(កណ្ដាល)៖ បុគ្គលិកក្រុមហ៊ុនវេរលុយធំមួយនៅកម្ពុជាគឺ ទ្រូម៉ាន់នីជាង២០០នាក់ បាននាំគ្នាចូលរួមពិធីកាន់បិណ្ឌក្នុងវត្តចំនួន៥ ក្នុងខេត្តកណ្ដាល។ ក្នុងនោះ បានពាំនាំនូវគ្រឿងឧបភោគបរិភោគ, បាយសម្ល, អង្ករ, បច្ច័យ និងសម្ភារផ្សេងៗ ទៅប្រគេនព្រះសង្ឃគង់នៅវត្តពោធិអណ្តែត ដែលជាវត្តក្សត់មួយនៅ ភូមិឡក្បឿង ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល។
លោក អ៊ឹម សារុន ប្រធានផ្នែកធនធានមនុស្សក្រុមហ៊ន ទ្រូម៉ាន់នី បានឲ្យដឹងថា «ការបង្កើតកម្មវិធីធ្វើបុណ្យរួមគ្នានេះ របស់បុគ្គលិកទ្រូម៉ាន់នីនេះគឺ ដើម្បីឧទិសផលបុណ្យជូនដល់ញាតិការ ដែលបានចែកឋាន និងបង្កើតកម្លាំងសាមគ្គីរវាងបុគ្គលិក ក្នុងការធ្វើអំពើល្អរួមគ្នាក៏ដូចជាការ អភិរក្សប្រពៃណីទំនៀមទម្លាប់ របស់ខ្មែរផងដែរ»។
លោកស្រី អ៊ុក រ៉ាវី នាយកហិរញ្ញវត្ថុបានលើកឡើងថា នេះជាឆ្នាំទី៣ហើយដែលក្រុមហ៊ុនទ្រូម៉ាន់នីបង្កើតកម្មវិធីនេះឡើង កាលពីឆ្នាំទៅមួយ បុគ្គលិកបានទៅធ្វើបុណ្យនៅវត្តជ្រោះព្រះកន្លោង ដោយឡែកឆ្នាំនេះយើងបានជ្រើសរើសមកខេត្តកណ្តាលម្តង។
គណៈកម្មាធិការចំណុះជើងវត្ត និងអ្នកកាន់វេន្តបិណ្ឌ ពុទ្ធិបរិស័ទក្នុងភូមិព្រមទាំងព្រះសង្ឃ មានសេចក្តីត្រេកអរជាខ្លាំងចំពោះទឹកចិត្តជ្រះថ្លា របស់បុគ្គលិកក្រមហ៊ុនទ្រូម៉ាន់នី ដែលបានចូលរួមកាន់បិណ្ឌទី៥ នៅវត្តពោធិអណ្តែតនេះ ហើយក៏សំណូមពរឲ្យក្រុមហ៊ុនផ្សេងទៀត ចូលរួមចែករំលែកបុណ្យកុសលរួមគ្នា ដូចក្រុមហ៊ុនទ្រូម៉ាន់នីផងដែរ៕