(បន្ទាយមានជ័យ)៖ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានព្រមានថា គ្រប់បណ្តាហាងលក់ទំនិញទាំងអស់ ត្រូវតែបិទតម្លៃលើមុខទំនិញតម្លៃជាលុយរៀល មិនមែនជាលុយបរទេសនោះទេ បើមិនបិទតម្លៃទំនិញជាភាសាខ្មែរ នឹងត្រូវប្រឈមមុខចំពោះច្បាប់។
លោកលើកឡើងយ៉ាងដូច្នេះ ក្នុងឱកាសដឹកនាំមន្ត្រីកាំកុងត្រូល សហការមួយមន្ត្រីនៃមន្ទីរពាណិជ្ជកម្ម ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ ការប្រើប្រាស់ និងទំនិញខូចគុណភាព កាលពីល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨។
លោក សាន វិជ្ជាសារ៉ាវុធ បានគូសបញ្ជក់ថា មូលហេតុដែលលោកព្រមានយ៉ាងដូច្នេះ ដោយមើលឃើញថា រូបិយបណ្ណខ្មែរមិនសូវបានគេយកមកប្រើប្រាស់ ក្នុងការទូទាត់ទំនិញនោះទេ គឺគេយកតែប្រាក់បរទេសដូចជាប្រាក់បាត និងប្រាក់ដុល្លារមកទូទាតរាល់ការទិញទំនិញផ្សេងៗ។ ការទូទាត់ទំនិញជាប្រាក់បរទេស បណ្តាលមកពីអ្នកលក់បិទ តារាងតម្លៃតែប្រាក់បរទេស។
លោកបន្តថានៅក្នុងប្លុកកាស៉ីណូ មានហាងជាច្រើន គឺមិនព្រមទទួលយកលុយរៀលខ្មែរទេ ចំពោះអ្នកទិញត្រូវតែទូទាត់លុយបាត ឬក៏លុយដុល្លារបើមិនដូចនោះទេអ្នកទិញត្រូវយកលុយរៀល រត់ទៅដូរយកលុយបរទេសសិន។
លោកបញ្ជាក់បន្តថា ដើម្បីលើកកម្ពស់ប្រាក់រៀល ទើបលោកចុះធ្វើការណែនាំឲ្យអ្នកលក់ ត្រូវតែបិទតម្លៃប្រាក់រៀលលើមុខទំនិញ ឬអាចបិទរួមគ្នាក៏បាន។ បើមិនព្រមអនុវត្តន៍តាមការណែនាំនេះ មន្ត្រីកាំកុងត្រូលរបស់លោកនឹងអនុវត្តន៍តាមច្បាប់ ដោយពិន័យជាប្រាក់ពី២លានរៀលទៅ៦លានរៀល។
សូមបញ្ជាក់ថា ចំពោះករណីប្រាក់រៀលនេះ មិនដែលមានអាជ្ញាធរ ឬសមត្ថកិច្ចណាលើកមកអនុវត្តន៍ ឬឈឺឆ្អាលឡើយ នេះជាលើកទី១ហើយ ដែលមានកាំកុងត្រូល មន្ត្រីពាណិជ្ជកម្មខេត្ត លើកមកអនុវត្តន៍ដើម្បីលើកតម្លៃប្រាក់រៀលខ្មែរ៕