(មណ្ឌលគិរី)៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ បានដឹកនាំក្រុមគណៈកម្មាធិការខេត្ត រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធគ្រប់អង្គភាព ចុះត្រួតពិនិត្យ និងស្រាវជ្រាវរកកំហុសក្រុមហ៊ុនមួយចំនួន នៅតាមតំបន់ព្រំដែន ដែលវិនិយោគដីព្រៃសម្បទានសេដ្ឋកិច្ច ស្ថិតនៅក្នុងស្រុកកោះញ៉ែក។
ការដឹកនាំមន្ត្រី ដើម្បីទប់ស្កាត់ការនាំចេញឈើខុសច្បាប់តាមព្រំដែននេះ ធ្វើឡើងបន្ទាប់ពីបណ្តាញសង្គមមួយចំនួន បានផ្សព្វផ្សាយថា អភិបាលខេត្តមណ្ឌលគិរី បានបើកដៃឲ្យឈ្មួញ ដែលកំពុងវិនិយោគដីព្រៃសម្បទានសេដ្ឋកិច្ច ស្ថិតនៅក្នុងស្រុកកោះញ៉ែក ដឹកឈើទៅលក់នៅប្រទេសវៀតណាមជាបន្តបន្ទាប់ និងអនុញ្ញាតឲ្យក្រុមហ៊ុនទាំងនោះ ដឹកឈើពីតំបន់មិនស្ថិតក្រោមការវិនិយោគ យកមកប្រថាប់ត្រាជាឈើស្របច្បាប់។
លោក ស្វាយ សំអ៊ាង បានប្រាប់អ្នកសារព័ត៌មាន ឲ្យដឹងទៀតថា មិនមានការដឹកឈើពីខេត្តមណ្ឌលគិរី ទៅលក់នៅប្រទេសវៀតណាម នោះទេ។ លោកបន្តថា លោកក៏បានដាក់បទបញ្ជាលើក្រុមហ៊ុនដែលមានវត្តមាន នៅក្នុងដីព្រៃសម្បទានសេដ្ឋកិច្ច ហាមដាច់ខាតមិនអនុញ្ញាឲ្យធ្វើការដឹកជញ្ជូន ពីខាងក្រៅទៅប្រថាប់ត្រា ទៅជាឈើមានច្បាប់តាមល្បិចកលនោះដែរ។ លោកថា បើស្រាវជ្រាវរកឃើញ លោកនឹងបញ្ឈប់ក្រុមហ៊ុន មិនឲ្យធ្វើការវិនិយោគបន្តឡើយ។
ក្នុងនោះផងដែរ ទាំងគណៈកម្មាធិការ ក៏ដូចជាមន្ត្រីជំនាញ ចុះត្រួតពិនិត្យរកកំហុសរបស់ក្រុមហ៊ុន ជាលទ្ធផលមិនមានកំហុស អ្វីសោះនោះទេ។ ក្រុមការងារទាំងមូល បានស្នើឲ្យមានការជួយសហការគ្នាឲ្យបានល្អ ការផ្សព្វផ្សាយព័ត៌មាន ត្រូវមានសុក្រឹត្យភាព ចៀសវាងបំផ្លើសព័ត៌មាន ដែលធ្វើឲ្យជឿនិងទុកចិត្តមិនបាន។
បើតាមភាគីក្រុមហ៊ុន បានឲ្យដឹងថា ពួកគេកំពុងឈូសឆាយ ទៅតាមការកំណត់របស់រាជរដ្ឋាភិបាល តាមស.ជ.ណ និងតាមដំណាក់កាលនៃការប្រមូលផល អនុផលព្រៃឈើ ស្ថិតនៅលើទីតាំងរបស់ខ្លួន ដែលបានវិនិយោគនិងអភិវឌ្ឍន៍។
តំណាងក្រុមហ៊ុន ក៏បានបញ្ជាក់ថា ឈើដែលទទួលបានពីផល អនុផលព្រៃឈើ នៅទីតាំងរបស់ខ្លួន ដែលកំពុងវិនិយោគ គឺតម្រូវការបម្រើក្នុងស្រុក និងមិនមានការដឹកជញ្ជូនទៅ លក់នៅប្រទេសវៀតណាមឡើយ៕