(ភ្នំពេញ)៖ រំលូតកូន បើស្តាប់ភ្លាមអាចគិតថាជាអំពើមិនសមរម្យ និងមិនគប្បី ដែលសង្គមជាទូទៅមិនអាចទទួលយកបាន ឬ ជាអំពើខុសច្បាប់ ។ ប៉ុន្តែបើពិនិត្យឲ្យបានត្រឹមត្រូវសកម្មភាពរំលូតកូនមួយ មិនអាចកំណត់ថាជាអំពើត្រឹមត្រូវ ឬ ខុសច្បាប់នោះទេ គឺត្រូវពិចារណាឲ្យល្អិតល្អន់អំពីមូលហេតុពិតប្រាកដអំពីសកម្មភាពនោះ ។
ការរំលូតកូនដោយមូលហេតុមានផ្ទៃពោះដោយចៃដន្យ ដោយមិនមានគម្រោង ឬការមានផ្ទៃព្រោះក្រៅឆន្ទៈ (មានផ្ទៃពោះដោយអំពើរំលោភសេពសន្ថវៈ) នាំឲ្យអាណាព្យាបាល ឬ ស្ដ្រីមានផ្ទៃពោះមួយចំនួនសម្រេចចិត្តធ្វើការរំលូតកូន ។ «តើការរំលូតកូនជាអំពើខុសច្បាប់ដែរ ឬទេ?» ដើម្បីយល់ដឹងឲ្យបានច្បាស់ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន FRESH NEWS សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សម្រាប់សប្តាហ៍នេះ សូមលើកយកប្រធានបទស្តីពី «ការរំលូតកូនជាអំពើខុសច្បាប់ដែរ ឬទេ?» មកធ្វើការបកស្រាយដូចតទៅ៖
ដើម្បីកុំឲ្យមានការភ័ន្តច្រឡំលើពាក្យ «ការរលូត» និង «ការរំលូតកូន» យើងខ្ញុំសូមធ្វើការគូសបញ្ជាក់នូវនិយមន័យនៃ ពាក្យខាងលើដូចតទៅ៖ ការរលូតកូន គឺជាការខ្ជាក់ចេញដោយឯកឯងនូវធាតុបង្កកូន ហើយកូនដែលធ្លាក់នោះមិនអាចរស់បានទេ ទោះបីមានការសង្គ្រោះល្អយ៉ាងណាក៏ដោយ។ រីឯ ការរំលូតកូន គឺជាការធ្វើឲ្យធ្លាក់ធាតុបង្កកូនដោយកោស ឬ កាយ ឬ ដាក់ថ្នាំ ឬ ជាការបញ្ចប់ជីវិតទារកដែលនៅក្នុងផ្ទៃ ខណៈពេលដែលស្ត្រីកំពុងមានផ្ទៃពោះ ។
យោងតាមបញ្ញត្តិមាត្រា៥ មាត្រា៦ និងមាត្រា៨ នៃច្បាប់ស្តីពីការរំលូតកូន នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យស្ត្រីដែលកំពុងមានគភ៌អាចរំលូតកូនដោយត្រឹមត្រូវ មានសុវត្ថិភាព និងស្របតាមច្បាប់បាន លុះត្រាតែគភ៌ (ទារក) នោះមានអាយុក្រោម១២សប្ដាហ៍ និងប្រព្រឹត្ដទៅបានតែនៅមន្ទីរពេទ្យ មណ្ឌលសុខភាព គ្លីនិក មន្ទីរសម្ភពសាធារណៈ ឬឯកជន ដែលបានទទួលការអនុញ្ញាតពីក្រសួងសុខាភិបាល ។ ប៉ុន្តែប្រសិនបើគភ៌ (ទារក) មានអាយុលើសពី១២សប្តាហ៍នោះ ការរំលូតកូនអាចទទួលបានការអនុញ្ញាតបាន លុះត្រាតែក្នុងពេលធ្វើរោគវិនិច្ឆ័យឃើញថា៖
-គភ៌ (ទារក) នោះមានភវនីយភាពមិនលូតលាស់ដូចប្រក្រតី ឬអាចបង្កគ្រោះថ្នាក់ដល់ជីវិតម្តាយ
- កូនដែលនឹងកើតមកអាចមានជម្ងឺធ្ងន់ធ្ងរព្យាបាលពុំជា
- ក្នុងករណីដែលត្រូវគេរំលោភបណ្តាលឲ្យមានគភ៌ ការរំលូតកូនអាចប្រព្រឹត្តទៅបាន ដោយគិតពីលក្ខខណ្ឌដូចមានរៀបរាប់ខាងលើ តែត្រូវមានការស្នើសុំពីសាមីខ្លួនផ្ទាល់ ប្រសិនបើសាមីខ្លួននោះមានអាយុ១៨ឆ្នាំឡើង ។ ប៉ុន្តែក្នុងករណីស្តី្រនោះអាយុក្រោម១៨ឆ្នាំវិញ ត្រូវមានការស្នើសុំដោយទទូចពីឪពុកម្តាយ ឬ អាណាព្យាបាល និងសាមីខ្លួន ។ ជាមួយគ្នានេះ ការសម្រេចនៃបញ្ហានេះ ត្រូវមានការឯកភាពពីក្រុមគ្រួសារចំនួន ២ ឬ ៣រូប រួមទាំងសាមីខ្លួនផង ។
ជាពិសេស វេជ្ជបណ្ឌិត ឬ គ្រូពេទ្យ/ឆ្មបមធ្យម ដែលមានភារកិច្ចធ្វើការរំលូតកូន ត្រូវតែពន្យល់ណែនាំដល់ស្ត្រីដែលមានគភ៌មកសុំធ្វើការរំលូតកូន ពីគ្រោះថ្នាក់ដែលអាចកើតមានឡើងជាយថាហេតុបណ្តាលមកពីការរំលូតកូននេះ និងពីផលប្រយោជន៍នៃកិច្ចពន្យារកំណើតមុននឹងធ្វើការរំលូតកូន ។ ប៉ុន្តែប្រសិនបើសាមីខ្លួននៅតែទទូចសុំធ្វើការរំលូតកូន វេជ្ជបណ្ឌិត ឬ គ្រូពេទ្យ/ឆ្មបមធ្យមអាចធ្វើការរំលូតកូនបាន តែត្រូវស្ថិតក្នុងលក្ខខណ្ឌដូចមានរៀបរាប់ខាងលើ ។
សរុបមក ការរំលូតកូនមិនមែនជាអំពើខុសច្បាប់ និងមានសុវត្ថិភាពផងដែរ ប្រសិនបើយើងគោរពនូវលក្ខខណ្ឌដែលច្បាប់បានកំណត់ និងមានការប្រឹក្សាយោបល់ជាមួយវេជ្ជបណ្ឌិត ឬពេទ្យមធ្យម ឬឆ្មបមធ្យមដែលមានជំនាញច្បាស់លាស់ តាមមន្ទីរពេទ្យ មណ្ឌលសុខភាព គី្លនិក មន្ទីរសម្ភពសាធារណៈ ឬឯកជន ដែលបានទទួលការអនុញ្ញាតពីក្រសួងសុខាភិបាល ។ ផ្ទុយទៅវិញ ក្នុងករណីជនទាំងឡាយណាដែលមិនគោរពនូវលក្ខខណ្ឌ ដូចមានចែងក្នុងច្បាប់ស្តីពីការរំលូតកូន នោះជនដែលបានប្រព្រឹត្តនឹងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា ។
រៀបរៀងដោយ៖ លោកមេធាវី លឹម សុវណ្ណារ៉ុង និងកញ្ញា សាវី លីដា ជំនួយការច្បាប់ និងជាសមាជិកាក្រុមការងាររៀបចំ
និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ ។