(បន្ទាយមានជ័យ)៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រុមគ្រួសារ អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងពុទ្ធបរិស័ទជាច្រើននាក់ បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះពុទ្ធរូប និងនាំយកនូវគ្រឿងឧបភោគ-បរិភោគ ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យមួយចំនួនចូលរួមពិធីកាន់បិណ្ឌទី៦ នៅវត្តសេនាប្រជុំពលភ្នៀត ក្នុងសង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨នេះ។
ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានមានមតិសំណេះសំណាល និងនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិមាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា។
នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសកម្ពុជា ដើរលើផ្លូវត្រូវមានសុខសន្តិភាព និងការអភិវឌ្ឍ លើគ្រប់វិស័យទាំងពុទ្ធចក្រ និងអាណាចក្រជំនឿសាសនា ត្រូវបានបើកទូលាយប្រជាពលរដ្ឋមកពីគ្រប់ទិសទី បានមកជួបជុំគ្នាធ្វើបុណ្យយ៉ាងសប្បាយរីករាយ ហើយពុទ្ធចក្រអាចរីកលូតលាស់បានតែក្នុងប្រទេសមានសុខសន្តិភាពទេ។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងអំណរគុណដល់មហាគ្រួសារអ្នកបន្ទាយមានជ័យ ដែលបានចូលរួមជាមួយសម្តេចតេជោ ហ៊ុន សែន ថែរក្សាបាននូវសុខសន្តិភាពគាំទ្រសម្តេចតេជោ ហ៊ុន សែន ដើម្បីភាពរីកចម្រើនរុងរឿងសម្បូរសប្បាយទាំងអស់គ្នា។
ក្នុងឱកាសអញ្ជើញទៅដាក់បិណ្ឌនេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បាននាំយកចង្ហាន់ និងទេយ្យទានទៅប្រគេនដល់ព្រះសង្ឃ រួមមាន៖ ប្រគេនដល់ព្រះសង្ឃ ទឹកសុទ្ធ ទឹកក្រូច ទឹកផ្លែឈើ មី ទឹកស៊ីអ៊ីវ ទឹកត្រី អង្ករនាងខុន ស្ករស តែ បច្ច័យប្រគេនព្រះសង្ឃមួយអង្គ ២ម៉ឺនរៀល និងប្រគេនបច្ច័យកសាងវត្ត ចំនួន៧លាន៧០ម៉ឺនរៀល និងស៊ីម៉ង់២៦តោន។ នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ក៏បានឧបត្ថម្ភជូនប្រជាពលរដ្ឋជាង៥០0នាក់ ម្នាក់ៗទទួលបានសារ៉ុង១ ថវិកា១ម៉ឺនរៀលផងដែរ៕