(កណ្ដាល)៖ យ៉ាងហោចណាស់មនុស្ស៣នាក់ ​បានស្លាប់ភ្លាមៗយ៉ាងអណោចអធ័ម និងម្នាក់ទៀតរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដ បុកម៉ូតូ នៅវេលាម៉ោងជិត ៥ល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨នេះ តាមបណ្ដោយផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៣៤ ស្ថិតក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ស្នងការនគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានប្រាប់ Fresh News​ ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្ដដឹកដី ម៉ាក Hyundai ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3D-2412 បុកជាមួយម៉ូតូ​។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យជនរងគ្រោះ៣នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះផងដែរ។

បច្ចុប្បន្នកម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង កំពុងធ្វើការវាស់វែង ដើម្បីយករថយន្ដ និងម៉ូតូទៅរក្សាទុក ដោះស្រាយតាមនីតិវិធី៕