(ញូវយ៉ក, អាមេរិក)៖ នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់ពលរដ្ឋខ្មែរនៅអាមេរិកថា ការដែលសម្ដេចតវ៉ារឿងអាមេរិកបញ្ជូនពលរដ្ឋខ្មែរអាមេរិក ប្រព្រឹត្តទោសមកកម្ពុជាវិញនោះ ព្រោះមិនចង់ឃើញការព្រាត់ប្រាស់របស់ពលរដ្ឋខ្មែរ ជាក្តីឈឺចាប់មួយ ដែលសម្ដេចធ្លាប់ឆ្លងកាត់រួចហើយនូវការព្រាត់ប្រាស់នេះ។
ការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ម៉ោងនៅទីក្រុងញូវយ៉ក ក្នុងពេលសម្ដេចជួបសំណេះសំណាល ជាមួយបងប្អូនខ្មែរនៅអាមេរិក ប្រមាណជា ២ពាន់នាក់ នៅក្នុងសណ្ឋាគារមួយកន្លែង ក្នុងទីក្រុងញូវយ៉ក ក្រោយសម្ដេចបញ្ចប់បេសកកម្មការងារដ៏មមាញឹកហើយនោះ។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នៅពេលប្រជាពលរដ្ឋខ្មែរអាមេរិក បានប្រព្រឹត្តអំពើខុសច្បាប់ហើយត្រូវជាប់ពន្ធនាគារនោះ បងប្អូន និងក្រុមគ្រួសាររបស់ពលរដ្ឋនោះអាចចូលទៅសួរសុខបាន ប៉ុន្ដែនៅពេលអនុវត្តទោសចប់សព្វគ្រប់ ហើយត្រូវបញ្ជូនមកប្រទេសកម្ពុជាវិញនោះ គឺមានតែការព្រាត់ប្រាស់ប៉ុណ្ណោះ។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា «ទាំងខ្ញុំក្ដី ទាំងសមាជិករាជរដ្ឋាភិបាលក្ដី មើលទៅវាពិបាកភ្នែកពេក អាណិតខ្លោចចិត្តពេកចំពោះពលរដ្ឋរបស់យើង ជាប់គុកនៅស្រុកអាមេរិកហើយ អាមេរិកត្រូវបញ្ជូនទៅប្រទេសកម្ពុជា។ ការជាប់គុកនៅអាមេរិកវាជារឿងទោសទណ្ឌមួយទៅហើយ ក៏ប៉ុន្ដែទោសទណ្ឌធ្ងន់លើសពីនេះទៅទៀត គឺការព្រាត់ប្រាស់គ្នា»។
សម្ដេចតេជោ ហ៊ុន សែន បានបន្ដថា «កាលពេលជាប់គុកនៅអាមេរិកបងប្អូនគេអាចទៅសួរសុខទុក្ខបាន ខ្លះប្ដីជាប់គុកប្រពន្ធទៅសួរសុខទុក្ខ ខ្លះកូនជាប់គុកម្ដាយទៅសួរសុខទុក្ខ ឪពុកជាប់គុកកូនទៅសួរសុខទុក្ខ ប៉ុន្ដែនៅពេលដែលចេញពីគុកហើយ អាមេរិកបញ្ជូនទៅស្រុកខ្មែរ ព្រាត់រហូត លើកលែងតែក្រុមគ្រួសារគេអាចធ្វើដំណើរទៅស្រុកខ្មែរ»។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានសង្កត់ធ្ងន់ថា ចំពោះករណីចាប់បញ្ជូនពលរដ្ឋខ្មែរអាមេរិក ដែលជាប់ពន្ធនាគារនេះ ធ្លាប់មានពលរដ្ឋខ្មែរ៥នាក់ បានធ្វើអត្តឃាត ដោយសារតែតូចចិត្តនឹងរាជរដ្ឋាភិបាលអាមេរិក ដែលចាប់បញ្ជូនពួកគាត់ត្រឡប់មកប្រទេសកម្ពុជា ឲ្យព្រាត់ព្រាស់ក្រុមគ្រួសារ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាមេរិក បានចុះកិច្ចព្រមព្រៀងបញ្ជូន និងទទួលយកពលរដ្ឋខ្មែរពីសហរដ្ឋអាមេរិកឲ្យត្រឡប់មកកម្ពុជាវិញ ចាប់តាំងពីឆ្នាំ២០០២។ កិច្ចព្រមព្រៀងនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងបញ្ជូនពលរដ្ឋខ្មែរណា ដែលប្រព្រឹត្តល្មើសឲ្យត្រឡប់មកមាតុភូមិវិញ ក្រោយពេលអនុវត្តទោសរួចរាល់។
ប៉ុន្តែកាលពីចុងឆ្នាំ២០១៧ ការបញ្ជូនពលរដ្ឋខ្មែរពីអាមេរិកត្រូវបានខកខាន ដោយសារតែសហរដ្ឋអាមេរិក មិនព្រមតាមសំណើកម្ពុជា ដែលស្នើឲ្យកែប្រែលក្ខខណ្ឌ មួយចំនួន នៅក្នុងកិច្ចព្រមព្រៀងនេះ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត។
សហរដ្ឋអាមេរិក បានសម្រេចផ្អាកទិដ្ឋាការ ដល់មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេស និងសាច់ញាតិរបស់ពួកគេ ដែលរដ្ឋាភិបាលកម្ពុជាបានចាត់ទុកថា ដោយសារតែការសើរើកិច្ចព្រមព្រៀងនេះ។ ជាមួយគ្នានេះ កម្ពុជាក៏បានសម្រេចផ្អាកកិច្ច សហប្រតិបត្តិការកម្ពុជា-អាមេរិក ក្នុងការរុករកអដ្ឋិធាតុទាហានអាមេរិក ដែលបាត់ខ្លួននៅកម្ពុជា ក្នុងសម័យសង្គ្រាមផងដែរ។
សូមរំលឹកថា កាលពីអំឡុងខែមេសា ឆ្នាំ២០១៨កន្លងទៅនេះ ពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិកចំនួន ៤៣នាក់ ក្នុងនោះស្ដ្រី ៣នាក់ បានបញ្ជូនមកដល់ប្រទេសកម្ពុជា ក្រោយអនុវត្តទោសក្នុងជាប់ពន្ធនាគារចប់សព្វគ្រប់ ក្នុងនោះមានពលរដ្ឋអ្នកខ្លះមានបញ្ហាសុខភាពផងដែរ៕