Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បង្រ្កាបទីតាំងលក់កន្ទុយលេខ៤កន្លែង នៅខេត្តបាត់ដំបង

30-09-2018 13:47

(បាត់ដំបង)៖ កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង វេលាម៉ោង១៥៖០០នាទី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ បានបង្រ្កាបទីតាំងល្បែងស៉ីសង លក់កន្ទុយលេខ៤កន្លែង នៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង និងបញ្ជូនមកស្នងការខេត្ត​ ដើម្បីចាត់ការតាមច្បាប់។

លោក ឈឿង គឹមសុង នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងជាប្រធានក្រុមអន្តរាគមន៍បង្ការ បង្ក្រាប នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ក្រុមអន្តរាគមន៍បង្ការ បង្ក្រាប បានចុះប្រត្តិបត្តិការបង្ក្រាបករណីល្បែងស៉ីសង លក់កន្ទុយលេខ បានចំនួន៤គោលដៅផ្សេងគ្នា នៅក្នុងស្រុកសំឡូត។

លោកបន្តថា គោលដៅទី១៖ នៅចំណុចផ្សារសុង ស្ថិតក្នុងភូមិ សុង១ ឃុំសុង ស្រុកសំឡូត ឃាត់បានមនុស្សម្នាក់ឈ្មោះ មាស យិន ភេទប្រុស អាយុ៣៣ឆ្នាំ, គោលដៅទី២៖ នៅចំណុចផ្សារតាសាញ ស្ថិតក្នុងភូមិទទឹម ឃុំតាសាញ ស្រុកសំឡូត ឃាត់ខ្លួនបានមនុស្សម្នាក់ ឈ្មោះ ជុំ សាបាន ភេទប្រុស អាយុ៥៥ឆ្នាំ, គោលដៅទី៣៖ នៅចំណុចផ្សារអក្សរតេ ស្ថិតក្នុងភូមិព្រៃនំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ឃាត់ខ្លួនបានមនុស្សម្នាក់ឈ្មោះ គ្រី សុគន្ធ ភេទប្រុស អាយុ៣៩ឆ្នាំ, និងគោលដៅទី៤៖ នៅចំណុចភូមិកំពង់ល្ពៅ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ឃាត់ខ្លួនបានមនុស្សម្នាក់ឈ្មោះ ងឿន រីណា ភេទស្រី អាយុ២៧ឆ្នាំ។

បើតាមលោក ឈឿង គឹមសុង សមត្ថកិច្ចបានរឹបអូសវត្ថុតាង មួយចំនួនរួមមាន៖ ម៉ាស៉ីនគិតលេខចំនួន៥គ្រឿង, ប៊ិចសរសេរចំនួន៧ដើម, ក្រដាស់ដានចំនួន២សន្លឹក, សៀវភៅកត់លេខឆ្នោតចំនួន៧ក្បាល, ទឹកលុបចំនួន៤ដើម, ទូរស័ព្ទដៃម៉ាកសាំស៊ុង ចំនួន២គ្រឿង, ប្រាក់ខ្មែរចំនួន៨៧៣,៥០០រៀល។ បច្ចុប្បន្ននេះ ជនសង្ស័យទាំង៤នាក់ ត្រូវបានក្រុមអន្តរាគមន៍បង្ការ បង្ក្រាប បានប្រគល់ឲ្យទៅការិយាល័យជំនាញ ដើម្បីចាត់ការតាមនីតិវិធីរួចហើយ៕