(រតនគិរី)៖ មន្ទីរ និងស្ថាប័នជាច្រើននៅក្នុងខេត្តរតនគិរី មិនបានបង់លុយថ្លៃប្រមូលសំរាមតម្លៃប្រមាណ ៤ម៉ឺនរៀលក្នុងមួយខែជូនទៅក្រុមហ៊ុនប្រមូលសំរាមនោះឡើយ។
យោងតាមលិខិតសុំកិច្ចអន្តរាគមន៍របស់ក្រុមហ៊ុនប្រមូលសំរាមពីអភិបាលក្រុងបានលុង ខេត្តរតនគិរី ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបង្ហាញថា មន្ទីរ និងស្ថាប័នទាំងអស់នោះ មិនបានបង់ថ្លៃប្រមូលសំរាមនេះជាច្រើនឆ្នាំមកហើយ។ មកដល់ពេលបច្ចុប្បន្នមន្ទីរ និងស្ថាប័នទាំងនោះជំពាក់លុយថ្លៃសំរាមរាប់លានរៀល។
ក្នុងលិខិតសុំអន្តរាគមន៍នោះ ក្រុមហ៊ុនប្រមូលសំរាមបានស្នើឲ្យអភិបាលក្រុងបានលុងជួយជំរុញ និងមានវិធានការដោះស្រាយឲ្យបានឆាប់ ដើម្បីឲ្យបណ្តាមន្ទីរ ស្ថាប័ន ក្នុងក្រុងបានលុង ខេត្តរតនគិរី បង់ថ្លៃប្រាក់ជំពាក់សេវាដឹកជញ្ជូនសំរាមចេញពីក្រុងបានលុង ឲ្យបានគ្រប់ចំនួនទៅតាមសៀវភៅបន្ទុកចៀសវាងការកកស្ទះសំរាម ធ្វើឲ្យបាត់បង់សោភណភាពទីក្រុងបានលុង និងប៉ះពាល់សណ្តាប់ធ្នាប់បរិស្ថាន ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
យោងតាមប្រភពព័ត៌មានបានបញ្ជាក់ថា ថវិកាសម្រាប់បង់ថ្លៃសំរាមនេះ ត្រូវបានក្រសួងសេដ្ឋកិច្ចទម្លាក់ជារៀងរាល់ឆ្នាំ តែបែរជាមន្ទីរ និងស្ថាប័នទាំងនោះមិនបង់ថ្លៃសំរាម និងចូលរួមអនុវត្តន៍កាតព្វកិច្ចអនាម័យទៅវិញ៕