(កណ្តាល)៖ មេក្លោងចំនួន២នាក់ ដែលបាននិងកំពុងប្រើរូបភាពដើរទិញទឹកចិត្តប្រជាពលរដ្ឋ ដើម្បីប្រមូលអត្ដសញ្ញាណប័ណ្ណ ចុះកិច្ចសន្យាទិញលក់ដីខ្យល់ នៅស្រុកលើកដែក ខេត្តកណ្តាល កាលពីពេលថ្មីៗនេះ ត្រូវបានអាជ្ញាធរឃាត់ខ្លួន និងហៅទៅធ្វើកិច្ចសន្យាអប់រំ ឲ្យបញ្ឈប់សកម្មភាពទាំងនេះជាបន្ទាន់។
យ៉ាងណាក៏ដោយ សម្រាប់មេក្លោងទាំង២នាក់ ក្រោយអាជ្ញាធរធ្វើកិច្ចសន្យាអប់រំ រួចមក ក៏បានអនុញ្ញាតឲ្យត្រឡប់ទៅវិញ តែបើនៅបន្តធ្វើសកម្មភាពបែបនេះទៀត នោះអាជ្ញាធរនឹងចាត់វិធានការ តាមច្បាប់ជាក់ជាមិនខានឡើយ។ នេះបើយោងតាមសេចក្តីរាយការណ៍ពី សមត្ថកិច្ចមូលដ្ឋាន ដែលបានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨នេះ។
ជាមួយគ្នានេះ ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ក៏បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ខាងអាជ្ញាធរឃុំពិតបានហៅមនុស្ស២នាក់ យកទៅសួរនាំ និងធ្វើកិច្ចសន្យាបែបនេះមែន តែបានអនុញ្ញាតឲ្យត្រឡប់ទៅវិញហើយ។
សូមបញ្ជាក់ថា ក្នុងរយៈពេលថ្មីៗនេះ មានប្រជាពលរដ្ឋជាច្រើននាក់ ដែលរស់នៅឃុំព្រែកដាច់ ឃុំព្រែកទម្លាប់ និងឃុំកំពង់ភ្នំជាដើម ក្នុងស្រុកលើកដែក ខេត្តកណ្ដាល ត្រូវបានក្រុមឈ្មួញដីទៅបោកបញ្ឆោត និងទិញទឹកចិត្តតាមរយៈការផ្ដល់ថវិកា សារ៉ុង និងអង្ករជាដើម ដើម្បីប្រមូលអត្តសញ្ញាណប័ណ្ណរបស់ពួកគាត់ យកទៅធ្វើកិច្ចសន្យាទិញ និងលក់ដី ប៉ុន្ដែធាតុពិតដីទាំងនោះមានម្ចាស់ពិតប្រាកដ ដោយម្ចាស់ខ្លះរស់នៅភ្នំពេញ និងម្ចាស់ផ្សេងទៀតរស់នៅក្នុងមូលដ្ឋានតែម្ដង។
មូលហេតុដែលក្រុមឈ្មួញ បានបង្កើតចលនាអនាធិបតេយ្យបែបនេះ ដោយសារតែពួកគេបានចុះកិច្ចសន្យា ជាមួយក្រុមហ៊ុនចិនក្នុងការរៀបចំទិញដីធ្លី នៅតំបន់ទាំងនោះរួចហើយ ដល់ពេលចុះទៅទិញស្រាប់តែទិញមិនបាន ដោយសារម្ចាស់ដីមិនលក់ទើបឲ្យពួកគេខកពាក់កណ្ដាលផ្លូវ និងត្រូវប្រឈមជាមួយក្រុមហ៊ុនចិនទៀតនោះ បានជាបង្កើតល្បិចថ្មី ទិញទឹកចិត្តពលរដ្ឋ ធ្វើជារនាំងបង្កើតកិច្ចសន្យាលក់ដីខ្យល់តែម្ដង។
កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News អភិបាលខេត្តកណ្ដាល លោក ម៉ៅ ភិរុណ បានអះអាងថា លោកនឹងចាត់ឲ្យមន្ដ្រីចុះស្រាវជ្រាវជាបន្ទាន់ ថា តើពិតជាមានរឿងរ៉ាវបែបនេះកើតឡើង ឬមួយយ៉ាងណា?
លោក ម៉ៅ ភិរុណ ថែមទាំងប្រកាសចាត់វិធានការតាមផ្លូវច្បាប់ មិនលើកលែងឲ្យនោះឡើយ ចំពោះក្រុមឈ្មួញទុចរិតដែលបានធ្វើរឿងមួយនេះ ទៅលើប្រជាពលរដ្ឋតាមមូលដ្ឋាននោះ។ លោក ម៉ៅ ភិរុណ បានបញ្ជាក់ថា «សូមអរគុណបានផ្តល់ព័ត៌មានពីករណីខាងលើនេះ ខ្ញុំស្រាវជ្រាវ នឹងចាត់វិធានការទប់ស្កាត់ និងង្ក្រាបសកម្មភាពខុសច្បាប់នេះ»។
ដោយឡែក អភិបាលស្រុកលើកដែក ខេត្តកណ្ដាលលោក នូវ សំណាង ក៏បានបញ្ជាក់ផងដែរថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ លោកក៏ទទួលព័ត៌មានយ៉ាងដូច្នេះដែរ និងបានចាត់ឲ្យមេឃុំចុះទៅស្រាវជ្រាវ និងប្រមូលព័ត៌មានផងដែរ ប៉ុន្ដែមិនទាន់ទទួលបានលទ្ធផលផ្លូវការនៅឡើយ។
លោកអភិបាលស្រុក ក៏បានប្រាប់ទៅមេឃុំ ឲ្យណែនាំប្រជាពលរដ្ឋទាំងនោះ បើសិនមានករណីនេះកើតឡើង ត្រូវពន្យល់ និងប្រាប់គាត់កុំឲ្យចាញ់បោកពីការទិញទឹកចិត្ត ពីព្រោះបើផ្ដិតមេដៃជូនគេហើយ ត្រូវទទួលខុសត្រូវមានដីលក់ឲ្យគេ។
យោងតាមសេចក្ដីរាយការណ៍ និងព័ត៌មានមួយចំនួន បានបញ្ជាក់ថា រយៈពេលថ្មីៗនេះ មានក្រុមឈ្មួញដីដូចជា ឈ្មោះ ឡុង និងបក្ខពួករបស់ខ្លួន បានចុះទៅប្រមូលទិញដី ពីប្រជាពលរដ្ឋនៅតំបន់ខាងលើ ប៉ុន្ដែទិញមិនបានព្រោះម្ចាស់ដីទាំងនោះ ខ្លះនៅភ្នំពេញ និងខ្លះជាប្រជាជនក្នុងមូលដ្ឋានមិនព្រមលក់ ខណៈដែលខ្លួនបានផុងចុះកិច្ចសន្យាលក់ដីទៅឲ្យចិន ក៏ចាប់ផ្ដើមបែកចេញជារូបភាព ប្រមូលអត្ដសញ្ញាណប័ណ្ណ ពីប្រជាពលរដ្ឋផ្សេងទៀត តាំងជាម្ចាស់ដីខ្យល់តាមរយៈការចែកលុយ២០ដុល្លារ, សារ៉ុងមួយ និងអង្ករមួយបាវ ដើម្បីឲ្យផ្ដិតមេដៃរៀបឯកសារក្លែង ក្នុងគោលបំណងយកប្រជាជនទាំងនេះ ទៅពាំងមុខដើម្បីបំភ័ន្ដភ្នែកលួចបន្លំយកដីដែលមានម្ចាស់កាន់កាប់ស្របច្បាប់រួចហើយនោះ៕