(ភ្នំពេញ)៖ ព្រឹទ្ធសភាកម្ពុជា តាមរយៈលោក ទេព ងន ប្រធានស្តីទីព្រឹទ្ធសភា បានសម្តែងការសោកស្តាយយ៉ាងក្រៃលែងចំពោះមរណភាពរបស់លោក នៃ ប៉េណា អនុប្រធានទី១ព្រឹទ្ធសភា។
ក្នុងសាលិខិតចូលរួមរំលែកមរណទុក្ខផ្ញើជូនលោកស្រី មាឃ ឡាញ់ ភរិយាសពលោក នៃ ប៉េណា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨នេះ លោក ទេព ងន បានគូសបញ្ជាក់ថា លោក នៃ ប៉េណា ជាឥស្សរជនជាតិដ៏ឧត្តុងឧត្តមដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា និងស្មារតី ដើម្បីបម្រើជាតិ មាតុភូមិ និងបានចូលរួមក្នុងចលនាតស៊ូរំដោះប្រទេសជាតិ ដើម្បីសន្តិភាព និងការអភិវឌ្ឍ។
ក្នុងលិខិតនេះ បានរំលេចទៀតថា ក្នុងនីតិកាលទី៣ រហូតដល់នីតិកាលទី៤ នៃព្រឹទ្ធសភា លោក នៃ ប៉េណា បានបំពេញបេសកកម្មដ៏ថ្លៃថ្លាក្នុងការបម្រើព្រឹទ្ធសភា ប្រកបដោយស្មារតីស្នេហាជាតិ និងប្រជាជន ដើម្បីរួមចំណែកក្នុងដំណើរការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ និងលើកកម្ពស់កិត្យានុភាពជាតិទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ។
សូមបញ្ជាក់ថា លោក នៃ ប៉េណា អនុប្រធានទី១ព្រឹទ្ធសភា បានទទួលមរណភាពនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ម្សិលមិញនេះក្នុងជន្មាយុ ៧៤ឆ្នាំ ដោយរោគាពាធ៕