(ព្រៃវែង)៖ លោក ស្តើង សុខុម រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារចុះជួយស្រុកកំចាយមារបានថ្លែងប្រាប់ប្រជាពលរដ្ឋនៅស្រុកកំចាយមារថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ នឹងខិតខំលើកកម្ពស់ជីវភាពប្រជាជន តាមរយៈការជំរុញការវិនិយោគសាធារណៈ និងឯកជន ទៅកាន់មូលដ្ឋានជនបទ និង ការបង្ខិតសេវាសាធារណៈឲ្យខិតជិតប្រជាជន និង ទម្លាក់ធនធានកាន់តែច្រើនទៅកាន់មូលដ្ឋាន។
លោកប្រធានក្រុមការងារបានថ្លែងយ៉ាងដូច្នេះនៅក្នុងពិធីអញ្ជើញកាន់បិណ្ឌទី៥ នៅវត្តរតនៈសិលា ហៅវត្តក្របៅថ្មី ស្ថិតនៅឃុំក្របៅ ស្រុកកំជាយមារ ខេត្តព្រៃវែងត្រូវថ្ងៃទី២៩ ខែកញ្ញា។ នៅចំពោះមុខប្រជាពលរដ្ឋជាង ៣០០នាក់ ដែលបានចូលរួមកាន់បិណ្ឌទី៥ នៅ ក្នុងវត្តក្របៅថ្មី លោក ស្តើង សុខុម បានថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលផ្តល់យុត្តិធម៌ ជំនឿ និងការគាំទ្រយ៉ាងរឹងមាំ ចំពោះគណបក្សប្រជាជនកម្ពុជា តាមរយៈលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ។
លោកប្រធានក្រុមការងារ បានប្រាប់ប្រជាពលរដ្ឋអំពីការដាក់ចេញនូវឤទិភាពគោលនយោបាយសំខាន់ៗ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំឥតងាករេរបស់រាជរដ្ឋាភិបាលថ្មី ក្នុងការបន្តអនុវត្តកម្មវិធីកែទម្រង់សំខាន់ៗ ក្នុងគោលដៅបម្រើនូវឧត្តមប្រយោជន៍របស់ជាតិ និងឆ្លើយតបសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាជន។
លោក ស្តើង សុខុម បានគូសបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានផ្តោតជាសំខាន់ទៅលើការយកចិត្តទុកដាក់ទៅលើជីវភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ គោលនយោបាយមួយបង្ហាញពីការយកចិត្តទុកដាក់ចំពោះជីវភាពរបស់ប្រជាពលរដ្ឋនោះ គឺគោលនយោបាយវិមជ្ឈការ និងសហវិមជ្ឈការ ការប្រគល់អំណាចទៅមូលដ្ឋាន គឺក្នុងគោលបំណងជំរុញឲ្យមានការអភិវឌ្ឍនៅមូលដ្ឋាន ។
ក្នុងនោះរាជរដ្ឋាភិបាលបានជំរុញការវិនិយោគសាធារណៈ និងឯកជនទៅកាន់មូលដ្ឋានជនបទ ការបង្ខិតសេវាសាធារណៈឲ្យខិត ជិតប្រជាជន និង ទម្លាក់ធនធានកាន់តែច្រើនទៅកាន់មូលដ្ឋាន។ ចំណុចនេះលោកបានធ្វើការពន្យល់ថា ការជំរុញវិនិយោគសាធារណៈ ទៅកាន់មូលដ្ឋានជនបនតាមរយៈការកសាងផ្លូវជាតិ ផ្លូវលំ ការកសាងបណ្តាញចែកចាយអគ្គិសនី បណ្តាញទឹកស្អាតការកសាងសា លារៀន មន្ទីរពេទ្យ ទាំងអស់នេះគឺក្នុងគោលបំណងទាក់ទាញការវិនិយោគទៅកាន់មូលដ្ឋាន និង ធ្វើឲ្យសេវាដឹកជញ្ជូនមានតម្លៃថោក។ ជាមួយនេះរាជរដ្ឋាភិបាលក៏បានដាក់ចែញនូវផែនការសកម្មភាពរុញការវិនិយោគទៅតាមបណ្តាខេត្ត។ ជាក់ស្តែងរាជរដ្ឋាភិបាលបាន ដាក់ចេញនូវគោលនយោបាយពង្រាយរោងចក្រទៅតាមបណ្តាខេត្តជាច្រើន គោលនយោបាយពង្រាយរោងចក្រ ដើម្បីដោះស្រាការងារ ធ្វើនិងបង្កើតប្រាក់ចំណូលនៅតាមបណ្ដាខេត្តបាននិងកំពុងវិវឌ្ឍទៅបានយ៉ាងល្អប្រសើរ។
ជាមួយគ្នានេះអ្វីដែលជាការយកចិត្តទុកដាក់បំផុតរបស់រាចឬដ្ឋាភិបាលទៀតនោះ គឺការបង្ខិតសេវាឲ្យទៅខិតជិតប្រជាពលរដ្ឋ និង ធ្វើឲ្យកាន់តែល្អនូវសេវា បម្រើប្រជាពលរដ្ឋក្នុងគោលបំណងជួយកាត់បន្ថយការចំណាយរបស់ ពលរដ្ឋ និង ជួយលើកកម្ពស់ជីវភាពរស់នៅ របស់ ប្រជាពលរដ្ឋដូចជាការលុបចោលនូវ ការយកកម្រៃពីសេវាសាធារណៈចាំបាច់មួយចំនួនទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរួមមាន៖ ការលុបប័ណ្ណបើកបរ ទោចក្រយានយន្ត ការលើកលែងពន្ធលើមធ្យោបាយដឹក ជញ្ជូនសម្រាប់ទោចក្រយានយន្ត និងត្រីចក្រយានយន្ត កម្លាំងក្រោម ១៥០សេសេ, ការលុបកម្រៃសេវាសាធារណៈលើលិខិតបញ្ជាក់ កំណើត, លើលិខិតអាពាហ៍ពិពាហ៍និងលើការផ្តល់ អត្ត សញ្ញាណប័ណ្ណ,ការបញ្ចុះថ្លៃថាមពលអគ្គិសនី និងទឹកស្អាត,ការលុបចោល របបពន្ធម៉ៅការ,ការដំឡើងកម្រិតអប្បបរមានៃប្រាក់ បៀវត្សត្រូវជាប់ពន្ធ,ការលើកលែងពន្ធប្រថាប់ត្រាក្នុងរង្វង់សាច់ញាតិ,ការលុបចោលនូវការបង់ភាស៊ីនិងថ្លៃផ្សេងៗទៀតចំពោះការលក់ដូរ របស់ប្រជាពលរដ្ឋតាមកញ្ចែង្រ កញ្ជើ ល្អី,ការអនុញ្ញាតឲ្យឤជីវករ ដែលមានតូប, រាន,ស្តង់ឬកន្លែងលក់ដូរដទៃទៀតទទួលបាននូវសិទ្ធិ កាន់ កាប់ប្រើប្រាស់ និង ឤស្រ័យផល ហើយឤចផ្ទេរសិទ្ធិនេះបានព្រមទាំងការ លុបចោលពន្ធសត្តឃាត និងការគ្រប់គ្រងផ្តាច់មុខនៅ ក្នុង ឤជីវកម្មសត្តឃាតដ្ឋានជាដើម។
ជាមួយការលើកឡើងនេះលោក ស្តើង សុខុម ក៏បានស្នើឲ្យប្រជាពលរដ្ឋយើងមានការកែទម្លាប់ចាស់ហើយទទួលយកនូវទម្លាប់ថ្មី គឺការប្តូរឥរិយាបថ។ ដោយលោកបានបញ្ជាក់ថា បើទោះបីជារាជរដ្ឋាភិបាលបានខិតខំយ៉ាងណាក៏ដោយប្រសិនជាបងប្អូនមិនព្រមប្រឹងប្រែងដោយខ្លួនឯងផងនោះ ក៏មិនអាចទទួលបានផលប្រយោជន៍នោះដែរ ព្រោះថាប្រសិនបើយើងមិនប្រឹងប្រែងទេ អ្វីដែលរាជរដ្ឋាភិបាលបាន ផ្តល់ឲ្យនោះ និងត្រូវធ្លាក់ទៅក្នុងដៃអ្នកដែលបានប្រឹងប្រែង។