(រតនគិរី)៖ ទាំងអាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ខេត្ត បានរងការរិះគន់ថា អសមត្ថភាពក្នុងការដោះស្រាយជម្លោះដ៏រ៉ាំរ៉ៃរវាងក្រុមហ៊ុនដឹកសំរាមរបស់លោក ជា គួង និងថៅកែវិនិយោគផ្សារបានលុង ឧកញ៉ា សា លាង បណ្តោយឲ្យការប្រមូល និងការទុកដាក់សំរាមនៅមុខផ្សារបានលុងជួបបញ្ហារហូតដល់ពេលបច្ចុប្បន្ន។
ជម្លោះរវាងក្រុមហ៊ុនទទួលបានសិទ្ធិប្រមូលសំរាមនៅក្នុងខេត្តរតនគិរី របស់លោក ជា គួង និងលោកឧកញ៉ា សា លាង បានកើតមានជាច្រើនឆ្នាំមកហើយ ហើយក៏បានប្តឹងទៅកាន់តុលាការ ព្រមទាំងអាជ្ញាធរទាំងថ្នាក់ជាតិ និងថ្នាក់ខេត្តជាញឹកញាប់ផងដែរ តែនៅតែមិនអាចរកដំណោះស្រាយចេញនោះឡើយ។
និយាយពីតុលាការវិញ កាលពីខែមេសា ឆ្នាំ២០១៨កន្លងទៅនេះ ធ្លាប់បានសម្រេចឲ្យឧកញ៉ា សា លាង សងថ្លៃជំពាក់ការប្រមូលសំរាម និងសងជំងឺចិត្តដល់ក្រុមហ៊ុនប្រមូលសំរាមរហូតដល់ទៅប្រមាណ ៤ម៉ឺនដុល្លារ ព្រមទាំងមិនឲ្យប្រមូលលុយថ្លៃសំរាមនៅក្រៅបរិវេណផ្សារថែមទៀតផង។ តែក្រោយពេលសម្រេចនេះមិនបានប៉ុន្មានថ្ងៃ គេក៏ឃើញមួយផ្សេងទៀត ចេញដោយចៅក្រម សាន ប៊ុនធឿន ចេញមកលុបចោលការសម្រេចនោះទៅវិញ ជាហេតុនាំឲ្យមានការងឿងឆ្ងល់ជាខ្លាំង ហេតុអ្វីសាលាដំបូងខេត្តរតនគិរីតែមួយ រយៈពេលតែប៉ុន្មានថ្ងៃសោះធ្វើការសម្រេចខុសគ្នាបែបនេះ។
ជម្លោះនោះ ក៏ធ្លាប់បានប្តឹងដល់អាជ្ញាធរនៅថ្នាក់ជាតិ និងថ្នាក់ខេត្តជាច្រើនដងមកហើយ តែមិនមានដំណោះស្រាយណាមួយឲ្យសមស្របនោះឡើយ។ បច្ចុប្បន្នតុលាការខេត្តរតនគិរី បានអនុញ្ញាតឲ្យក្រុមហ៊ុនវិនិយោគផ្សារបានលុង ប្រមូល និងដឹកសំរាមទៅចាក់ដោយខ្លួនឯង ដែលជាការរំលោភទៅលើសិទ្ធិរបស់ក្រុមហ៊ុន ដែលទទួលបានសិទ្ធិវិនិយោគលើការប្រមូលសំរាមនេះ។
មិនតែប៉ុណ្ណោះក្រុមហ៊ុនវិនិយោគផ្សារបានលុងនេះ មិនមានកន្លែងចាកសំរាមនោះទេ បែរជាយកសំរាមទៅចាក់លើដីក្រុមហ៊ុនប្រមូលសំរាមរបស់លោក ជា គួង ទៅវិញ។ បញ្ហាវិវាទនេះ កំពុងបង្កជាបញ្ហាអសកម្មក្នុងការប្រមូលសំរាមនៅក្នុងក្រុងបានលុង ដែលជាការប៉ះពាល់ខ្លាំងដល់បញ្ហាសោភណភាព និងអនាម័យនៅក្នុងក្រុងនៃខេត្តតំបន់ទេសចរណ៍ធម្មជាតិភាគឦសានមួយនេះ។
បញ្ហានេះ បានធ្វើឲ្យពលរដ្ឋក្នុងខេត្តរតនគិរីបន្ទោសអាជ្ញាធរទាំងថ្នាក់ជាតិ និងថ្នាក់ខេត្តថា អសមត្ថភាពក្នុងការគ្រប់គ្រងអ្នកវិនិយោគនៅក្នុងខេត្តទើបឲ្យពួកគេធ្វើអ្វីទៅតាមចិត្ត តាមអំណាចលុយកាក់របស់ពួកគេ។ ក្រុមប្រជាពលរដ្ឋ ក៏បានស្នើឲ្យអាជ្ញាធរទាំងថ្នាក់ជាតិ និងថ្នាក់ខេត្ត ចាត់ក្រុមការងារសិក្សាលើបញ្ហានេះឲ្យបានហ្មត់ចត់ ដើម្បីដោះស្រាយបញ្ហាសំរាមបរិវេណផ្សារបានលុង៕