊ុនអភិវឌ្ឍលើផ្ទៃដីទំហំប្រមាណ ៨០៣ហិកតា នៅលើកទឹកដីក្រុងបាវិត ខេត្ដស្វាយរៀង បានចុះហត្ថលេខាលើកិច្ចសហការជាមួយក្រុមហ៊ុនប៉ាវអីងគ្រុប និង CFMA (City Facility Management) កាលពីចុងសប្ដាហ៍នេះ ដើម្បីពង្រីកសក្ដានុពលទីក្រុងរណបបាវិតបន្ថែមទៀត។
ក្នុងពិធីចុះហត្ថលេខានេះ ក្រុមហ៊ុនទាំង៣ បានរួមគ្នាបង្កើតគម្រោងមួយក្នុងចំណោមគម្រោងជាច្រើនទៀតលើទីដីបាវិត ដែលជំហានដំបូងលើផ្ទៃដីទំហំ ៥០ហិកតា គឺមានឈ្មោះថា OBC ជាគម្រោងបែបអាជីវកម្មអនឡាញ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ទូលំទូលាយ មានរួមបញ្ចូលគ្នានូវឧស្សាហកម្មល្បែងអនឡាញផងដែរ។
ការចុះហត្ថលេខានេះ ក៏មានការអញ្ជើញចូលរួមពីលោក រស់ ភិរុណ អគ្គនាយករងនៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុ, លោក សៀង សេង ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម និងលោក ជា វុទ្ធី អនុលេខាធិការរងនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
លោក អេរិច លូ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន អេមផាយអឺវឺល បានថ្លែងក្នុងសន្និសីទនោះថា ការសហជាមួយក្រុមហ៊ុនចំនួន២ មកពីប្រទេសចិននេះ ដើម្បីបង្កើតបច្ចេកវិទ្យាថ្មីទំនើបមានលក្ខណៈស្ដង់ដារអន្តរជាតិ ដែលរដ្ឋាភិបាលកម្ពុជា ក៏បានប្រកាសគាំទ្រជាផ្លូវការ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាពឋ លើផ្នែកបច្ចេកវិទ្យា ដល់បណ្ដាក្រុមហ៊ុនវិនិយោគនានា ដូចជាក្រុមហ៊ុនកាស៊ីណូ និងល្បែងភ្នាល់តាមអ៉ីនធឺណេតជាដើម។
លោកបន្ដថា «យើងបានសហការជាមួយក្រុមហ៊ុន ប៉ាវអីងគ្រុប និង CFMA ពីព្រោះក្រុមហ៊ុននេះ ជាក្រុមហ៊ុនមួយដែលឈានមុខគេ នៅក្នុងទីផ្សារផ្នែកតុបតែងស្ថាបត្យកម្មចិន និងជាសញ្ញាសម្គាល់ល្បីល្បាញនៅក្នុងប្រទេសចិន ពិសេសជាមួយនឹងបទពិសោធន៍ផ្នែកបច្ចេកទេស និងគ្រប់គ្រងអចលនទ្រព្យ ជាង ២៥ឆ្នាំមកហើយ និងបានគ្របដណ្តប់លើប្រទេសចំនួន២០ នៅជុំវិញពិភពលោកទៀតផង»។
ទន្ទឹមនឹងនោះ លោក រស់ ភិរុណ អគ្គនាយករង ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ បានបញ្ជាក់ថា គម្រោងពហុចម្រុះរបស់ក្រុមហ៊ុន អេមផាយអឺវឺល មិនត្រឹមតែជួយជំរុញសេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេ គឺបានជួយបង្កើនការប្រមូលពន្ធជូនរដ្ឋថែមទៀត។
លោកបន្ដថា ក្រុមហ៊ុនសហគ្រាសជាច្រើនរបស់ចិន បានមកវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេស ដែលមានវារីអគ្គិសនី, ហេដ្ឋារចនាសម្ព័ន្ធ, ធនាគារ, ក្រុមហ៊ុនអចលទ្រព្យ និងវិស័យជាច្រើនទៀត ដោយសារតែសេដ្ឋកិច្ចកម្ពុជា មានអត្រាកំណើន ៧% ក្នុង ១ឆ្នាំៗ និងមានកត្តាភូមិសាស្ត្រសេដ្ឋកិច្ច ដ៏គួរឲ្យចាប់អារម្មណ៍។
សូមជម្រាបថា ក្រៅពីគម្រោងខាងលើកនេះ ក្រុមហ៊ុន Empire World Group ក៏មាននូវ កាស៊ីណូ, សណ្ឋាគារ, រមណីយដ្ឋាន, មជ្ឈមណ្ឌលផ្សារទំនើប និងគម្រោងជាច្រើនទៀត ដែលនឹងអាចទាក់ទាញភ្ញៀវទេសចរអន្ដរជាតិ មកកម្សាន្តកាន់ច្រើនបន្ថែមទៀត ពិសេសអាចបង្កើនសេដ្ឋកិច្ចក្នុងតំបន់កាន់តែប្រសើរផងដែរ ៕