សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ ព្រឹទ្ធសភា
30-09-2018 12:54
(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសហការីទាំងអស់ នៃកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨នេះ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពឯកឧត្ដម នៃ ប៉េណា អនុប្រធានទី១ ព្រឹទ្ធសភា ដែលបានទទួលមរណភាព។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមសម្ដែងនូវការសោកស្ដាយ និងក្ដុកក្ដួលរំជួលចិត្តឥតឧបមា រកអ្វីប្រៀបផ្ទឹមពុំបានចំពោះមរណភាពរបស់ ឯកឧត្ដម នៃ ប៉េណា ដែលបានទទួលមរណភាពនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១៣៖០០នាទី ក្នុងជន្មាយុ៧៤ឆ្នាំ ដោយរោគាពាធ។
ជាមួយមរណភាពដ៏ក្រៀមក្រំជាទីបំផុតនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព ឯកឧត្ដម នៃ ប៉េណា បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕