(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ក្រោមការបញ្ជាផ្ទាល់ពីឧត្តមសេនីយីឯក ស ថេត ស្នងការនគរបាលរជធានីភ្នំពេញ បានបើកប្រតិបត្តិការ ស្រាវជ្រាវទីតាំងមេទទួលផលទិញម៉ូតូចោរកម្ម បន្ទប់ជួលមួយកន្លែង ដោយធ្វើការឡោមព័ទឆែកឆេរ រកឃើញម៉ូតូខុសច្បាប់៥គ្រឿង និងឃាត់ខ្លួននារីម្នាក់ជាសង្សាររបស់ជនសង្ស័យ ដែលជាម្ចាស់ទីតាំង ខណៈម្ចាស់ទីតាំងកំពុងរត់គេចខ្លួន។
លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ នេះថា ប្រតិបត្តិការខាងលើធ្វើឡើងនៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅក្នងបន្ទប់ជួល២កន្លែង ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
លោកបានបន្តថា នៅវេលាម៉ោងប្រហែល១១៖០០ថ្ងៃទី២៩ ខែកញ្ញា ជនសង្ស័យបានធ្វើសកម្មភាពកាច់សោករម៉ូតូមួយគ្រឿងម៉ាក C125 សេរ៊ីឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ 1DG 5386 ចេញមកពីសង្កាត់ភ្លើងឆេះរទេះ យកមកទុកក្នុងបន្ទប់ជួល ទីតាំងកើតហេតុក្នុងសង្កាត់ចោមចៅទី១ ទើបកម្លាំងប៉ុស្តិ៍ភ្លើងឆេះរទេះ សហកាជាមួយកម្លាំងប៉ុស្តិ៍ចោមចៅ១ ធ្វើការឡោមព័ទ្ទ និងឆែកឆេរ។ សមត្ថកិច្ចបានឃាត់ខ្លួនស្រ្តីម្នាក់ និងរកឃើញម៉ូតូខុសច្បាប់ចំនួន៥គ្រឿង ដែលជនសង្ស័យកាច់សោរ លួចពីប្រជាពលរដ្ឋមកលក់ និងលាក់ទុកកែច្នៃ ព្រមទាំងឃើញមានស្លាកលេខចំនួន៩ កាតគ្រីចំនួន៦ សម្ភារៈគ្រឿងបន្លាស់ សម្រាប់ផ្លាស់ប្តូរមួយចំនួន និងឧបករណ៍ដាប់លេខផងដែរ។
បច្ចុប្បន្នជនសង្ស័យ ព្រមទាំងសម្ភារៈ ត្រូវបានបញ្ជូនទៅរក្សារទុក នៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្ត។
ជាមួយគ្នានេះដែរលោក យឹម សារ៉ាន់ បានអំពាវនាវបងប្អូនប្រជាពលរដ្ឋ ដែលបានបាត់ និងជាម្ចាស់ម៉ូតូ សូមមកធ្វើការផ្ទៀងផ្ទាត់ និងពិនិត្យនៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីយកម៉ូតូរបស់ខ្លួនដែលបានបាត់ ត្រលប់ទៅផ្ទះវិញ៕