(ញូវយ៉ក, អាមេរិក)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចមិនមែនមិនស្ដាប់សំឡេងបក្សប្រឆាំងនោះទេ ប៉ុន្ដែឲ្យសមហេតុសមផល ដែលអាចទទួលយកបានចំពោះកំហុសឆ្គងមួយចំនួន ព្រោះមានមន្ដ្រីខ្លះខិលខូចបំពានអំណាចផងដែរ។
សម្ដេចតេជោ ហ៊ុន សែន អះអាងថា ប្រសិនបើការលើកឡើងរបស់សំឡេងប្រឆាំងនោះត្រឹមត្រូវ និងមានហេតុផលច្បាស់លាស់ រាជរដ្ឋាភិបាលនឹងធ្វើការកែតម្រូវភ្លាម ហើយពេលខ្លះក៏ឈានដល់ការដាក់ទោសទណ្ឌដល់មន្ដ្រីមួយចំនួនដូចគ្នាដែរ។
ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនខ្មែរនៅអាមេរិកប្រមាណ២ពាន់នាក់ នៅយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ម៉ោងនៅទីក្រុងញូវយ៉ក សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ពេលខ្លះគេជេរត្រូវ ហើយបើគេជេរត្រូវយើងយកមកកែ ខ្ញុំមិនមែនមិនស្ដាប់សំឡេងប្រឆាំងនោះទេ ឲ្យតែវាសមហេតុសមផល មន្ដ្រីរបស់យើងខ្លះក៏វាខិលខូចដែរបំពានអំណាច បំពានសិទ្ធិដែរ ដូច្នេះហើយបានមានទណ្ឌកម្មចំពោះមន្ដ្រី កាត់ទោសមន្ដ្រី ចាប់ទម្លាក់ស័ក្ដិ ចាប់យកទៅកាន់ទោសដាក់គុក»។
ក្រៅពីសំឡេងប្រឆាំងហើយនោះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានគូសបញ្ជាក់ថា សម្ដេចស្ដាប់គ្រប់សំឡេងទាំងអស់ ប៉ុន្ដែសំឡេងនោះត្រូវតែយល់គ្នា មិនមែនចេះតែចោទដោយគ្មានមូលដ្ឋាននោះទេ។
ទោះជាយ៉ាង សម្ដេចតេជោ ហ៊ុន សែន សុំការយោគយល់ពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ នូវចំណុចខុសឆ្គងរបស់មន្ដ្រីរាជរដ្ឋាភិបាល ដោយសម្ដេចលើកជាឧទាហរណ៍ថា ក្នុងក្រុមគ្រួសារមួយមានកូនត្រឹម៤-៥នាក់ ពេលខ្លះនៅមានជម្លោះក្នុងក្រុមគ្រួសារ ចុះទម្រាំសម្ដេចត្រូវគ្រប់គ្រងប្រជាជនប្រមាណ១៦លាននាក់ ម្ល៉េះតែងតែមានកំហុសឆ្គង ប៉ុន្ដែកំហុសនោះវាតិចតួចបំផុត បើធៀបនឹងគុណសម្បត្តិ៕