(សៀមរាប)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះ-ឈ្នះ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ បានដឹកនាំក្រុមការងារ បច្ចេកទេស ចុះពិនិត្យ និងពន្លឿនការធ្វើរូបចម្លាក់នៅក្នុងខេត្ដសៀមរាប ដើម្បីរៀបចំយកមកដាក់តាំងបង្ហាញនៅវិមានឈ្នះ-ឈ្នះនាពេលខាងមុខ ឲ្យបានកាន់តែឆាប់រហ័ស។
នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសាងសង់វិមានឈ្នះឈ្នះ បានឲ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨នេះថា ក្នុងពេលចុះពិនិត្យនោះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានណែនាំក្រុមការងារជំនាញត្រូវពន្លឿនការធ្វើរូបចម្លាក់ ដើម្បីយកមកដាក់នៅវិមានឈ្នះឈ្នះ ដែលកំពុងដំណើរការសាងសង់ ជិតឈានដល់ពេលបញ្ចប់ជាស្ថាពរហើយនោះ។
នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ដែលបានអមដំណើរជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា ក្រុមការងារធ្វើរូបចម្លាក់នៅខេត្តសៀមរាប បាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីឲ្យបានរួចរាល់ យកមកដាក់នៅវិមានឈ្នះ-ឈ្នះ ដែលគ្រោងបញ្ចប់ការសាងសង់ និងសម្ពោធជាផ្លូវការនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ដែលជាឆ្នាំទី២០ នៃនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
សូមជម្រាប វិមានឈ្នះ ឈ្នះ ដែលជានិម្មិតរូបនៃសុខសន្តិភាពកម្ពុជា និងជាតឹងតាងលេចចេញពីនយោបាយឈ្នះឈ្នះ បាននិងកំពុងសាងសង់នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ គ្រោងសម្ពោធជាផ្លូវការដ៏ធំ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ចំនឹងថ្ងៃដែលរាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធពិធីខួប២០ឆ្នាំ នៃគោលនយោបាយឈ្នះ-ឈ្នះ (ឆ្នាំ១៩៩៨-ឆ្នាំ២០១៨) ផងដែរ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
វិមានឈ្នះ ឈ្នះនេះ បានចាប់ផ្តើមសាងសង់ឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៦ ដោយទំហំដី៨ហិចតា ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ថវិកាដែលយកមកសាងសង់ គឺជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាល យ៉ាងណាក៏ដោយ គេមិនបានបញ្ជាក់ថា ការចំណាយនូវការសាងសង់អស់ថវិកាប៉ុន្មាននោះឡើយ។
ការសាងសង់វិមានឈ្នះ ឈ្នះ នេះ គឺដើម្បីរំឭកដល់គុណូបការៈ របស់បុព្វបុរសខ្មែរគ្រប់សម័យ កាលដែលបានលះបង់ជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ។ ម្យ៉ាងទៀត វិមាននេះ ក៏ជានិម្មិតរូប នៃសុខសន្តិភាពដែលកម្ពុជា ទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ជាច្រើនទសវត្សរ៍កន្លងមក។ ជាងនេះទៀត វិមាននេះនឹងក្លាយជាកេរមរតក សម្រាប់កូនចៅជំនាន់ក្រោយផងដែរ។ នេះជាការបញ្ជាក់បន្ថែមពីនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ដែលបានប្រឹងប្រែងយ៉ាងមុះមត់ ក្នុងការដឹកនាំក្រុមការងារសាងសង់វិមានជាប្រវត្តិសាស្រ្តមួយនេះ តាមការណែនាំ និងចង្អុលបង្ហាញជាប្រចាំរបស់សម្តេចពិជ័យសេនា ទៀ បាញ់៕