(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថា បើនិយាយពីវត្ដមានសម្ដេចតេជោ ហ៊ុន សែន ដែលពិភពលោកគេស្គាល់ថា «ជាមេដឹកនំាយកប្រទេសឲ្យចេញពីសង្រ្គាម និងបានពំានំាសន្ដិភាពកម្ពុជា» ទៅចូលរួមក្នុងកិច្ចប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិជារៀងរាល់ឆ្នាំ ពិសេសកិច្ចប្រជុំលើកទី៧៣ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨នៅបុរីញូយ៉ក សហរដ្ឋអាមេរិកនេះ ហើយដែលប្រជាពលរដ្ឋខ្មែរក្នុង និងក្រៅប្រទេសកំពុងមានមោទនភាពនិងសាទរនេះ គឺពិតជាបានលើកតម្លៃដល់មុខមាត់អង្គការសហប្រជាជាតិជាទីបំផុត។ បានសេចក្ដីថា«ចំពោះគោលបំណងជាចម្បងរបស់អង្គការសហប្រជាជាតិ គឺការរួមគ្នាដើម្បីសន្ដិភាពនៅតាមប្រទេសនីមួយៗ ក៏ដូចជានៅក្នុងពិភពលោក»។
ជាក់ស្ដែង បើយើងនិយាយអំពីសាវតារខ្មែរយើងក្រោយពីចប់សង្រ្គាមលោកលើកទី២ និងបន្ទាប់ពីការបង្កើតអង្គការសហប្រជាជាតិឆ្នាំ១៩៤៥មក មុននឹងប្រទេសយើងបានទទួល សន្ដិភាព ដូចសព្វថ្ងៃនេះ គឺប្រទេសយើងបានជួបប្រទះនូវវាសនាអាក្រក់ក្នុងការបែកបាក់ជាតិ និងសង្រ្គាមរុំារ៉ៃយ៉ាងខ្លោចផ្សាជាទីបំផុតចាប់ពីឆ្នាំ១៩៧០ រហូតដល់មានកិច្ចព្រមព្រៀង ទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដូចយើងទំាងអស់គ្នាបានឆ្លងកាត់និងជួបប្រទះជាភស្ដុតាង។
ស្ថិតត្រង់ចំណុចនេះ លោក រត្ន័ សណ្ដាប់ បន្ដថាបើដូច្នេះបើនិយាយអំពីមុខងារបស់អង្គការសហប្រជាជាតិ ក្នុងការបំពេញបេសកកម្មបញ្ចប់សង្រ្គាមដើម្បីនំាមកនូវ «សន្ដិភាព» នៅតាមបណ្ដាប្រទេសនានាជុំវិញពិភពលោកនេះ គឺអង្គការសហប្រជាជាតិបរាជ័យទំាងអស់ គឺលើកលែងតែកម្ពុជាយើងមួយប៉ុណ្ណោះ។ ដែលកម្មវត្ថុ«សន្ដិភាព»របស់អង្គការសហប្រជាជាតិសម្រេចបាន១០០ភាគរយ។
ចំពោះការសម្រេចបានកម្មវត្ថុ សន្ដិភាព១០០ភាគរយនៅកម្ពុជាយើងនេះ ហើយដែលបរទេសគេមិននឹកស្មានដល់នោះ អ្នកជំនាញអារ្យធម៌ខ្មែរ ក៏បានបញ្ជាក់ដែរថា គឺពុំមែនកើតទ្បើងដោយការបំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិទំាងស្រុងនោះទេ។ មានន័យថាចំពោះ«សន្ដិភាព»នេះ បានកើតទ្បើងពីទស្សនវិជ្ជានយោបាយ«ឈ្នះ-ឈ្នះ»សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ១៩៩៨នេះឯង។
ប៉ុន្ដែបើទោះជាយ៉ាងណាក៏ដោយក៏មានន័យផងដែរថា ចំពោះប្រវត្ដិបំពេញបេសកកម្មស្វែងរក «សន្ដិភាព» របស់អង្គការសហប្រជាជាតិ គឺពុំបានបរាជ័យទំាងស្រុងនោះទេ គឺមានខ្មែរមួយជាគម្រូផងដែរ។បើដូច្នេះចំពោះសន្ដិភាព ដែលខ្មែរយើងកំពុងតែមាននេះ គឺប្រាកដណាស់!ពិតជាបានលើកតម្លៃដល់មុខមាត់អង្គការសហប្រជាជាតិជាទីបំផុត៕