(សៀមរាប)៖ ថ្នាក់ដឹកនាំកងទ័ព នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ បានជួបសំណេះសំណាល និងប្រគល់ជូនថវិកា និងគ្រឿងបរិភោគ ជូនដល់យោធិនពិការ នៃមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ខេត្តសៀមរាប ចំនួន២៤៥គ្រួសារ នារដូវបុណ្យភ្ជុំបិណ្ឌនេះ។
ពិធីនេះស្ថិតក្នុងអធិបតីភាព នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ តំណាងសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ, លោក ទេព សំអាន, រួមនិងវត្តមានប្រតិភូអមដំណើរ, នាយទាហាន, នាយទាហានរង, ពលទាហាន, យោធិនពិការនិងគ្រួសារ, ព្រមទាំងលោកគ្រូ អ្នកគ្រូ ជាច្រើននាក់ផងដែរ។
តាមរបាយការណ៍ របស់ឧត្តមសេនីយ៍ឯក ពៅ សែន នាយកមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧សៀមរាប បានឲ្យដឹងថា មជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការនេះ បានចាប់ផ្ដើមការពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១០ រហូតដល់បច្ចុប្បន្នមាន២៧០គ្រួសារ ក្នុងនោះយោធិនពិការ សរុបចំនួន២៤៥គ្រួសារ និងមានសមាជិកសរុប ១,២៧០នាក់ ស្ត្រី៦១៤នាក់។ ក្រៅពីនេះ មានគ្រូបង្រៀនស្ម័គចិត្ត ចំនួន២៣គ្រួសារ, ពេទ្យឆ្មបស្ម័គ្រចិត្ត២គ្រួសារ, និងព្រះសង្ឃគង់នៅវត្ត ព្រះខ័នសែនជ័ន ចំនួន៥អង្គ។
លោកបានគូសបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ ឧត្ថម្ភគាំទ្រជាបន្តបន្ទាប់ពី សម្ដេចពិជ័យសេនា ទៀ បាញ់ និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌីត ប៊ុន រ៉ានី ហ៊ុនសែន បានធ្វើឲ្យយោធិនពិការ និងគ្រួសារមានលំនឹងលើផ្នែក ជីវភាពរស់នៅល្អប្រសើរ។ លោកបន្តថា សម្ដេចបានជួយកសាងទាំងហេដ្ឋារចនាសម្ព័ន្ធ ដែលមានផ្លូវថ្នល់, ផ្ទះសម្បែង, វត្តអារ៉ាម, សាលារៀន, មណ្ឌលសុខភាព, អាគារបំពេញការងារជាដើម។
នាយឧត្តមសេនីយ៍ មាស សាវ៉ន បាននាំការសួរសុខទុក្ខពីសំណាក់សម្ដេចពិជ័យសេនា ទៀ បាញ់ និងសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌីត ប៊ុន រ៉ានី ហ៊ុនសែន ដែលយោធិនទាំងអស់ គឺជាអ្នកមានគុណបំណាច់ខ្ពស់ ចំពោះប្រទេសជាតិ មាតុភូមិ។ លោកក៏បានផ្ដាំផ្ញើឲ្យគ្រួសារយោធិន និងថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក លោកគ្រូ អ្នកគ្រូទាំងអស់ សូមថែទាំសុខភាព និងប្រឹងប្រែងប្រកបរបរចិញ្ចិមជីវិត ឲ្យបានលទ្ធផលល្អប្រសើរបន្ថែមទៀត ព្រោះក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រទេសជាតិយើងមានសុខ សន្តិភាព និងស្ថេរភាពនយោបាយ ជាមួយការអភិវឌ្ឍរីកចម្រើនស្ទើរគ្រប់វិស័យផងដែរ៕