(កណ្ដាល)៖ នៅថ្ងៃអាទិត្យ ៦រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨នេះ លោកស្រី ឃួន សុដារី អនុប្រធានទី២ រដ្ឋសភា, មន្ដ្រីរាជការក្រោមឱវាទ និងពុទ្ធបរិស័ទជាច្រើននាក់ទៀត បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះពុទ្ធរូប និងនាំយកនូវគ្រឿងឧបភោគ-បរិភោគ ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យមួយចំនួន ចូលរួមពិធីកាន់បិណ្ឌទី៦ នៅវត្តរតណារាម ហៅ (វត្តកំពង់ភ្នំក្នុង) ស្ថិតនៅក្នុងឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។
ក្នុងឱកាសអញ្ជើញទៅដាក់បិណ្ឌនេះ លោកស្រី ឃួន សុដារី បាននាំយកចង្ហាន់ និងទេយ្យទានមួយចំនួនទៀត ទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសទៅដល់ វិញ្ញាណក្ខន្ធជីដូនជីតា និងបុព្វការីជន ដែលបានចែកឋាន ទៅតាមប្រពៃណីសាសនាខ្មែរ។ បន្ទាប់ពីប្រគេនចង្ហាន់ហើយនោះ លោកស្រីក៏បានសុំឲ្យមគ្គផលកើតចេញពី ការធ្វើបុណ្យនេះ សូមឲ្យជាតិខ្មែរទាំងមូល បានជួប ក្តីសុខក្សេមក្សាន្តជានិច្ចនិរន្ត ។
សូមជម្រាបថា ជារៀងរាល់ឆ្នាំ លោកស្រី ឃួន សុដារី បានដឹកនាំថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មកប្រារព្ធពិធីប្រពៃណីជាតិនេះ ជារៀងរាល់ឆ្នាំនៅតាមវត្តអារាមនានាយ៉ាងខ្ជាប់ខ្ជួន ដើម្បីរួមចំណែកថែរក្សាប្រពៃណីជាតិខ្មែរ បែបព្រះពុទ្ធសាសនា ។
បុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យមួយដ៏ធំៗ ក្នុងចំណោមពិធីបុណ្យផ្សេងៗនៅកម្ពុជា ដែលប្រជាជនខ្មែរនាំគ្នាប្រារព្ធឡើង មិនដែលអាក់ខានឡើយរៀងរាល់ឆ្នាំ ចាប់ពីថ្ងៃ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី១៥រោច ដែលមានរយៈពេល១៥ថៃ្ង ដោយហៅថាបុណ្យកាន់បិណ្ឌ១, បិណ្ឌ២... និងថៃ្ងបញ្ចប់ គឺជាថៃ្ង «ភ្ជុំបិណ្ឌ»។ បុណ្យភ្ជុំបិណ្ឌ ត្រូវបានធ្វើឡើងតាមបែបព្រះពុទ្ធសាសនា។សម្រាប់បុណ្យភ្ជុំបិណ្ឌនៅឆ្នាំនេះ គឺចាប់ផ្ដើមដាក់បិណ្ឌចាប់ថ្ងៃទី២៥ ខែកញ្ញា រហូតដល់ថ្ងៃទី០៩ ខែតុលា និងថ្ងៃភ្ជុំបិណ្ឌនៅថ្ងៃទី១០ តុលា ឆ្នាំ២០១៨ ៕